ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ពិការ​តែ​មិន​ចុះចាញ់​ព្រហ្ម​លិខិត​! គ្មាន​នរណា​ម្នាក់​អាច​ជំនះ​ឧបសគ្គ​បាន​ក្រៅ​អំពី​ខ្លួន​យើង​នោះ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ វាសនា​មនុស្ស​ពិតជា​មិន​អាច​មើលឃើញ និង​ទាយ​ហេតុការណ៍​អ្វី​ដែល​រៀបនឹង​កើតឡើង​ទុកជា​មុន​មិន​បាន​មែន​។ ហើយ​ហេតុការណ៍​គ្រោះថ្នាក់​នានា ពិតជា​មិន​អាច​ស្មាន​ទុក​មុន​បាន​ទេ​។ តួយ៉ាង​បុរស​ម្នាក់​ដែល​ធ្លាប់តែ​មាន​ដៃ​ទាំង​សងខាង និង​មានកំ​លាំង​ក្នុង​ការ​ធ្វើការ​នានា​បាន​ពើប​ប្រ​ទះ​គ្រោះ​អកុសល​ដែល​បាន​ផ្លាស់​ប្តូរ​វាសនា​គាត់ ឱ្យ​ក្លាយជា​មនុស្ស​ដែល​មិន​មាន​ដៃ​ទាំង​សងខាង សម្រាប់​ប្រើប្រាស់​ដូច​មុន​។…

ខេត្តសៀមរាប ៖ វាសនា​មនុស្ស​ពិតជា​មិន​អាច​មើលឃើញ និង​ទាយ​ហេតុការណ៍​អ្វី​ដែល​រៀបនឹង​កើតឡើង​ទុកជា​មុន​មិន​បាន​មែន​។ ហើយ​ហេតុការណ៍​គ្រោះថ្នាក់​នានា ពិតជា​មិន​អាច​ស្មាន​ទុក​មុន​បាន​ទេ​។ តួយ៉ាង​បុរស​ម្នាក់​ដែល​ធ្លាប់តែ​មាន​ដៃ​ទាំង​សងខាង និង​មានកំ​លាំង​ក្នុង​ការ​ធ្វើការ​នានា​បាន​ពើប​ប្រ​ទះ​គ្រោះ​អកុសល​ដែល​បាន​ផ្លាស់​ប្តូរ​វាសនា​គាត់ ឱ្យ​ក្លាយជា​មនុស្ស​ដែល​មិន​មាន​ដៃ​ទាំង​សងខាង សម្រាប់​ប្រើប្រាស់​ដូច​មុន​។

ប៉ុន្តែ​បើ​ទោះបីជា​លោក​ជួបនឹង​ហេតុការណ៍​ដែល​ត្រូវ​បាត់​បង់ដៃ​ទាំង​សងខាង​ក្តី ក៏​លោក​នៅ​តែ​បន្ត​ការ​រស់រាន​មានជីវិត​នឹង​ខំតស៊ូ ធ្វើការ​ផ្សេង​ឱ្យ​ដូច​ជា​មនុស្ស​ធម្មតា​វិញ​។

វា​ពិតជា​មាន​តិចតួច​ណាស់​ដែល មនុស្ស​ពិការ​ដៃ​ទាំង​សងខាង​អាច​គូ​រ​រូប​បាន​។ លោក ម៉​ន ជា ដែល​បាន​បាត់​បង់ដៃ​ទាំង​សងខាង​មាន​អាយុ ៣០ ឆ្នាំ ប​ច្ចប្ប​ន្ន​លោក​ជា​ជាងគំនូរ នៅ​ក្នុង​អូ​ផេ​ន ស្ទូ​ឌី​អូ កម្ពុជា (Open Studio Cambodia)​នៅ​ក្នុង​ខេត្តសៀមរាប​។

មានស្រុក​កំណើត​ក្នុង​ខេត្តកំពត លោក​ម៉​ន ជា បាន​និយាយ​ថា «​ខ្ញុំ​បាន​ចូល​មក​រៀន​នៅ ក្នុង​អូ​ផេ​ន ស្ទូ​ឌី​អូ កម្ពុជា ក្នុង​ឆ្នាំ ២០១៩ ហើយ​តាំងពី​ខ្ញុំ​បាន​ចូល​មក​ក្នុង​កន្លែង​នេះ បាន​គូររូប​បាន​ច្រើន​ផ្ទាំង​ដែរ ហើយ​លក់​បាន​ខ្លះ​។ ភាគច្រើន​អ្នកទិញ​ជា​ជនបរទេស មិនសូវ​មាន​ជនជាតិ​យើង​ទិញ​ទេ ប្រហែលជា​គេ​គិត​ថា​ថ្លៃ​។ ហើយ​គំនូរ​របស់ខ្ញុំ​មាន​តាម​ទំហំ បើ​តូច​អាច​មាន​តម្លៃ​ចាប់ពី ២០ ដុល្លារ​អា​មេ​រិ​ក ហើយ​ទំហំ​ធំ អាច​មាន​រហូត​ដល់ ៦០០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ផ្ទាំង​»​។

លោក​បាន​បន្ត​ថា ក្នុង​ការ​គូររូប ជួនកាល​ក៏​លោក​បាន​ពឹង​លើ​មិត្ត​ភក្តិ​ ឬ​ប្រពន្ធ​ឱ្យ​ជួយ​ម្តងម្កាល​ដែរដូចជា​ព្រីនជា​ដើម​​ ហើយ​​ការ​គូររូប​ទាំងនេះ ត្រូវការ​ក្តោប​ដៃ​ទាំង​សងខាង​របស់​លោក​ដែល​នៅ​សេសសល់​និង ដើម្បី​កាន់​កាំបិត​សម្រាប់​ចិត​ទៅ​លើ​គំនូរ​។ លោក​បាន​បន្ត​ថា លោក​ក៏​មិន​ទាន់​បាន​អ្វី​ជា​ជោគជ័យ​នៅឡើយ​ទេ ប៉ុន្តែ​លោក​នៅ​តែ​បន្ត​ការ​រៀន​និង​ការ​គូរ​បន្ត​ទៀត​។

ដោយ​មិនមែន​ជា​អ្នក​ពិការ​ពី​កំណើត លោក ម៉​ន ជា បាន​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក ពិការ​ដៃ​ទាំង​សងខាង​ដូចនេះ​ថា «​ក្នុង​ឆ្នាំ​២០១០ ខ្ញុំ​បាន​ទៅ​ធ្វើការ​ក្នុង​ខេត្តកំពត ជា​អ្នកផ្សារ​ដែក ពេល​កំពុង​ផ្សារ ខ្ញុំ​ជួប​គ្រោះ​អកុសល បាន​ឆក់​ដៃ​ខ្ញុំ​ទាំង​ពីរ ខូច​ស្ទើរតែ​ទាំងស្រុង ដូចនេះ​ពេទ្យ​បាន​សម្រេចចិត្ត​កាត់​ដៃ ខ្ញុំ​ទាំង​សងខាង​តែ​ម្តង​»​។

ដំបូង​ៗ​ឡើយ​បន្ទាប់​ពី​ហេតុ​នោះ​បាន​កើតឡើង លោក​មានការ​តូចចិត្ត​យ៉ាង​ខ្លាំង ទាំង​កំលាំងចិត្ត ពិបាក​ក្នុង​ការ​ស្លៀកពាក់​និង​ការ​ហូប​ចុក និង​អ្នក​ភូមិ​ខ្លះ បាន​ឈប់​ហៅ​ឈ្មោះ​លោក ហើយ​បែរជា​មក​ហៅ​លោក​ថា អា​កុ​តដៃ​ទៅ​វិញ និង​ការ​ម៉ាក់​ងាយ​ផ្សេង​ៗ​ទៀត មាន​មិត្ត​ភ័​ក្ត​ខ្លះ​ក៏​គេ​ឈប់​រាប់អាន​លោក​ផង​ដែរ​។ ពេល​ខ្លះ​លោក​គិត​ថា​លោក​ពិតជា​មិន​ចង់​រស់នៅ​ទៀត​ទេ ហើយ​លោក​មាន​បំណង​ចង់​សំលាប់​ខ្លួន​ទៀត​ផង​។

លោក បាន​បន្ត​ថា «​ក្នុង​រយៈពេល ២​ឆ្នាំ​ដំបូង​ក្រោយ​ហេតុការណ៍​នោះ ខ្ញុំ​ខំ​ផឹកស្រា​ដើម្បី​ឱ្យ​ស្លាប់ ខ្ញុំ​អស់សង្ឃឹម ខ្ញុំ​ក្លាយជា​អ្នក​ពិការ ធ្វើ​អ្វី​មិន​បាន​ដូច​មុន​។ ប៉ុន្តែ​គឺ​មាន​ឪពុក​ម្តាយ​ខ្ញុំ មិត្ត​ភ័​ក្ត​ខ្លះ បាន​លើ​ទឹកចិត្ត​ឱ្យ​ខ្ញុំ​ជា​និច្ច​។ ហើយ​ក្នុង​ឆ្នាំ ២០១៣ មាន​ពូ​ម្នាក់​ដែល​នៅ​ជិត​ផ្ទះ​ខ្ញុំ ហៅ​ខ្ញុំ​ទៅ​ជួយ​មើល​សត្វ​ទា​របស់​គាត់​ក្នុង​ខេត្តតាកែវ ដោយ​ឱ្យ​ប្រាក់ខែ​ខ្ញុំ ក្នុង​មួយ​ខែបាន២៨ម៉ឺន​រៀល​ដែរ​។ ហើយ​តាំងពី​នោះ​មក ខ្ញុំ​មាន​អារម្មណ៍​ថា ត្រូវ​តែ​មានការ​តស៊ូ​ឡើង​វិញ​»​។

បន្ទាប់​មក​ក្នុង​ឆ្នាំ ២០១៥ មាន​បុគ្គលិក​របស់​អង្គការ​ម្នាក់​បាន​ហៅ​លោក​ទៅ​រៀន​វគ្គ​បណ្តុះបណ្តាល ក្នុង​អង្គការ​នោះ រយៈពេល ២​ឆ្នាំ (២០១៥-២០១៧) បន្ទាប់​ពី​រៀន​ចប់​លោក​ត្រូវ​បាន​ទទួល​ឱ្យធ្វើ​ក្នុង​អង្គការ​រយៈពេល ១​ឆ្នាំ​ជាង​ទៀត ទើប​លោក​បាន​ឈប់​នៅ​ទីនោះ​ចុងឆ្នាំ ២០១៨ និង​បាន​ចាប់ផ្តើម​ជាមួយ​អូ​ផេ​ន​ស្ទូ​ឌី​អូ​កម្ពុជា ដើមឆ្នាំ​ពី​២០១៩​។

លោក​បាន​បន្ថែម​ថា «​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី ៣ ទេ ព្រោះ​ផ្ទះ​ខ្ញុំ​នៅ​ឆ្ងាយ​ពីសា​លា​ពេក ហើយ​ខ្ញុំ​មិន​ដែល​បាន​ទៅ​ទាន់​ម៉ោង ដូចនេះ​ក៏​សម្រេចចិត្ត​ឈប់​រៀន​តាំងពី​ពេល​នោះ​មក​»​។

សូម​ជម្រាប​ជូន​ថា អូ​ផេ​ន ស្ទូ​ឌី​អូ កម្ពុជា គឺជា​កន្លែង​វិចិត្រសាល រួម​ទាំង​សិល្បករ​ខាង​គំនូរ ក្រៅផ្លូវការ ហើយ​ក៏​មានការ​បង្កើត​នូវ​កម្មវិធី​តាំង​ពិ​ព័​ណ៍​របស់​លោក ម៉​ន ជា (​កម្ពុជា​) និង​ឡុ​ង​ឡា​វី (​កម្ពុជា​) ដែល​អូ​ផេ​ន​ស្ទូ​ឌី​អូ​កម្ពុជា​ត្រូវ​បាន​បង្កើត​ដោយ​ស្ថាបនិក ដែល​ជា​ស្ត្រី​ជនជាតិ​អា​មេ​រិ​កម្នា​ក ឈ្មោះ ឡឺ​រេ​ន (Lauren Iida) ។ គំនូរ​ទាំងអស់​ដែល​បាន​គូរ​ដោយ​សិល្បករ នៅ​ក្នុង​អូ​ផេ​ន ស្ទូ​ឌី​អូ កម្ពុជា មាន​លក់​នៅ​ក្នុង​ខេត្តសៀមរាប និង​កំពុង​មាន​គំរោង​ពង្រីក​កន្លែង​សម្រាប់​លក់ ប៉ុន្តែ​មាន​បញ្ហា​កូ​វី​ដ ១៩ ទើបត្រូវ​បាន​ផ្អាក​សិន ដើម្បី​រង​ចាំ​វេលា​ល្អ​សំរាប់​បើក​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ