ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំកូន និង​ក្មួយ​​ទៅ​រក​ជីក​ក្តាម​ ចុងក្រោយបានត្រឹមនាំសពមកផ្ទះវិញ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​មានករណី​ក្មេងប្រុស​ម្នាក់ និង​ក្មេងស្រីម្នាក់ត្រូវជា​បងប្អូន​ជីដូនមួយនឹងគ្នា បាន​លង់​ទឹកស្រះ​ បណ្តាល​ឱ្យ​បាត់បង់ជីវិតទាំង​២នាក់​​ ខណៈ​​ក្មេង​រងគ្រោះទាំង​​​២នាក់​ទៅ​រក​ជីក​ក្តាមនៅ​វាលស្រែ​ក្រោយ​ផ្ទះ​ ជាមួយ​ឪពុក និងត្រូវជា​ឪពុកមា ។…

ខេត្ត​សៀម​រា​ប ៖ ​មានករណី​ក្មេងប្រុស​ម្នាក់ និង​ក្មេងស្រីម្នាក់ត្រូវជា​បងប្អូន​ជីដូនមួយនឹងគ្នា បាន​លង់​ទឹកស្រះ​ បណ្តាល​ឱ្យ​បាត់បង់ជីវិតទាំង​២នាក់​​ ខណៈ​​ក្មេង​រងគ្រោះទាំង​​​២នាក់​ទៅ​រក​ជីក​ក្តាមនៅ​វាលស្រែ​ក្រោយ​ផ្ទះ​ ជាមួយ​ឪពុក និងត្រូវជា​ឪពុកមា ។

ហេតុការណ៍​​​ខាងលើនេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១២ថ្ងៃត្រង់​​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រលឹត ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​​​​​​​​​​​​​​​​​ ឱ្យ​ដឹង​ថា ​ក្មេង​​រង​គ្រោះ​ទាំង​​២នាក់​ខាងលើ​ ​ក្នុងនោះម្នាក់​​ឈ្មោះ ខា បូរ​ផា​ន់ ភេទ​ស្រី​ អាយុ​១០​ឆ្នាំ​ ​ជា​​សិស្ស ​មាន​​ឪពុកឈ្មោះ ដុក ខា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ​ និង​ ម្ដាយឈ្មោះ ឈ​ង់ សុ​ផាត ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ​​ រស់នៅ​ភូមិ​-​ឃុំ​កើត​ហេតុ ខាងលើ​ ​ចំណែកក្មេង​រងគ្រោះ​ម្នាក់ទៀត​​ឈ្មោះ កុសល សាន ភេទ​ប្រុស អាយុ​៦​ឆ្នាំ ​ជា​​សិស្ស​ម​ត្តេ​យ្យ ​​មាន​ឪពុកឈ្មោះ សែ​ប កុសល អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ និង​ម្ដាយឈ្មោះ ឈ​ង់ យា អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ​គ្រួសារ​ទាំង​ពីរនេះ​​ជា​សាច់ញាតិ​បង្កើត​នឹង​គ្នា​​។

លោក​អធិការ​ស្រុកពួក​បាន​បញ្ជាក់​ទៀត​ថា បើ​តាម​ការ​បំភ្លឺ​​ពី​ឈ្មោះ សែ​ប កុសល ត្រូវ​ជា​ឪពុក​របស់​​ក្មេង​​រង​គ្រោះ​​ឈ្មោះ​​កុសល សាន​ ​បានប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ មុន​ពេលហេតុការណ៍​កើតឡើង ​កាលពី​វេលា​ម៉ោង​៨​ព្រឹកថ្ងៃកើតហេតុ​ គាត់​បាន​ចេញពីផ្ទះ​ទៅ​រក​ជីក​ក្ដាម​នៅ​វាលស្រែ​ខាងលិច​​ឆៀង​​ខាងជើង​ផ្ទះ​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ពេល​នោះ​កូន​របស់​គាត់​ឈ្មោះ កុសល សាន និង​ឈ្មោះ ខា បូ​ផា​ន់ ត្រូវជា​ក្មួយ​ស្រី​បាន​សុំ​ទៅ​ជាមួយ​គាត់​ផង​ដែរ ។

តាម​ប្រភពដដែលបាន​បន្ត​ថា លុះដល់​ម៉ោង​ប្រហែល​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ក៏​បាន​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ពេលគាត់​​ដើរ​ដល់​ចំណុច​ស្រះ​កន្លែង​កើតហេតុ គាត់​ប្រាប់​កូន​ និង​ក្មួយ​ឱ្យ​ដើរ​ម្ខាង​ផ្លូវ​ម្នាក់ ព្រោះ​ឃើញ​ទឹក​ជ្រៅ​ ចំណែក​គាត់​មិន​បាន​ចាប់អារម្មណ៍​មើល​កូន​និង​ក្មួយ​ទេ ដោយ​រវល់​ដើរ​រក​ជីក​ក្ដាម​បន្ថែម​ទៀត លុះ​គាត់​រក​ក្ដាម​បណ្ដើរ​ៗ​ជិត​ដល់​ផ្ទះ ស្រាប់តែ​មិនឃើញ​កូន​និង​ក្មួយ​មក​ដល់​ផ្ទះឡើយ ទើប​គាត់​ក៏​ត្រឡប់​ទៅ​រក​នៅ​ម្ដុំ​ទឹកស្រះ​វិញ តែ​មិនឃើញ​ ដោយ​មានការ​សង្ស័យ​កូន​និង​ក្មួយ​លង់ទឹក​ស្រះ គាត់​ក៏​បាន​ចុះ​រាវ រក​ក្នុង​ទឹកស្រះ ទើប​ប្រទះ​ឃើញ​កូន និង​ក្មួយ​បាន​​បាត់បង់ជីវិត​​ទាំង​ពីរ​នាក់​​ទៅ​ហើយ​ បន្ទាប់មក​គាត់​ក៏​បាន​យក​សព​​កូន និង​ក្មួយ​មក​ផ្ទះ ព្រមទាំង​រាយការណ៍​ជូនសមត្ថកិច្ច​ឱ្យ​ចុះមកពិនិត្យ ។​

លោក​អធិការ​នគរបាល​ស្រុក​ពួក បាន​​បញ្ជាក់​​ឱ្យ​ដឹងទៀត​ថា ក្រោយ​ពី​ទទួល​​បាន​ព័ត៌មាន​ខាងលើ​ភ្លាម លោក​បាន​ចាត់​កម្លាំង​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក និង​នគរបាល​ប៉ុស្តិ៍ ដឹកនាំ​ដោយ​លោក វរសេនីយ៍ ទោ នឹម សា​រ៉ាត់ អធិការរង​ព្រ​ហ្យ​ទណ្ឌ និង​ដោយ​មានការ​សហការ​ចូលរួម​ពី​គ្រូពេទ្យ ឈ្មោះ សៀង ខេ​ង ជា​ប្រធាន​បច្ចេកទេស​មន្ទីរពេទ្យ​បង្អែក​ពួក ចុះ​ស្រាវជ្រាវ និង​ពិនិត្យសព​ដល់​កន្លែង​កើតហេតុ ដែល​ស្ថិត​នៅ​ខាង​លិច​ផ្ទះ​របស់​ឈ្មោះ ដុក ខា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ស្រះ​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ ទឹក​មាន​ជំរៅ​៣​ម៉ែត្រ​​។

តាម​ការ​សន្និដ្ឋាន​របស់​លោកគ្រូ​ពេទ្យ​បង្អែក​ស្រុក បាន​​ឱ្យ​ដឹង​​ថា សព​ក្មេង​រង​គ្រោះ​ទាំង​ពីរ​ពិតជា​​បានបាត់បង់ជីវិត​ដោយ​សារ​​លង់ទឹក​​​ប្រាកដ​មែន​។

ចំពោះ​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ សពក្មេង​រងគ្រោះទាំង​​២នាក់​​ពុំមាន​​ឃើញ​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទ​ឃាតកម្ម​នោះ​ទេ​។ ដោយ​ផ្អែក​លើ​ការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យសព ​ព្រមទាំង​ការ​បំភ្លឺ​របស់​ឪពុក​ក្មេងរងគ្រោះ​ប្រាប់​សមត្ថកិច្ច​​ថា ហេតុការណ៍​ខាងលើ​នេះ​ជា​ករណី​លង់ទឹក​ស្រះ បណ្តាល​ឱ្យ​​ក្មេង​រងគ្រោះទាំង​​​២នាក់​បាត់បង់ជីវិត​ប្រាកដ​មែន ហើយ​​ក្រុម​គ្រួសារ​របស់​​ក្មេងរងគ្រោះ​ពុំ​បាន​ដាក់​ពាក្យ​​ប្ដឹង​មក​សមត្ថកិច្ច​នោះ​ទេ​។

បច្ចុប្បន្ន សព​​ក្មេង​រងគ្រោះ​ទាំង​ពីរ​ត្រូវ​បាន​កម្លាំង​ជំនាញ និង​ក្រុម​គ្រូពេទ្យ​ធ្វើការ​ប្រគល់ ឱ្យ​ក្រុម​គ្រួសារ​ទាំង​សង​ខាង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចរាល់​អស់ហើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ