មណ្ឌលគិរី​បន្ទប់​ស្នាក់​ណែន​អស់ ភ្ញៀវ​​​ខ្លះមកសុំ​វត្ត​ និង​ផ្ទះ​អ្នក​ភូមិ​ស្នាក់​​


ខេត្តមណ្ឌលគិរី ៖ ខណៈសណ្ឋាគារ ផ្ទះសំណាក់ជាង​មួយ​ពាន់​បន្ទប់​បាន​ពេញ​​ណែន​អស់​សម្រាប់​ភ្ញៀវ​ទេសចរ​​ក្នុងស្រុក​មកដើរ​លេង​កម្សាន្ត​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​សង​​
​ក្នុងរដូវ​បុណ្យចូលឆ្នាំ​ខ្មែរនេះ សូម្បី​វត្ត​អារាម និង​ផ្ទះ​អ្នក​ភូមិ​ក៏​ត្រូវ​អ្នកទេសចរ​​មួយចំនួន​បាន​មក​សុំ​ស្នាក់​បណ្តោះ​​អាសន្ន ហើយ​អ្នកខ្លះ​ទៀត​ ក៏បាន​មកបោះ​តង់​នៅ​តាម​ទី​រម​ណីយ​ដ្ឋាន​នានា ដើម្បី​សម្រាកលំហែ​នៅក្នុង​​ខេត្តមណ្ឌលគិរី ។

តាម​របាយការណ៍​របស់​លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ក្នុង​រយៈពេល៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ ចូល​មក​កំសាន្ត​នៅ​ខេត្ត​នេះ មាន​ចំនួន​សរុប ៤៣.៧១៤​នាក់ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន៤៣.៥១០​នាក់ ភ្ញៀវ​ទេសចរ​បរទេស​មាន​ចំនួន ២០៤​នាក់ បើ​ប្រៀបធៀប​ចូល​ឆ្នាំ​២០១៩ គឺ​មានការ​កើនឡើង​ចំនួន៦៨,៥៨% ។

លោក ងិ​ន សុ​វិមាន បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​សង​បុណ្យចូលឆ្នាំ​ខ្មែរ នៅ​តាម​បណ្តា​រមណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និង​កន្លែង​កំសាន្ត​នានា​ក្នុង​ខេត្តមណ្ឌលគិរី ក៏​បាន​រឹត​បន្តឹង​ក្នុង​ការ​អនុវត្ត​វិធាន​ការណ៍ បង្ការ​ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ផង​ដែរ​។

បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ស្នាក់​នៅ​តាម​សណ្ឋាគារ​និង​ផ្ទះសំណាក់​បាន​និយាយ​ថា បន្ទប់​ដែល​ពួក​គេ​ស្នាក់​នៅ​មានការ​តម្លើង​ថ្លៃ​បន្តិចបន្តួច​ប៉ុនណោះ ព្រោះតែ​សមាជិក​ដែល​ទៅ​ដើរ​លេង​មាន​ចំនួន​ច្រើន លើ​ពី​ចំនួន​កំណត់​ដែល​ម្ចាស់​បន្ទប់​កំណត់​។​គេ​ឡើងថ្លៃ​ប្រមាណ​១៥​ទៅ​២០% ដ្បិត​ការ​ប្រើប្រាស់​ទឹក​ភ្លើង​នៅ​ពេល​បុណ្យ​ទាន​ដូច្នេះ​គឺ​ច្រើន​ជា​ថ្ងៃ​ធម្មតា ​។

ដោយឡែក ​ករណី​សន្តិសុខ​សណ្តាប់​ធ្នាក់​ក្នុង​រយៈពេល​ប្រាំ​ថ្ងៃនេះ គឺ​គ្មាន​ហេតុ​ការ​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ព្រោះតែ​កម្លាំង​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​គ្រប់​គោលដៅ​សំខាន់​ៗ និង​មានការ​ជួយ​សម្រួល​ចរាចរ​ណ៍ ទើប​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​របស់​ទេសចរ​គ្មាន​បញ្ហា​រាំងស្ទះ​ឡើយ ​។

ចំណែក​ការ​ផ្គត់ផ្គង់​ម្ហូបអាហារ បន្លែ ត្រី សាច់ គឺ​បាន​គ្រប់គ្រាន់ ទោះបី​ផ្សារ​ក្រុង​សែន​មនោ​រម្យ​តូច តែ​អាច​ឆ្លើយ​តប​ទាន់​ទៅ​នឹង​សភាព​ការ​ណ៏​ជាក់ស្តែង​បាន​យ៉ាង​ល្អ​
ប្រសើរ​៕​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ