រាជធានីភ្នំពេញ ៖ ក្រោយមានការភ្ញាក់ផ្អើលជុំវិញករណីស្លាប់ជនជាតិចិនមួយរូបនៅខេត្តកំពង់ចាមថា អាចជាប់ពាក់ព័ន្ធករណីជំងឺកូវីដ-១៩នោះ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ជាផ្លូវការនារសៀលថ្ងៃទី ២១ សីហានេះថា ក្រោយយកសំណាកជនរងគ្រោះធ្វើតេស្ត លទ្ធផលគឺមិនមានផ្ទុកកូវីដ-១៩ឡើយ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងសុខាភិបាល សូមគោរព ជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា មានបុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗនៅពេលរួមភេទ ដែលហេតុការណ៍នេះ បានកើតឡើងនៅស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ លោកស្រីបានបន្តថា តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានបុរសជនជាតិចិន អាយុ៤៦ឆ្នាំ បានមកលេងផ្ទះសង្សារគាត់ដែលជាស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ នៅភូមិអូរស្វាយកើត ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
លុះដល់ម៉ោង៣ជិតភ្លឺ គាត់ក៏បានគាំងបេះដូងស្លាប់ពេលកំពុងរួមភេទ (តាមការពិនិត្យធ្វើកោសល្យវិច្ច័យ) និងស្ត្រីជាសង្សារ ក៏បានបញ្ជាក់ប្រាប់ក្រុមគ្រូពេទ្យថា បុរសជនជាតិចិនរូបនេះបានស្លាប់ពេលកំពុងរួមភេទដែរ។ បច្ចុប្បន្ននេះ ក្រុមការងារ និងសមត្ថកិច្ចបានសហការជាមួយក្រសួងមហាផ្ទៃ ដឹកយកសាកសពទៅតម្កល់នៅវត្តទឹកថ្លា ដោយរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្តកំពង់ចាម។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្ថែមថា ក្រសួងក៏សូមបញ្ជាក់ជូនផងដែរថា ជនជាតិចិនដែលបានស្លាប់ខាងលើនេះ ជាមេការសំណង់នៅរាជធានីភ្នំពេញ បានប្រតិព័ទ្ធស្រឡាញ់គ្នាជាមួយស្ត្រីខាងលើប្រហែលជាមួយឆ្នាំហើយៗបុរសជនជាតិចិនរូបនេះ តែងតែមកលេងស្រុកខាងស្ត្រី និងជួបស្ត្រីនេះម្តងៗ មុនពេលដែលមានហេតុការណ៍ស្លាប់ខាងលើនេះ។ លោកស្រី បានបន្តថា «ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានយកវត្ថុសំណាកពីសាកសពខាងលើ នៅព្រឹកថ្ងៃដដែល បញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយលទ្ធផលបានបញ្ជាក់ថា សពគ្មានផ្ទុកនូវវីរុសកូវីដ-១៩ នោះទេ។ ដូច្នេះ ករណីស្លាប់ភ្លាមៗពេលរួមភេទនេះ គឺបណ្តាលមកពីការឡើងឈាមខ្លាំង ធ្វើឲ្យគាំងបេះដូងតែម្តង»៕ ដោយ ៖ ពៅ រក្សា
ចែករំលែកព័តមាននេះ