ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ថ្លែង​សារ​ជូន​ប្រជាជន​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​បាន​ថ្លែង​សារ​មួយ​ជូន​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទី​២១​ ខែសីហា​ ជា​ថ្ងៃ​ខាប់​ផ្តើម​ទស្សន​កិ​ច្ចរយៈ​​ពេល​បី​ថ្ងៃ​។ សារ​នោះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​តាំងចិត្ត​របស់​ជប៉ុន​ក្នុង​ការ​ព​ង្រឹ​ង​កិច្ច​សហប្រតិបត្តិការ​និង​ទំនាក់ទំនង​ជាមួយ​កម្ពុជា​។ សារ​នោះ​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​ខាងក្រោម​។ ជំរាបសួរ​ប្រជាជន​កម្ពុជា​ជាទី​រាប់អាន​! ថ្ងៃនេះ​ខ្ញុំ​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង…

លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​បាន​ថ្លែង​សារ​មួយ​ជូន​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទី​២១​ ខែសីហា​ ជា​ថ្ងៃ​ខាប់​ផ្តើម​ទស្សន​កិ​ច្ចរយៈ​​ពេល​បី​ថ្ងៃ​។ សារ​នោះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​តាំងចិត្ត​របស់​ជប៉ុន​ក្នុង​ការ​ព​ង្រឹ​ង​កិច្ច​សហប្រតិបត្តិការ​និង​ទំនាក់ទំនង​ជាមួយ​កម្ពុជា​។ សារ​នោះ​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​ខាងក្រោម​។

ជំរាបសួរ​ប្រជាជន​កម្ពុជា​ជាទី​រាប់អាន​!

ថ្ងៃនេះ​ខ្ញុំ​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង ក្រោយ​ពី​ខ្ញុំ​បាន​ទទួល​ដំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​។ កន្លង​មកនេះ ខ្ញុំ​ធ្លាប់​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ប៉ុន្មាន​លើក​រួច​មក​ហើយ ហើយ​អ្វី​ដែល​ដិត​ជាប់​នៅ​ក្នុង​ចិត្ត​របស់ខ្ញុំ​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​សម្រស់​ថ្ងៃ​លិច​មើល​ពី​ប្រាសាទអង្គរវត្ត​។ កាលពី​ឆ្នាំ​២០១៤ ក្នុង​នាម​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ខ្ញុំ​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ជាមួយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ផង​ដែរ​។

ក្រោយ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ប្រទេស​ជប៉ុន​បាន​រួម​ដំណើរ​ជួយ​គាំទ្រ​ដល់​ដំណើរការ​ស្វែងរក​សន្តិភាព ការ​ស្តារ​ឡើង​វិញ​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​របស់​ប្រទេស​កម្ពុជា ដែល​នេះ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ទំនាក់ទំនង​នេះ​មាន​ភាព​ស៊ីជម្រៅ​ថែម​ទៀត​ក្នុង​វិស័យ​ផ្សេង​ៗ​ដូច​ជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និង​ការ​ផ្លាស់​ប្តូរ​ធនធានមនុស្ស​ជាដើម​។

បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១៤ ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​លើក​មុន ចំនួន​ប្រជាជន​ជប៉ុន​នៅ​កម្ពុជា​បាន​កើនឡើង​២.២​ដង (​ពី​១,៧៩៣​នាក់ ដល់​៣,៩៣៤​នាក់​) រីឯ​ក្រុមហ៊ុន​ជប៉ុន​កើន​២.៧​ដង (​ពី​១៤២​ក្រុមហ៊ុន ដល់​៣៨៨​ក្រុមហ៊ុន​)​។ ចំណែកឯ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​២.៣​ដង (​ពី​១០០​លាន​ដុល្លា​អា​មេ​រិ​ករ​ហូត ដល់​២៣០​លាន​ដុល្លា​អា​មេ​រិ​ក​)​។ ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់នៅ​ប្រទេស​ជប៉ុន​កើន​៤.៣​ដង (​ពី​៣,៤៣៦​នាក់ ដល់​១៥,០២០​នាក់​)​។

ប្រទេស​កម្ពុជា​ស្ថិត​នៅ​ទី​កណ្តាល​នៃ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​ដែល​ត​ភ្ជាប់​តំបន់​មេគង្គ និង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន ជា​យុវជន​វ័យក្មេង និង​ស្វាហាប់​អាយុ​ក្រោម​២៥​ឆ្នាំ ដែល​នេះ​ជា​សក្តានុពល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​មាន​ភាព​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​។

សហគមន៍​អន្តរជាតិ កំពុង​ប្រឈម​ជាមួយ​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩​នៅ​ទូ​ទាំង​ពិភពលោក​។ ខ្ញុំ​សូម​កោតសរសើរ ដល់​ប្រទេស​កម្ពុជា​ដែល​កំពុង​គ្រប់គ្រង​បាន​នូវ​ការ​ឆ្លង​រាលដាល​នេះ ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ពាក់ព័ន្ធ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​កិច្ចសហការ​របស់​ប្រជាជន​។

ប្រទេស​ជប៉ុន បាន​នាំមុខ​ក្នុង​សហគមន៍​អន្តរជាតិ​ជួយ​ដល់​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​មាន​កម្រិត ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ​១៩​។ ចំពោះ​ប្រទេស​កម្ពុជា ប្រទេស​ជប៉ុន​កំពុង​ចូលរួម​ចំណែក​តាម​រយៈ​ការ​ផ្តល់​សម្ភារៈ​ពេទ្យ (​អាវ​ពេទ្យ​សម្រាប់​ការពារ និង​ស្រោមដៃ​ជាដើម​)​នៅ​ខែកុម្ភៈ​កន្លង​មកនេះ និង​ការ​ផ្តល់​បរិក្ខារ​វេជ្ជសាស្ត្រ និង​កែ​លម្អ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ក្នុង​ទឹកប្រាក់​ប្រមាណ​៤,២០០​លាន​យ៉េន ព្រមទាំង​ជំនួយ​បច្ចេកទេស​តាម និង​សម្ភារៈ​ផ្សេង​ៗ​ក្នុង​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​យ៉េន តាម​រយៈ​អង្គការ​អន្តរជាតិ​ផង​ដែរ​។

ចំណែក​នៅ​ក្នុង​វិស័យ​ឯកជន ក្រុមហ៊ុន​ជប៉ុន​កំពុង​សហការ​ក្នុង​ការ​ផ្តល់​កម្មវិធី​អប់​រំជា​App និង​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត រួម​ទាំង​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​ក៏​បាន​កំពុង​ផ្សព្វផ្សាយ​នូវ​វិធានការ​បង្ការ​ការ​ឆ្លង​មេរោគ ក៏​ដូច​ជា​គាំទ្រ​ដល់​កុមារ​ដែល​មិន​អាច​ចូល​រៀន​ដោយសារ​ការ​បិទ​សាលារៀន​។ ជាមួយ​គ្នា​នេះ ក៏​មាន​វេជ្ជបណ្ឌិត​ជនជាតិ​ជប៉ុន​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បំពេញការងារ​ការ​វះកាត់​បន្ទាន់ និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាជន​កម្ពុជា​ផង​ដែរ​។

ចំណាត់ការ​លើ​វិធានការ​កូ​វី​ដ​១៩​ទាំងនេះ ក៏​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាពរឹងមាំ​ផង​ដែរ​។ ដើម្បី​ពង្រឹង​ទំនាក់ទំនង​នេះ​បន្ថែម​ទៀត យើង​នឹង​បន្ត​កិច្ច​ពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​បើក​ឡើង​វិញ​នូវ​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​ក្នុង​វិស័យ​ធុរកិច្ច​តាម​លក្ខណៈ​សម​ស្រប​នឹង​ការ​ការពារ​ការ​ឆ្លង​រាលដាល​សារ​ជា​ថ្មី​នៃ​កូ​វី​ដ​១៩​។ ម្យ៉ាងវិញទៀត ខ្ញុំ​ក៏​មាន​បំណង​ជម្រុញ​នូវ​សាមគ្គីភាព​ឆ្ពោះទៅ​រក​ការ​ស្តារ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ក្រោយ​ពេល​ដែល​ការ​រីក​រាលដាល​កូ​វី​ដ​១៩​នេះ​ត្រូវ​បាន​បញ្ចប់​ផង​ដែរ ។

កាលពី​ខែមករា​ឆ្នាំ​នេះ ខ្ញុំ​បាន​ជួប​ជាមួយ​យុវជន​កម្ពុជា​ដែល​មាន​ចំណាប់អារម្មណ៍​លើ​នយោបាយ​ចំនួន​១០​រូប ដែល​បាន​មក​ធ្វើ​ទស្សនា​កិច្ច​នៅ​ប្រទេស​ជប៉ុន ហើយ​ពួក​គាត់​ទាំងអស់​គ្នា​បាន​សម្តែង​ចេញ​នូវ​ស្មារតី​ចង់​អភិ​វិ​ឌ្ឍ​ប្រទេស​របស់​ខ្លួន​ខ្លាំង​ណាស់​។ ប្រទេស​កម្ពុជា​មាន​ធនធានមនុស្ស​ប្រៀប​ដូច​ជា​កំពូល​នៃ​ប្រាសាទអង្គរវត្ត និង​ប្រាសាទអង្គរធំ ដែល​ត្រូវ​បាន​ទ្រ​ដោយ​ថ្ម​រឹង​មាំ​ដាក់​បន្តុប​លើ​គ្នា​ជា​ច្រើន​ដើម្បី​ឲ្យ​ខ្ពស់​។

ម្យ៉ាងវិញទៀត ដូច​គ្នា​នឹង​យុគសម័យ​អង្គរ​ដែល​បាន​រីក​ចម្រើន​លូតលាស់​ដោយ​ការ​រួមរស់​ជាមួយ​គ្នា និង​ការ​លាយ​បញ្ចូល​គ្នា​រវាង​សាសនា​ហិណ្ឌូ និង​ព្រះពុទ្ធ​សាសនា ប្រទេស​កម្ពុជា​មាន​ប្រវត្តិ និង​ប្រពៃណី​ទទួលយក​វប្បធម៌ គំនិត​ខុស​ៗ​គ្នា និង​ធនធានមនុស្ស​ផ្សេង​ៗ​គ្នា​ផង​ដែរ​។ ប្រទេស​ជប៉ុន​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​អាច​ដើរ​លើ​មាគ៌ា​សំដៅ​ទៅ​រក​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​របស់​ខ្លួន ដោយ​បញ្ចូល​កម្លាំង​យុវជន​ជា​សសរទ្រូង​។

ខ្ញុំ​ទន្ទឹងរង់ចាំ​នឹង​ជួប​ពិភាក្សា​យ៉ាង​ស្មោះ​អស់ពី​ចិត្ត​ជាមួយ​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ដើម្បី​បន្ត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ប្រទេស​យើង​ទាំង​ពីរ​កាន់ តែ​រីក​ចម្រើន​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ