ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល ៖ កម្ពុជា​ត្រូវ​តែ​មាន​ភាព​ច្បាស់លាស់ និង​ម្ចាស់​ការ​លើ​ការងារ​ជា​អាទិភាព​ចម្បង​ពីរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា បើ​ទោះបី​ពិភពលោក​នៅ​បន្ត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​នៅឡើយ​អំពី​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ កម្ពុជា​ត្រូវ​តែ​មាន​ភាព​ច្បាស់លាស់ និង​ម្ចាស់​ការ​លើ​ការងារ​ជា​អាទិភាព​ចម្បង​ពីរ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា បើ​ទោះបី​ពិភពលោក​នៅ​បន្ត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​នៅឡើយ​អំពី​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ កម្ពុជា​ត្រូវ​តែ​មាន​ភាព​ច្បាស់លាស់ និង​ម្ចាស់​ការ​លើ​ការងារ​ជា​អាទិភាព​ចម្បង​ពីរ គឺ​ទី​១-​ការ​បន្ត​រក្សា​នូវ​ស្ថិរភាព​នយោបាយ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​គ្រប់គ្រង​ស្ថានការណ៍ និង​ទី​២-​ការ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យ​បាន​ល្អ​ប្រសើរ ទប់ស្កាត់​អតិផរណា និង​ការ​ឡើងថ្លៃ​ទំនិញ​ក្នុង​ទីផ្សារ ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២០​។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ពាក់ព័ន្ធ ត្រូវ​អនុវត្តន៍​ទិស​ដៅ​ភារកិច្ច​ចំនួន​៥ ដែល​ក្នុង​នោះ​រួម​មាន ភារកិច្ច​ទី​១ បន្ត​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ កុំឱ្យ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ ហើយ​ត្រូវ​បន្ត​អនុវត្តន៍ និង​ចាត់វិធានការ​សុខាភិបាល​ឱ្យ​បាន​ដិត​ដល់ នៅ​កន្លែង​ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត ពិសេស​ក្នុង​កំឡុង​ពេល​ឈប់​សម្រាក​ខាង​មុខ​នេះ ដើម្បី​ថែរក្សា​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ។

ក្រសួងសុខាភិបាល ត្រូវ​ខិតខំ​ស្ថាបនា​មន្ទីរពិសោធន៍​សម្រាប់​ធ្វើតេស្ត​មើល​មេរោគ​កូ​វី​ដ​-១៩ បន្ថែម​ពីលើ​មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្ត​សំខាន់​ចំនួន​៣​ទៀត គឺ​ខេត្ត​ព្រះ​សីហ​នុ ខេត្តសៀមរាប និង​ខេត្តបាត់ដំបង ។ ភារកិច្ច​ទី​២ បន្ត​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ធានា​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ការពារ​ភាព​សុខសាន្ត និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ។ ភារកិច្ច​ទី​៣ បន្ត​អនុវត្តន៍​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​ពីរ​ខែ​ទៀត ។

ភារកិច្ច​ទី​៤ ជំរុញ និង​លើកទឹកចិត្ត​ការ​បង្កបង្កើន​ផល​ក្នុង​វិស័យ​កសិកម្ម ដោយ​ប្រមូលផ្ដុំ​ឡើង​វិញ​នូវ​កម្លាំង​ពលកម្ម​ពី​វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម ដែល​បាន និង​កំពុង​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​គាំទ្រ​ដល់​ផលិតកម្ម​កសិកម្ម​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស ព្រមទាំង​លើកទឹកចិត្ត​ដល់​ប្រជា​កសិករ​ទូ​ទាំង​ប្រទេស ឱ្យធ្វើ​ការ​ចិញ្ចឹម​ត្រី​អណ្ដែង ឱ្យ​បាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​គាំទ្រ​ដល់​ការ​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស ។ ភារកិច្ច​ទី​៥ អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយ​ត្រូវ​បែងចែក​ទៅ​តាម​ដំណាក់កាល និង​ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល​។

ចំពោះ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ ត្រូវ​មានការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ជា​ពិសេស​អគារសិក្សា​ដែល​ធ្លាប់​បាន​ប្រើប្រាស់​ធ្វើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​សមត្ថភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់​ក្រុម​គ្រូពេទ្យ និង​មន្ត្រី​សុខាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​រួមចំណែក​លើកកម្ពស់​គុណភាព​វិស័យ​សុខាភិបាល​ក្នុងស្រុក​ឱ្យ​មានការ​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​នៈ ខណៈ​ដែល​តម្រូវការ​នៃ​សេវា​សុខាភិបាល ក្នុងស្រុក​នា​ពេល​បច្ចុប្បន្ន​មានការ​កើនឡើង ដែល​ជា​ការ​ជំនួស​ការ​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​របស់​ប្រជាពលរដ្ឋ ក្នុង​កំឡុង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ជាង​នេះ​ទៀត រាជរដ្ឋាភិបាល​សូម​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​ក្រសួង​ស្ថាប័ន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ វិស័យ​ឯកជន និង​ប្រជាជន​ទូ​ទាំង​ប្រទេស ដែល​បាន​ខិតខំ​និង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​រក្សា​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក៏​ដូច​ជា​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នា​ពេល​កន្លង​មក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ