​​ការ​លក់ដូរ​តាម​ដងផ្លូវ​ក្នុង​សម័យ​​កូ​វី​ដ​១៩ តើមាន​​សភាព​បែ​ប​ណា?


ខេត្តកណ្តាល ៖ បើ​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ប្រមាណ​៦០​គីឡូម៉ែត្រ​ ជិត​ដល់​គល់​ស្ពាន​អ្នក​លឿង​ត្រើយ​ខាងលិច​ ដែល​ស្ថិតក្នុង​ខេត្តកណ្ដាល តូប​មិន​តិច​ជាង​៦០​កន្លែង ដែល​នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​១ មាន​លក់​ចំណីអាហារ​មើលទៅ​គួរ​ឱ្យ​ចង់​ទិញមិន​អាច​ទៅ​ហួស​បាន ។ នៅ​តាម​តូប​លក់​នីមួយ​ៗ​ មាន​ចង្រិត​លីង ពង​ក្រួច​បំពង ក្រូចថ្លុង បាយក្ដាំង នំ​ខ្ចប់​ស្លឹកចេក​បែប​ខ្មែរ​ជាដើម ។​ល​។ ដែល​មើលទៅ​គួរ​ឱ្យ​ចង់​ទទួលទាន តែ​បែរជា​មិន​មាន​អ្នកដំណើរ​ចុះ​ទិញ​ច្រើន​ឡើយ​ដូច​ស្ងាត់ឈឹង ។

អ្នកស្រី វ៉ា​ន់ ដេ​ត អាយុ​ជាង​៤០​ឆ្នាំ មាន​ទីលំនៅ​ឃុំ​គគី​ធំ ស្រុក​លើក​ដែក ខេត្តកណ្តាល​បាន​និយាយ​ថា ៖ អ្នកស្រី​បាន​ចាប់​ប្រកប​របរ​លក់ដូរ​តិចតួច​ដូច​ជា លក់​ពង​ទា​ពង​ក្រួច​ស្ងោរ សត្វ​ក្រួច​និង​ចង្រិត​បំពង ផ្លែ​ឈើ​នំចំណី និង​ម្លូ​ស្លា​ជាដើម តាំងពី​នៅ​កំពង់ចម្លង​អ្នក​លឿង​មក​ម្ល៉េះ ។ ក្រោយ​គេ​សាងសង់​ស្ពាន​រួច​អ្នកស្រី​ក៏​លើកមុខ​របរ​នេះ​មក​លក់​នៅ​គល់​ស្ពាន​អ្នក​លឿង​ត្រើយ​ខាងលិច​វិញ​ម្តង ។

មុន​ពេល​កើត​ជំងឺ​កូ​វី​ដ​១៩ អ្នកស្រី​លក់​ពង​ទា​ពង​ក្រួច​ស្ងោរ សត្វ​ក្រួច​និង​ចង្រិត​បំពង ផ្លែ​ឈើ​នំចំណី និង​ម្លូ​ស្លា​ជាដើម​លក់ដាច់​ណាស់​ក្នុង​មួយ​ថ្ងៃ​លក់​បាន​យ៉ាងតិច​ពី​៤០​ទៅ​៥០​មុ​ឺ​ន​រៀល​ឯណោះ ។ ក៏​ប៉ុន្តែ​ចាប់ពី​ខែមករា​ដែល​មាន​កើត​ជំងឺ​កូ​វី​ដ​១៩​មក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លក់ដូរ​របស់​អ្នកស្រី​ជា​ខ្លាំង មួយ​ថ្ងៃ​លក់​បាន​តែ​១​មុ​ឺ​ន​ទៅ​២​មុ​ឺ​ន​រៀល ប៉ុណ្ណោះ ។ ហើយ​កាលពី​ចូល​ឆ្នាំ​កន្លង​មកនេះ បងប្អូន​អ្នក​លក់ដូរ​ទាំងអស់​សុទ្ធតែ​ត្អូញត្អែរ​ថា​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ពួក​គេ​លក់​មិន​ដាច់ ។ នៅ​ថ្ងៃ​ធម្មតា​ស្ងាត់​ទៅ​ហើយ មក​ដល់​ថ្ងៃ​ចូល​ឆ្នាំ​រិ​ត​តែ​ស្ងាត់​ថែម​ទៀត អ្នកលក់​របរ​ទាំងនេះ​ពិតជា​ទន្ទឹងរង់ចាំ​ថ្ងៃ​គ្មាន​កូ​វី​ដ​១៩​ត្រឡប់​មក​វិញ​ជា​ខ្លាំង ដើម្បី​ស្រោចស្រង់​ជីវភាព​គ្រួសារ​ឡើង​វិញ ។

អ្នក​នាង យឹ​ម សុ​ផា​នី ជា​អ្នកលក់​ទំនិញ​បន្តិចបន្តួច​នៅ​គល់​ស្ពាន​អ្នក​លឿង​ត្រើយ​ខាងលិច ស្ថិត​ក្នុង​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក បាន​និយាយ​ថា​៖ កាល​មិន​ទាន់​មាន​ជំងឺ​កូ​វី​ដ​១៩ នាង​លក់ដាច់​ខ្លាំង​ណាស់​ហើយ​ក្រុម​គ្រួសារ​នាង​បាន​ខ្ចី​លុយ​ពី​ធនាគារ​យក​មក​សាងសង់​ផ្ទះថ្ម​ព្រោះ​សម្អាង​ទៅ​លើ​មុខរបរ​លក់​ពង​ទា ពង​ក្រួច​ស្ងោរ សត្វ​ក្រួច​និង​ចង្រិត​បំពង ផ្លែ​ឈើ​នំចំណី និង​ម្លូ​ស្លា​ជាដើម ។ ជាង​៧​ខែ​មក​ហើយ​ក្រោយ​កើត​មាន​ជំងឺ​កូ​វី​ដ​១៩ លក់ដូរ​មិន​ដាច់​នោះ​ទេ ។ ថ្ងៃ​ចូល​ឆ្នាំ​នាង​លក់ដាច់​ចាញ់​ថ្ងៃ​ធម្មតា​ទៅ​ទៀត ព្រោះ​មិន​មាន​មនុស្ស​ធ្វើ​ដំណើរ ។

ឆ្នាំ​មុន​លក់ដាច់​ខ្លាំង ឆ្នាំ​នេះ​មិន​មាន​មនុស្ស​សោះ​ហ្មង ។ នាង​ថា​បញ្ហា​ទាំងនេះ​ហើយ​បាន​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​ប្រឈម​និង​ការ​បង់ការ​ប្រាក់​ឲ្យ​ធនាគារ​សឹងតែ​មិន​បាន​រហូត​ទទួល​ការ​ព្រមាន​ពី​ធនាគារ​ផង​ដែរ ។ អ្នកលក់​ដដែល​មុខស្ងួត​និយាយ​ថា និយាយ​ទៅ​មាន​ចូល​ខ្លះ​ៗ​ដែរ តែ​វា​មិនសូវ​ដាច់​ដូច​កាល​មិន​ទាន់​មាន​ជំងឺ​កូ​វី​ដ ។ បើ​កាលពី​ឆ្នាំ​មុន មួយ​ថ្ងៃ​អាច​លក់​បាន​ប្រហែល​ចូល​១​លាន​រៀល តែ​ឥឡូវ​បាន​តែ​៥​ទៅ​១០​ម៉ឺន​ហ្នឹង​ច្រើន​ណាស់​ហើយ ។ នាង​ចង់ឱ្យ​ស្ថាន​ភាពល្អ មាន​ភ្ញៀវ​ច្រើន​កុះករ​ត្រឡប់​មក​វិញ​ឆាប់​ៗ​ដើម្បី​នាង​រក​ប្រាក់​ទៅ​សង​ឲ្យ​ធនាគារ ។

តូប​លក់ដូរ​មួយទៀត​២​នាក់​ប្តី​ប្រពន្ធ​ដែល​ពាក់​ម៉ាស់​ពណ៌​ស​ដើម្បី​ការពារ​ការ​ឆ្លង​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ៖ គាត់​អាច​ប្រឈម​ជំពាក់​ប្រាក់​គេ​កាន់តែ​ច្រើន ប្រសិនបើ​នៅ​តែ​លក់​មិន​ដាច់​បែប​នេះ ។ ម្យ៉ាងវិញទៀត​សព្វថ្ងៃ​គាត់​ជួល​ដី​គេ​សង់រោង​លក់ដូរ ក្នុង​មួយ​ខែ​មួយ​លាន​រៀល​មិនមែន​ដី​របស់​គាត់​នោះ​ទេ ។ ឥឡូវ​លក់​មិន​ដាច់​ទេ ចង្រិត​លីង​៥​គីឡូក្រាម​លក់​៣​ថ្ងៃ​។ មិន​មាន​មនុស្ស​ទេ ខ្ញុំ​ជំពាក់​គេ​ស្លាប់​ហើយ​។

ដើម​ប្រហែល​១០​ម៉ឺន​រៀល បើ​ដាច់​ធម្មតា​ចំណេញ​បាន​៣​ម៉ឺន តែ​ឥឡូវ​មិន​មាន​មនុស្ស​ឯណា ។ ខ្ញុំ​និង​ប្រពន្ធ​ចេះ​តែ​លក់​ទៅ​មិនដឹង​ថា ទៅ​ធ្វើ​អ្វី​ជា​ជាង​ធ្វើ​ចំណាកស្រុក​បែក​ប្រពន្ធ​កូន​។ បើ​មួយ​ថ្ងៃ​ខ្ញុំ​អាច​លក់​បាន​១០​ម៉ឺន ទាំង​ដើម​ទាំង​ចំណេញ​។ បើ​គិតតែ​ចំណេញ​បាន​តែ​២​ម៉ឺន​ទេ ពិបាក​ណាស់​តាំងពី​កើត​កូ​រ៉ូ​ណា​ហ្នឹង​មក​លក់​មិន​ដាច់​យ៉ាង​នេះ ឆ្នាំ​នេះ​ចប់​ហើយ ៕ ​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ