ការនិយាយរបស់លោកជុំវិញបញ្ហាព្រំដែន ដែលញុះញង់បំភ្លៃការពិត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ បានត្រូវនគរបាលចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៤ សីហា ឆ្នាំ២០២០…
រាជធានីភ្នំពេញ ៖ ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ បានត្រូវនគរបាលចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៤ សីហា ឆ្នាំ២០២០…
រាជធានីភ្នំពេញ ៖ ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ បានត្រូវនគរបាលចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៤ សីហា ឆ្នាំ២០២០ ក្នុងបទល្មើសទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន ។ ការនិយាយរបស់លោកសួង សុភ័ណ្ឌ ជុំវិញបញ្ហាព្រំដែននេះ គឺក្នុងពេលដែលលោកចូលរួមក្នុងការតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ដែលត្រូវបានចាប់ខ្លួន ។
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនារសៀលថ្ងៃទី១៤ ខែសីហាថា «លោក សួង សុភ័ណ្ឌ ពិតជាត្រូវបានចាប់ខ្លួនមែន ក្នុងបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុសលើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថាប្រព្រឹត្តបទល្មើសក្បត់ជាតិ» ។ លោក គុជ គឹមឡុង បញ្ជាក់ថា លោក សួង សុភ័ណ្ឌ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់ ហើយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងជូនព័ត៌មានលម្អិតនាពេលក្រោយទៀត ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ខែសីហា ឆ្នាំ២០២០ បានឱ្យអនុរក្សពន្ធនាគារព្រៃសនាំខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា មកសាកសួរពាក់ព័ន្ធនឹងការអត្ថាធិប្បាយជុំវិញការបោះបង្គោលព្រំដែនកម្ពុជា -វៀតណាមនៅខេត្តត្បូងឃ្មុំ ដែលនាំឲ្យលោកត្រូវបានចាប់ខ្លួន ។ ស្របពេលជាមួយគ្នានេះ កងសន្តិសុខខណ្ឌ៧ មករា បានព្យាយាមបំបែកក្រុមអ្នកតវ៉ាដែលគាំទ្រលោក រ៉ុង ឈុន ដោយមានការរុញច្រានឲ្យចេញពីមុខតុលាការ ។
ការសាកសួរលោក រ៉ុង ឈុន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ធ្វើឡើងក្រោមការយាមកាមយ៉ាងតឹងរ៉ឹងពីកម្លាំងសន្តិសុខចម្រុះផ្សេងទៀតជាច្រើននាក់ រួមមានទាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកងកម្លាំងនគរបាលជាតិដែលបានដាក់ពង្រាយទាំងនៅមុខតុលាការ និងនៅបរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ ប៉ុន្តែអ្នកសារព័ត៌មានមិនត្រូវបានមន្ត្រីនគរបាលអនុញ្ញាតឲ្យទៅចូលកៀករបងតុលាការទេ ។
លោកមេធាវី សំ សុគង់ ការពារក្តីឱ្យលោក រ៉ុង ឈុន មានប្រសាសន៍ថា កូនក្តីរបស់លោកត្រូវបាននាំមកសាកសួរពាក់ព័ន្ធនឹងដំណើរនៃការចុះទៅជួបអ្នកភូមិនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងការចេញសេចក្តីថ្លែងការណ៍ ក៏ដូចជាការផ្តល់ការអធិប្បាយជាមួយវិទ្យុអាស៊ីសេរី អំពីបញ្ហាព្រំដែន ដែលលោក រ៉ុង ឈុន អះអាងថា មានភាពមិនប្រក្រតី ។ លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ដែលតែងតែចេញមុខទាមទាររកយុត្តិធម៌ដល់លោក រ៉ុង ឈុន បានចាត់ទុកសកម្មភាពរបស់កងសន្តិសុខថា ជាការបំបិទសិទ្ធិបំពានពលរដ្ឋ មិនឲ្យតាមដានចំណាត់ការរបស់តុលាការលើលោក រ៉ុង ឈុន ។ លោក សួង សុភ័ណ្ឌ បានបន្ទោសថា «ក្រុមគ្រួសារលោក រ៉ុង ឈុន ហ្នឹងមានសិទ្ធិតាមដាន អ្នកគាំទ្រហ្នឹងមានសិទ្ធិតាមដាន ប្រជាពលរដ្ឋទូទៅមានសិទ្ធិតាមដានមើលតុលាការថា តុលាការហ្នឹងឯករាជ្យទេ ។
តុលាការដោះស្រាយហ្នឹងត្រឹមត្រូវទេ ។ ប៉ុន្តែចំពោះបាតុភាពរបស់សមត្ថកិច្ច បាតុភាពរបស់អាជ្ញាធរមករុញច្រានអ្នកគាំទ្រ រុញច្រានអ្នកតាមដានស្ថានការណ៍ហ្នឹងបំពានច្បាប់ហើយ រំលោភច្បាប់ហើយ» ។នៅក្នុងការតវ៉ាប្រឆាំងការចាប់ឃុំខ្លួនលោក រ៉ុង ឈុន នៅថ្ងៃទី១៣ សីហានោះ កញ្ញា ឈឿនដារ៉ាវី សមាជិកាមួយរូបទៀតនៃក្រុមយុវជនខ្មែរថាវរៈ បានអះអាងថា កងសន្តិសុខខណ្ឌ៧មករា បានឆក់យកកាបូបរបស់នាងដែលនៅក្នុងនោះមានសម្ភារដូចជា អត្តសញ្ញាណប័ណ្ណ កាតធនាគារ និងលុយកាក់មួយចំនួន ។កញ្ញានិយាយថា នាងបានព្យាយាមសុំឲ្យប្រធានសន្តិសុខខណ្ឌ៧មករា ជួយអន្តរាគមន៍យកកាបូបនោះមកឲ្យនាងវិញ ក៏ប៉ុន្តែខាងប្រធានកងសន្តិសុខខណ្ឌ៧មករាមិនមានចំណាត់ការទេ ។
គិតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍ទី១៣ ខែសីហានោះ មានសេចក្តីរាយការណ៍ពីក្រុមយុវជនខ្មែរថាវរៈថា យុវតី ឈឿន ដារ៉ាវី ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួន ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន មានប្រសាសន៍ថា ការបង្ក្រាបនេះគឺដោយសារអ្នកតវ៉ាបានបំពានច្បាប់ ព្រោះមិនបានជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចជាមុន សម្រាប់ការប្រមូលផ្តុំ ។ «បញ្ហានេះ គឺជាការអនុវត្តច្បាប់របស់សមត្ថកិច្ច ។ គាត់ធ្វើតាមតួនាទីភារកិច្ចរបស់គាត់ បានន័យថាប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើម៉េចទប់ស្កាត់កុំឲ្យមានបាតុភាពចលាចលកើតឡើង» ៕
ចែករំលែកព័តមាននេះ