១១​ចំណុច សន្សំ​លុយ​ឱ្យ​មាន​ប្រសិទ្ធភាព​សល់​លុយ​ច្រើន?


រាជធានី​ភ្នំពេញ ៖ មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​សន្សំ​លុយ ដើម្បី​ឱ្យ​សល់ តែ​លទ្ធផល​អាច​ខុស​គ្នា អ្នកខ្លះ​អាច​សល់​តែ អ្នកខ្លះ​ទៀត​ខំ​សន្សំ​ដែរ តែ​ហេតុ​អ្វី​មិន​សល់​លុយ​នឹង​គេ​សោះ ។ នេះ​ជា​ការ​លើក​ឡើង​សម្រាប់​អ្នក​ដែល​សន្សំ​លុយ​មិន​ដែល​សល់​ទាល់តែ​សោះ​ ។ ហេតុផល​ខ្លះ​បាន​ធ្វើ​ឱ្យ​អ្នក​ដែល​សន្សំ​មិន​សល់ ក៏​មិន​មានការ​តាំងចិត្ត​ខ្ពស់ មិន​មាន​ហេតុផល​ណា ដើម្បី​ជំរុញ​ចិត្ត​ដែល​នាំ​ឱ្យ​បាត់​ការ​ចាយ​ ។ ខាងក្រោម​នេះ គឺ ជា​តិច​និក ដើម្បី​ប្រែក្លាយ​ប្រាក់​សន្សំ​ដែល​សល់ ហើយ​យក​ទៅ​បង្កើត​ប្រាក់​ចំណូល​បាន ។

លោកគ្រូ អួន សា​រ៉ាត់ ជា​អ្នក​បណ្តុះបណ្តាល​ម្នាក់​នៅ​ក្នុង​ក្លិ​ប​អ្នកជំនួញ​ឆ្លាត បាន​ណែនាំ ១១ ចំណុច ដើម្បី​ជា​ការ​សន្សំ​លុយ ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព ៖

១ -​ត្រូវ​មាន​បំណង​ចង់​មាន ៖ ការ​មាន​បំណង​ចង់​មាន​នេះ ត្រូវ​មានការ​ជំរុញ​ទឹកចិត្ត ដើម្បី​ឱ្យ​ដឹង​ការ​ពិត​អំពី​ភាព​ក្រ និង​ភាព​មានបានថា បើ​យើង​ក្រ លទ្ធផល​របស់​យើង​យ៉ាងម៉េច លំបាក វេទនា ឈឺចាប់ ចាញ់​ប្រៀប​គេ គេ​មើលងាយ​។​ល​។ ចុះបើ​យើង​ក្លាយជា​អ្នកមាន​វិញ យើង​នឹង​អាច​ធ្វើ​អ្វីមួយ​ទៅ​តាម​សេចក្តី​ត្រូវការ ឬ​ទៅ​តាម​ចិត្ត​ប្រាថ្នា​របស់​យើង ហើយ​ជា​ពិសេស​យើង​នឹង​ក្លាយជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​។

២-​សន្សំ​ដើម្បី​វិនិយោគ ៖ សន្សំ​នេះ​គឺ​មិនមែន​សន្សំ​ឱ្យ​សល់​នោះ​ទេ បើ​សន្សំ​ឱ្យ​សល់​វា​ប្រើ​រយៈពេល​យូរ ។ ប៉ុន្តែ​ចំណុច​នេះ ត្រូវ​សន្សំ​ឱ្យ​មាន គឺ​ដើម្បី​យក​ទៅ​វិនិយោគ ។ អ៊ីចឹង​យើង​ត្រូវ​គិត​ថា តើ​បន្តិចទៀត​ល្មម​ត្រូវ​យក​ទៅ​វិនិយោគ​ឬ​នៅ តើ​អាច​បង្កើត​ប្រភព​ប្រាក់​ចំណូល​មួយទៀត​បាន​ឬ​នៅ ?

៣-​ដក​សន្សំ​មុន​ចាយ ៖ ពេល​ដែល​បាន​លុយ​មក យើង​ត្រូវ​ដក​សន្សំ​ទុកជា​មុន​សិន ។ វា​ជា​ទំលាប់​និង​ជា​ជំរើស​របស់​អ្នកមាន​។ ហើយ​ដក​សន្សំ​ឱ្យ​បាន​ច្រើន​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។ សុខចិត្ត​ទុក​លុយ​ចាយ​ឱ្យ​តិច​ៗ​បាន​ហើយ​។ អ្នក​ដែល​មានគំនិត​ក្រ តែងតែ​ដក​ចាយ​មុន​សន្សំ​ជា​និច្ច​។

៤-​ដក​សន្សំ កន្លែង​ណា​ដែល​ដក​ចាយ​មិន​បាន ៖ បើ​យើង​សន្សំ​ក្នុង​កូនជ្រូក ឬ​ផ្ញើ​ឱ្យ​អ្នក​ដែល​យើង​ទុក្ខ​ចិត្ត ទុក​ឱ្យ វា​គង់តែ​ទប់ចិត្ត​មិន​បាន ហើយ​ក៏​គង់តែ​ទៅ​បោក​កូនជ្រូក​យក​មក​វិញ ឬ​ក៏​យើង​គង់តែ​ទៅ​សុំ​គេ​មក​វិញ​។ ដូចនេះ​ជំរើស​ល្អ​គួរ​ដាក់​សន្សំ​ក្នុង​ធានា ហើយ​ត្រូវ​កំណត់​ថា​ពេលវេលា​ត្រឹមណា​ដែល​យើង គ្រប់គ្រាន់​ចង់​ដក​មក​វិនិយោគ ។

៥-​អត់ធ្មត់ ៖ នៅ​ពេល​ដែល​យើង​ចង់​ទិញ​អ្វីមួយ ដែល​វា​គ្រាន់តែ​ជា​សំ​រ៉ើ​ប​ស្រ៊ើ​ប​ស្រួល​ដែល​វា​ជា​អារម្មណ៍​អ្វីមួយ​នោះ ដែល​វា​មិនមែន​ជា​ការ​ទិញ​ដើម្បី​មក​ដោះស្រាយ​បញ្ហា​ឬ​បំពេញតម្រូវការ​សោះ​នោះ យើង​ត្រូវ​តែ​ខាំមាត់សង្កត់ចិត្ត​។

៦-​បើ​មិន​ទាន់​មាន​ពិតប្រាកដ ទោះ​អួត​យ៉ាងណា​ក៏​គ្មាន​ន័យ​ដែរ ៖ ការ​មាន​ពិតប្រាកដ មាន​ន័យ​ថា មាន​ប្រភព​ប្រាក់​ចំណូល មាន​អាជីវកម្ម​ច្រើន មាន​អចលនទ្រព្យ​ច្រើន មានទ្រព្យ​សម្បត្តិ​ច្រើន​កំពុង់​បង្កើន​ប្រាក់​ចំណូល​។ ហើយ​បើ​យើង មិន​មាន​ប្រាក់​ចំណូល​ទៀងទាត់​ផង តើ​យើង​ទៅ​អួត​ធ្វើ​អ្វី​។

៧-​ធ្វើ​ក្រ​សិន ដើម្បី​មាន ៖ ក្នុង​ន័យ​នេះ បើ​យើង​មិន​ទាន់​មាន​ទេ ត្រូវធ្វើ​ខ្លួន​ឱ្យ​ដូច​មនុស្ស​ក្រ មាន​អ្វី​ធ្វើ​ត្រូវធ្វើ​ខ្លួនឯង ត្រូវធ្វើ​ទ​ង្វើ​ឱ្យ​ខ្លួនឯង​ជា​អ្នក​អត់ ប៉ុន្តែ​គំនិត​មាន​។

៨-​កុំ​ចាយ​តាម​ចង់ ត្រូវ​ចាយ​តាម​ចេះ ៖ មុន​នឹង​ចាយ​ត្រូវ​ត្រិះ​រិះ​ពិចារណា ទិញ​អ្វី​ដែល​ចាំបាច់ ទិញ​អ្វី​ដែល​សំខាន់​។

៩-​ស្គាល់​ខ្លួនឯង​ឱ្យ​បាន​ច្បាស់ ៖ តើ​យើង​មាន​ហើយ​ឬ​នៅ តើ​យើង​មាន​ពិតប្រាកដ​ហើយ​ឬ​នៅ ឬ​យើង​គ្រាន់តែ​ជា​អ្នកមាន​បណ្តោះអាសន្ន​នោះ​ទេ​។ យើង​មាន​ភាព​ចាស់ទុំ និង​ការ​គ្រង​ហិរញ្ញ​វិ​ត្ថុ​ហើយ​ឬ​នៅ​។

១០-​កុំ​ធ្វើ​ច​រិ​ក​ដូច​សេដ្ឋី ៖ កុំ​ទាន់​ចាយវាយ​ដូច​សេដ្ឋី ។ អ្នក​អាច​គិត​ដូច​សេដ្ឋី អ្នក​អាច​ចាត់ចែង​លុយ​ដូច​សេដ្ឋី តែ​អ្នក​មិន​គាប់​បី​ចាយ​លុយ​ដូច​សេដ្ឋី​នៅ​ពេល​នេះ នោះ​ទេ​។ កុំ​ទាន់​ឡូយឆាយ ដើរ​ហូប​បាយ​ហ៊ា​ង​រាល់ថ្ងៃ ភ្លើតភ្លើន កា​រ៉ា​អូ​ខេ​នោះ​។

១១-​ត្រូវ​មាន​ហេតុផល​ឈឺចាប់ ក្នុង​ការ​សន្សំ​លុយ ៖ ត្រូវ​គិត​ថា ប្រសិនបើ​អ្នក​មិន​មាន​លុយ តើ​មាន​អ្នក​ណា​មក​រាប់អាន​អ្នក មើល​មុខ​អ្នក តើ​អ្នក​ណាខ្លះ​ចង់​រួម​ដំណើរ​ជាមួយ​អ្នក និង​ចង់​សហការ​ជាមួយ​អ្នក​។ តើ​នៅ​ពេល​ដែល​អ្នក​មិន​មាន​លុយ តើ​សំដី​របស់​អ្នកមាន​តំលៃ​ដែរ​ឬទេ​ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ