រាជធានីភ្នំពេញ ៖ វាពិតជារឿងគួរឲ្យអនិច្ចារបំផុត និងមិនគួរឲ្យកើតមានទាល់តែសោះជុំវិញរឿងរ៉ាវដែលពលករខ្មែរដៃឆៅមួយរូបបានកាប់សម្លាប់ពលករខ្មែរម្នាក់ទៀត ឲ្យបាត់បង់ជីវិតនៅកន្លែងសិប្បកម្មមួយនៅប្រទេសកូរ៉េខាងត្បូង ។ ហើយនៅថ្ងៃទី១៤ សីហានេះ សពរបស់ជនរងគ្រោះក៏ត្រូវបានបូជា ដើម្បីយកធាតុត្រឡប់មកមាតុភូមិវិញ ។
បើតាមការឲ្យដឹងពីស្ថានទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា នាថ្ងៃទី១៤ សីហានេះ ក្រុមការងារទីប្រឹក្សាពលករបានតំណាងឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងបានចូលរួមកម្មវិធីបូជាសពពលករខ្មែរឈ្មោះ ស៊ុំ អួញ អាយុ ៣០ ឆ្នាំ មានស្រុកកំណើតនៅឃុំ អណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលត្រូវរងគ្រោះស្លាប់បាត់បង់ជីវិត ដោយសារតែការវាយប្រហារពីពលករខ្មែរម្នាក់ទៀត នៅកន្លែងធ្វើការមួយកន្លែងនៅទីក្រុងណាំយ៉ាងជូ ខេត្តខ្យង់គីដូ ។
ស្ថានទូតខ្មែរបានបញ្ជាក់ថា « ស្ថានទូតសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ និងសាច់ញាតិ្តនៃសព ។ សូមថ្លែងអំណរគុណដល់ព្រះតេជគុណ រិន សារ៉ូ ដែលបានចូលរួមបង្សុកូលដល់សព និងកម្មវិធីបូជាសពទាំងមូល ។ សូមវិញ្ញាណក្ខ័ន្ធប្អូនបានទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លាត» ។
សូមរម្លឹកថា ពលករខ្មែរឈ្មោះ ស៊ុំ អួញ បានស្លាប់បាត់បង់ជីវិតនៅក្នុងរោងចក្រពេលកំពុងបំពេញការងារ ព្រោះតែត្រូវបានពលករខ្មែរម្នាក់ទៀត ដែលធ្វើការជាមួយនោះបានលបសម្លាប់ ដែលករណីឃាតកម្មជារឿងមួយដ៏អាណោចអាធម ត្រូវបានថ្នាក់ដឹកនាំស្ថានទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង បង្ហាញនូវការសោកស្តាយ និងអំពាវនាវឲ្យពលករខ្មែរបម្រើការងារនៅក្រៅប្រទេសចេះយល់ទុក្ខធុរៈគ្នា មិនគួរណាបង្កនូវអំពើហិង្សា និងឈានដល់ការកាប់សម្លាប់គ្នាឯងនោះទេ ។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានថ្លែងឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានស្ថានទូតក៏បានចុះទៅតាមដាន និងចាត់ចែងសម្របសម្រួលបញ្ហា ហើយចេញលិខិតអនុញ្ញាតឱ្យមានការបូជាសពជនរងគ្រោះនៅថ្ងៃសុក្រ ទី១៤ ខែសីហា នេះហើយ ។ លោកឡុង ឌីម៉ង់ បានឱ្យដឹងទៀតថា ធាតុរបស់ជនរងគ្រោះនឹងត្រូវភរិយានាំត្រឡប់មកកាន់ប្រទេសកម្ពុជា នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ ។ លោកបានបន្តថាជនសង្ស័យឈ្មោះ ម.ប.រ អាយុ ៣៦ ឆ្នាំ ត្រូវខាងសមត្ថកិច្ចកូរ៉េឃាត់ខ្លួនបានហើយ នៅទីក្រុងមួយចម្ងាយប្រមាណ ៣០ ទៅ ៤០ គីឡូម៉ែត្រពីទីក្រុងសេអ៊ូល និងកំពុងកសាងសំណុំរឿងបន្ត អ៊ីចឹងខាងស្ថានទូតខ្មែរនឹងបន្តតាមដានរឿងនេះបន្ថែមទៀត ។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ «ខ្ញុំគ្មានអ្វីក្រៅពីអំពាវនាវដល់ពលរដ្ឋខ្មែរ ពលករខ្មែរ ដែលមករស់នៅរៀន រៀនសូត្រ ធ្វើការនៅប្រទេសកូរ៉េនេះ សូមឲ្យគាត់ខិតខំបំពេញតួនាទីជាពលរដ្ឋខ្មែរដ៏ល្អម្នាក់របស់ប្រទេសកម្ពុជាយើង ព្រោះពួកគាត់សុទ្ធ ជាយុវវ័យ យុវជនជំនាន់ថ្មី គួរធ្វើអ្វីគោរពច្បាប់និងធ្វើតាមច្បាប់របស់ប្រទេសគេ និងកុំបំផ្លាញកិត្តិយសជាតិសាសន៍ខ្លួនឯងអី» ។
លោកក៏អំពាវនាវដល់ពលករផ្តោតការយកចិត្តទុកដាក់ធ្វើការសន្សំលុយទៅស្រុក ដើម្បីពង្រឹងជីវភាព និងមុខវិជ្ជាជីវៈរបស់ខ្លួនបន្ថែមទៀត ដើម្បីក្រុមគ្រួសារគាត់ និងប្រទេសជាតិរបស់យើង ៕
ចែករំលែកព័តមាននេះ