ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានយី​ឌុប​បើក​គេច​ស្ថានីយ​ជញ្ជីង​ចូល​ភូមិ​​កំពុងបង្កផលប៉ះពាល់​យ៉ាង​​ខ្លាំង​

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​ពោធិ៍​រៀង បាន​ត្អូញត្អែ​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ ក្នុងភូមិ​ស្រុក​របស់​ពួក​គាត់​មាន​រថយន្ត​ដឹក​ទំនិញ​ប្រភេទ​យី​ឌុ​ប​ធំ​ៗ​ជា​ច្រើន​គ្រឿង បាន​បើក​ឆ្លងកាត់​ភូមិ​របស់​ពួក​គាត់​រាល់ថ្ងៃ ធ្វើ​អោយ​ផ្លូវលំ​ក្នុងភូមិ​របស់​ពួក​គាត់ ត្រូវ​ស្រុត​ខូច​ជា​ច្រើន​កន្លែង និង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ជា​ខ្លាំង​។…

ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​ពោធិ៍​រៀង បាន​ត្អូញត្អែ​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ ក្នុងភូមិ​ស្រុក​របស់​ពួក​គាត់​មាន​រថយន្ត​ដឹក​ទំនិញ​ប្រភេទ​យី​ឌុ​ប​ធំ​ៗ​ជា​ច្រើន​គ្រឿង បាន​បើក​ឆ្លងកាត់​ភូមិ​របស់​ពួក​គាត់​រាល់ថ្ងៃ ធ្វើ​អោយ​ផ្លូវលំ​ក្នុងភូមិ​របស់​ពួក​គាត់ ត្រូវ​ស្រុត​ខូច​ជា​ច្រើន​កន្លែង និង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ជា​ខ្លាំង​។

ប្រជា​ពលរដ្ឋ​ខាងលើបានអោយ​ដឹង​ថា កន្លង​មក​ក្រុម​រថយន្ត​ទាំងនោះ បើកបរ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា មិន​ដែល​បើក​កាត់​តាម​ផ្លូវលំ​ក្នុងភូមិ​របស់​ពួក​គាត់​ឡើយ ប៉ុន្តែ​ថ្មី​ៗ​នេះ ក្រោយ​ពី​ស្ថានីយ​ជញ្ជីង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចំណុច​ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង មានការ​រឹត​បន្តឹង​ខ្លាំង ស្រាប់តែ​ក្រុម​រថយន្ត​ទាំងនោះ​នាំ​គ្នា​បើក​វាង​ជញ្ជីង ចូល​មក​ក្នុងភូមិ​របស់​ពួក​គាត់​តែ​ម្តង ហើយ​រថយន្ត​ទាំងនោះ​ភាគច្រើន​គឺ​ក្រុម​រថយន្ត ដែល​មាន​បិទ​អក្សរ L.M.H ។

ដោយឡែក​ប្រជាពលរដ្ឋ​ទាំងនោះ បាន​បញ្ជាក់​ប្រាប់​ថា ក្រុម​រថយន្ត​យី​ឌុ​ប​ទាំងនោះ គឺ​មក​ពី​កន្លែង​ផ្សេង​ៗ​គ្នា ប៉ុន្តែ​ពេល​មក​ដល់​ស្រុក​ស្វាយ​អ​ន្ទ​រ ក៏​បត់​ចូល​ផ្លូវ​តែ​មួយ​គឺ​ផ្លូវ​ចូល​ស្រុក​ពោ​ធ៌​រៀង ហើយ​ចាក់​ឡើង​ទៅ​លើ​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចំណុច​ផ្សារ​ស្នាយ​ពល ក្នុងស្រុក​ពារាំង ដោយ​វាង​គេច​មិន​ចូល​ថ្លឹង​នៅ​ក្នុង​ស្ថានីយ​ជញ្ជីង​នៅ​ឃុំ​ព្រៃ​ព្នៅ​នោះ​ទេ​។

តា​មប្រភពខាងលើបាន​បន្ត​ថា វត្តមាន​របស់​ក្រុម​រថយន្ត​ទាំងនោះ មិន​ត្រឹមតែ​ធ្វើ​អោយ​ខូច​ផ្លូវ​និង​ស្ពាន​នៅ​ក្នុងភូមិ​នោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារ​ម្ភ​ជា​ខ្លាំង អំពី​សុវត្ថិភាព​កូនចៅ​របស់​ខ្លួន ព្រោះ​ក្រុម​រថយន្ត​ទាំងនោះ បើក​លឿន​ខ្លាំង​ណាស់ ហាក់​មិន​ខ្វល់​ពី​អ្នកស្រុក​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​សោះឡើយ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​ខេត្ត ក៏​ដូច​ជា​មន្ទីរ​សាធារណៈការ​ខេត្តព្រៃវែង មេត្តា​ជួយ​អន្តរាគមន៍​ទប់ស្កាត់​រថយន្ត​ខ្នាត​យក្ស​ទាំងនោះ​ផង​។

លោក អ៊ុ​ន សុធា ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង បានអោយ​ដឹង​ថា បញ្ហា​ខាងលើនេះ ​ខាង​អាជ្ញាធរ​ស្រុក​ពោ​ធ៌​រៀង ក៏​បាន​រាយ​ការ​ណ៌​មក​រូប​លោក​ដែរ ហើយ​លោក​បាន​បញ្ជាក់​ថា ក្រុម​រថយន្ត​ទាំងនោះ​គឺ​សុទ្ធតែ​ដឹក​លើស​ទំងន់​ខ្លាំង ទើប​នាំ​គ្នា​បើក​វាង​គេច​ជញ្ជីង ហើយ​លោក​បាន​ស្នើ​អោយ​ខាង​អាជ្ញាធរ​ស្រុក សុំ​គោល​ការ​ណ៌​ទៅ​លោក​​អភិបាលខេត្ត ដើម្បី​ដាក់​បា​រ៉ា​ស់កាត់​ថ្នល់ នៅ​ចំណុច​គល់​ស្ពាន​កំពង់​ខ្សាច់ ដើម្បី​កុំអោយ​រថយន្ត​ទាំងនោះ​អាច​ឆ្លងកាត់​បាន​ទៀត ប៉ុន្តែ​ចំពោះ​មុខ​ពេល​នេះ គឹ​មិន​ទាន់​អាច​ចុះ​ធ្វើ​ភ្លាម​ៗ​ទេ គឺ​អាច​ត្រូវ​រង់ចាំ​ដល់​ផុត​ថ្ងៃ​សំរាក ដែល​រាជរដ្ឋាភិបាល​បាន​សង ជំនួស​ថ្ងៃ​ចូល​ឆ្នាំ​សិន​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ