ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ផូស៊ីល​ត្រី (អាច​ជា​សំណាក​ផូស៊ីល​ត្រី​ដំបូង​នៅ​ប្រទេស​កម្ពុជា)

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអោយ​ដឹង​ថា ផូស៊ីល​ត្រី ជា​សំណាក​ត្រី​ដែល​បាន​កប់​ក្នុង​ដី ហើយ​ប្រែ​ក្លាយទៅជា​ថ្ម…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអោយ​ដឹង​ថា ផូស៊ីល​ត្រី ជា​សំណាក​ត្រី​ដែល​បាន​កប់​ក្នុង​ដី ហើយ​ប្រែ​ក្លាយទៅជា​ថ្ម នេះ​អាច​ជា​សំណាក​ផូស៊ីល​ត្រី​ដំបូង រក​ឃើញ​នៅ​ប្រទេស​កម្ពុជា ។

ផូស៊ីល​ត្រី​នេះ ត្រូវ​បាន​រក​ឃើញ​ដោយ​លោក លឹ​ម វណ្ណ​ច័ន្ទ ក្រុមការងារ​សិក្សា​ផូស៊ីល នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន នៅ​ឆ្នាំ​២០១៩ នៅ​ភ្នំ​ស្វាយ ខេត្តបន្ទាយមានជ័យ​។ បច្ចុប្បន្ន​ភ្នំ​ស្វាយ​បាន​ក្លាយជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ស្វាយ ។

សំណាក​ត្រី​នេះ សល់​ផ្នែក​ខាង​ក្បាល មាន​ភ្នែក និង​ព្រុយ នៅ​ពាក់កណ្តាល​ខ្លួន បែក​មួយ​កំណាត់​ផ្នែក​កន្ទុយ ដែល​យើង​អាច​មើលឃើញ​ស្នាម​ពណ៌​ក្រហម មាន​ទំហំ​ប្រមាណ ៣​សង់ទីម៉ែត្រ និង​បណ្តោយ​៨​សង់ទីម៉ែត្រ និង​មាន​សំណាក​ផូស៊ីល​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​កប់​នៅ​ក្នុង​ថ្មកំបោរ​មួយ​ដុំ ។

យ៉ាងណា​មិន​ទាន់​ដឹង​ថា តើ​ត្រី​នេះ​ជា​ប្រភេទ​ត្រី​អ្វី​នោះ​ទេ ? ត្រី​ដែល​ត្រូវ​បាន​កប់​ចូល​ទៅ​ក្នុង​ដីល្បាប់​ដែល​មាន​ជាតិ​កំបោរ ហើយ​ក្រោយមក​បាន​កក​ជា​ថ្មកំបោរ ។ ភ្នំ​ស្វាយ​ជា​ប្រភេទ​ភ្នំ​ថ្មកំបោរ ដែល​មាន​អ​តី​កាល​ស្ថិត​ជា​សមុទ្រ ដែល​កើតឡើង​ដោយ​កំណក​នៃ​សា​ធាតុ​កំបោរ តាម​រយៈ​ផែនទី Geological map of Cambodia ភ្នំ​ទាំងនេះ​ត្រូវ​បាន​កំណត់​ក្នុង​សម័យកាល Permian (២២៥-២៨០​លាន​ឆ្នាំ​) ក្នុង​ស័ក​ទី​១ ដែល​ហៅ​ថា Paleozoic នេះ​អាច​ជា​សំណាក​ផូស៊ីល​ត្រី​ដំបូង​នៅ​ប្រទេស​កម្ពុជា​ដែល​បាន​ផ្សព្វផ្សាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ