ថ្នាក់ដឹកនាំ​ប្រដាល់​ ដាស់តឿន និង​បង្ហាញ​​គន្លឹះ​វិជ្ជមាន​ដល់​កីឡាករ​មុន​សុ​ី​ហ្គេ​ម


រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​រាតត្បាត ក៏​មន្ត្រី​សហព័ន្ធ​ប្រដាល់​នៅ​តែ​ជំរុញ​ឱ្យ​កីឡាករ​ប្រឹងប្រែង​ហ្វឹកហាត់ ។ លោក​ថា កីឡាករ​ដែល​មាន​សមត្ថភាព​មិន​ត្រឹមតែ​ត្រូវ​ត្រៀមខ្លួន​ស្វាគមន៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រៀមខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​ក្នុង​ប្រទេស​វៀតណាម ឆ្នាំ​២០២១ ផង​ដែរ​។

ប្រមុខ​ប្រដាល់​គុន​ខ្មែរ លោក​ឧត្ដមសេនីយ៍ ឯក តែម ម៉ឺន នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន កីឡា​កង​យោធពលខេមរភូមិន្ទ និង​ជា​ប្រធាន សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ថ្លែង​ដដែល​ជា​ដដែល​ក្នុង​ពិធី​ចុះ​សួរសុខទុក្ខ​គ្រូបង្វឹក និង កីឡាករ​ជម្រើសជាតិ ថា កីឡាករ​កម្ពុជា​ដ្បិតថា​នៅ​តែ​ប្រឹង​ប្រែង​នៅ​ក្នុង​វិស័យ​នេះ តែ​លោក​នៅ​តែ​មើលឃើញ​ថា គ្រប់យ៉ាង​គឺ​នៅ​តែ​មាន​កម្រិត ដែល​លោក​ថា ត្រូវ​បន្ត​ប្រឹងប្រែង​បន្ថែម​ទៀត ។

លោក​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ ទាំង​គ្រូបង្វឹក ទាំង​ក្រុម កីឡាករ​-​កីឡា​ការិនី​ជម្រើសជាតិ ត្រូវ​បន្ថែម​កម្លាំង និង​ល្បឿន​បន្ថែម​ទៀត ហើយ​មិន​អាច​គ្រាន់តែ​ដាក់​កាលវិភាគ​ហ្វឹកហាត់ ហើយ​ហ្វឹកហាត់​តែ​តាម​ការ​កំណត់​មួយ​មុខ​នោះ​ទេ ពោល​គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រប់ពេលវេលា ។ ក្នុង​នោះ កីឡាករ​ម្នាក់​ៗ ត្រូវ​ចាត់​ទុក​ខ្លួន​គឺជា​អ្នកកីឡា​ពិតប្រាកដ មិនមែន​ហ្វឹកហាត់​តាម​កាលវិភាគ ហើយ​ទៅ​សប្បាយ​ដើរ​លេង ឬ ស៊ីផឹក​ភ្លេចខ្លួន​នោះ​ទេ ។

លោក​ថា ក្រៅ​ហាត់ ដាច់ខាត​ត្រូវ​តែ​ចេះ​ថែរក្សា​របៀប​រស់នៅ របៀប​ហូប​ចុក និង​របៀប​អនុវត្តន៍​ប្រចាំ​ថ្ងៃ​បន្ថែម​ទៀត បូក​រួម​ទាំង​ពេលវេលា​ដេក​ពួន​ផង ទើប​អាច​រក្សា​កម្លាំង និង​សមត្ថភាព​ឱ្យ​ល្អ​ទៅ​បាន ។ លោក​ថា កីឡាករ​ខ្លះ ច្បាស់លាស់​ក្នុង​ការ​ហ្វឹកហាត់ ប៉ុន្តែ​ខ្វះ​ការ​ថែរក្សា​សុខភាព ទាំងនេះ​ហើយ​ដែល​លោក​យល់​ថា គឺជា​ការ​ធ្វើ​ឱ្យ​កីឡាករ​មួយ​ចំនួន​រក្សា​គុណភាព​នៅ​ក្នុង​ការ​ប្រកួត​មិន​បាន​យូរ ។

លោក​ថា ស្មារតី និង ឆន្ទៈ​គឺជា​អ្វី​មិន​អាច​ខ្វះ​បាន​របស់​កីឡាករ​ម្នាក់​ៗ ហើយ​​កីឡាករ​បែប​នេះ​ទើប​ធ្វើ​ឱ្យ​អ្នកគាំទ្រ និង​មន្ត្រី​ដែល​ទទួលខុសត្រូវ​ចង់បាន​។ ក្នុង​នោះ​លោក​ក៏​ថា គន្លឹះ​ដែល​កីឡាករ​ត្រូវធ្វើ គឺ​រក្សា​សុខភាព បង្កើន​ការ​ហ្វឹកហាត់ ហើយ​ត្រូវ​ដើរ​នៅ​លើ​ផ្លូវ​នេះ ដោយ​ក្ដី​ស្រឡាញ់ ដោយ​ឆន្ទៈ ទើប​ធ្វើ​ឱ្យ​វិស័យ​នេះ​ប្រសើរ​ឡើង ។ លោក​បន្ត​ថា គឺ​រឿង​សំខាន់​ណាស់​សម្រាប់​កីឡាករ​ប្រដាល់​គ្រប់​រូប ប្រដាល់​គុន​ខ្មែរ ដែល​កំពុងធ្វើការ ហ្វឹកហាត់​នៅ​សាល​ហ្វឹក​ហាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដែល​ត្រូវ​យល់​ដឹង​ពី​គន្លឹះ​ទាំង​អស់នេះ​ក្នុង​នាម​ជា​កីឡាករ​ជម្រើសជាតិ​។

លោក​ឧត្ដមសេនីយ៍ តែម ម៉ឺន បាន ណែនាំដល់​គ្រូបង្វឹក និង​ក្រុម​កីឡាករ​-​កីឡាការិនី ប្រដាល់​គុន​ខ្មែរ​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង ហ្វឹកហាត់​ជា​ប្រចាំ​ទាំង​ការ​ហ្វឹកហាត់​បច្ចេកទេស និង​កម្លាំង ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​នានា នៅ​ពេល​ខាង​មុខ ជា​ពិសេស​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ ឆ្នាំ​២០២១ នា​ប្រទេស​វៀតណាម ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ គ្រូបង្វឹក និង​ក្រុម​កីឡាករ​-​កីឡាការិនី​ប្រដាល់ គុន​ខ្មែរ បង្កើន​ការ​ធ្វើ​អនាម័យ ត្រូវ​ពាក់​ម៉ាស់ លាងដៃ​នឹង​អាល់កុល ឬ​ជែ​ល រក្សា​គម្លាត សង្គម និង​គម្លាត​បុគ្គល​ជាដើម ដើម្បី​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩ និង​ជា​ពិសេស គោរព​តាម​សារាចរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក​ថា កូ​វី​ដ​-១៩ គឺជា​រឿង​គួរ​ឱ្យ​ខ្លាច ប៉ុន្តែ​ក៏​មិនមែន​ខ្លាច​ដល់​ថ្នាក់​បាត់បង់​ការ​តាំងចិត្ត​ហើយ​បណ្ដោយ​ឱ្យ​សមត្ថភាព​ធ្លាក់​ចុះ​នោះ​ឡើយ ។ ម្យ៉ាង​វា​ជា​ឱកាស​ដែល​កម្ពុជា ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ក្នុង​ឆ្នាំ​២០២៣ ដែល​លោក​យល់​ថា អ្នកដឹង​ពី​គន្លឹះ ហើយ​អនុវត្ត​របៀប​រក្សា និង​បង្កើន​កម្លាំង​ស៊ុ​ហ្វ​ល្អ គឺ​ប្រាកដ​ណាស់​នឹង​ធ្វើ​ឱ្យ​កីឡាករ​ទាំងនោះ ឆក់​បាន​ឱកាស​ក្លាយជា​កីឡាករ​ទទួល​​បានការ​ចាប់អារម្មណ៍ ។ លោក​ថា ការ​យោគយល់ និង ការ​បង្កើត​ខ្សែ​ទុយោ នឹង​លែង​កើត​មាននៅ​ក្នុង​វិស័យ​ប្រដាល់​ទៀត​ហើយ ដោយ​លោក​ទាមទារ​ឱ្យ​កីឡាករ​គ្រប់​រូប​ត្រូវ​តែ​ប្រើ​ឱ្យ​អស់ពី​សមត្ថភាព​ដាច់ខាត បើ​ចង់​សម្រេច​ក្ដី​សុបិន​ធ្វើ​ជា​កីឡាករ​ល្បីឈ្មោះ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ