បុរស​២​នាក់​ស្រឡាញ់​​ស្ត្រី​មេម៉ាយ​ម្នាក់ ប្រែ​ក្លាយ​ជា​ជម្លោះ​ស្នេហា


ខេត្តសៀមរាប ៖ បុរស​២​នាក់ ម្នាក់​រង​គ្រោះ​ចូល​មន្ទីរពេទ្យ និង​ម្នាក់​ទៀត​ក្លាយជា​អ្នកទោស ព្រោះតែ​ជា​ជន​ដៃដល់ ។ រឿងរ៉ាវ​របស់​អ្នក​ទាំង​២ គឺ​ផ្ដើម​ចេញពី​ការ​ស្រឡាញ់​ស្ត្រី​មេម៉ាយ​ម្នាក់ ហើយ​បាន​មក​លេង​ផ្ទះ​ស្ត្រី​មេម៉ាយ​ដោយ​ចៃដន្យ ទាំង​២​នាក់​ក៏​បបួល​គ្នា​ផឹកស៊ី ។ ដោយសារ​តែ​ឃើញ​គូប្រជែង​នៅ​ក្មេង​ជាង ឈ្មោះ ឈឿ​ម ឆេ​ន អាយុ​៤៣​ឆ្នាំ​ក៏​ឆក់​ឱកាស ឃើញ​ឈ្មោះ លឿម គា អាយុ​២៧​ឆ្នាំ ស្រវឹង​ដេក​លើ​អង្រឹង ក៏​ទាញ​កំណល់​ឈើ​វាយ​សំពង​ចំ​ក្បាល​បណ្ដាល​ឱ្យ​របួស​ធ្ងន់ ហើយ​រត់គេច​ខ្លួន ។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង ក៏​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បាន យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ហេតុការណ៍​ឃាត់ខ្លួន​បាន​ជន​ដៃដល់​នោះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​ខ្សី ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។ លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤ ឈ្មោះ លឿម គា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​គោក​ក្នាំ​ង ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប បាន​ទៅ​លេង​ផ្ទះ​ស្ត្រី​មេម៉ាយ​ឈ្មោះ ឈើ​យ ម៉ា​ប់ អាយុ​៤០​ឆ្នាំ នៅ​ភូមិ​តា​កួយ ឃុំ​គោល ស្រុក​អង្គរជុំ ក៏​បាន​ជួប​គ្នា​នឹង​ឈ្មោះ ឈឿ​ម ឆេ​ន អាយុ​៤៣​ឆ្នាំ បបួល​គ្នា​ផឹកស្រា ។

លោកស្នងការ​រង​បាន​បន្ថែម​ថា នៅ​ពេល​បុរស​ក្មេង​(​ឈឿ​ម គា​)​ដែល​ផឹកស្រា​មុន​ស្រវឹង​ខ្លាំង ក៏​ឡើង​ដេក​លើ​អង្រឹង​ក្បែរ​កន្លែង​ផឹកស៊ី ចំណែក​ឈ្មោះ ឈឿ​ម ឆេ​ន ក៏​នៅ​ផឹក​បន្ត​ផ្ដោះផ្ដង​ជាមួយ​អ្នក​មេម៉ាយ​ផ្ទះ​ម្ចាស់ ។ ខណៈនោះ ជន​ដៃដល់​(​ឈ្មោះ ឈឿ​ម ឆេ​ន​) បាន​គិត​ថា បើ​មិន​ធ្វើ​អ្វីមួយ​ទេ គូប្រជែង​របស់​ខ្លួន​នេះ​ច្បាស់​ជា​ឈ្នះ ក្នុង​ល្បែង​ដណ្ដើម​បេះដូង​អ្នក​មេម៉ាយ​នេះ​មិន​ខាន ។ គិត​រួច​ក៏​បាន​ទាញ​កំណល់​ឈើ​ដែល​ខ្លួន​អង្គុយ យក​មក​វាយ​លើ​ក្បាល​ឈ្មោះ លឿម គា បណ្ដាល​ឱ្យ​របួសធ្ងន់ ហើយ​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរជុំ ដើម្បី​ជួយ​សង្គ្រោះ ។ លោក​បាន​បញ្ជាក់​ទៀត​ថា រហូត​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​ថ្ងៃត្រង់ នគរបាល​ស្រុក​អង្គរជុំ បាន​ចុះ​សហការ​ជាមួយ​នគរបាល​ស្រុក​ក្រឡាញ់ បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់​នៅ​ចំណុច​ភូមិ​ខ្សី ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប រួច​បញ្ជូន​យក​មក​ប្រគល់​ឱ្យ​ការិយាល័យ​ជំនាញ ដើម្បី​សួរនាំ​បន្ត ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលា​ការ​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ពេល​កម្លាំង​ជំនាញ​សួរនាំ ជនសង្ស័យ​បាន​សារ ភាព ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ទៅ​លើ​ជន​រង​គ្រោះ​ពិតមែន ។ ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ រៀបចំ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ