ទោះ​ប្រឈម​បញ្ហា​លំបាក​ព្រោះតែ​កូវី​ដ​​១៩ ក្លិប​គុន​ខ្មែរ​គោព្រៃ​នៅ​តែ​ប្រឹង​ពុះ​ពារ


រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ក្លិប​ប្រដាល់​គុន​ខ្មែរ​គោព្រៃ​នៅ​តែ​ប្រឹង​ពុះពារ​បង្ហាញ​ស្នាដៃ​នៅ​ក្នុង​វិស័យ​ប្រដាល់ តាម​រយៈការ​ប្រឹងប្រែង​បង្វឹក និង​បញ្ជូន​កូនសិស្ស​ឱ្យ​ឡើង​ប្រកួត បើ​ទោះជា​បណ្ដា​សង្វៀន​មួយ​ចំនួន​ប្រកាសបិទទ្វារ ជាមួយ​កំណើន​ក្លិប​កាន់តែ​ច្រើន​ដែល​មិន​ខុស​ពី​កាត់​បន្ថយ​វត្តមាន​ឡើង​រេញ​របស់​កីឡាករ​នៅ​ក្នុង​ក្លិប​ក៏​ដោយ ។ ក្លិប​នេះ បាន​ទាំង​ប្រកាស​ថា នឹង​ពង្រឹង​សកម្មភាព​ឱ្យ​កាន់តែ​ល្អ​នោះ​ផង​។

លោក ផាត សូ​ដា ជំនួយការ​ក្លិប​ប្រដាល់​គុន​ខ្មែរ​គោព្រៃ​ធ្លាប់​បាន​អះអាង​ថា ក្លិប​ប្រដាល់​របស់​លោក ទើបតែ​បើក​ដំណើរការ​បាន​ប្រមាណ​ជា​ជិត​១​ឆ្នាំ​ប៉ុណ្ណោះ​មក​ទល់​នឹង​ពាក់កណ្ដាល​ខែសីហា នេះ តែ​មានឱកាស​បាន​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​នៅ​តាម​សង្វៀន​ផ្សេង​ៗ បាន​មិន​តិច​ជាង​១០០​ប្រកួត​នោះ​ទេ ទាំង​កីឡាករ​អាជីព និង​កីឡាករ​កំពុង​បណ្ដុះបណ្ដាល ។ លោក​ថា ក្លិប​ប្រដាល់​នេះ​មិនមែន​គ្រាន់តែ​ជា​ក្លិប​ប្រដាល់​តែ​ម្យ៉ាង​នោះ​ទេ​តែ​គឺជា​ក្រុមការងារ​ប្រចាំ​នៅ​ក្នុង​រមណីយដ្ឋាន​គោព្រៃ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​សង្កាត់​ព​ន្សាំ​ង ក្នុង​ខណ្ឌ​ព្រែក​ព្នៅ នៅ​ជិត​ភ្នំ​ប្រសិទ្ធិ៍​តែ​ម្ដង ដោយ​កីឡាករ​ដែល​បាន​បណ្ដុះបណ្ដាល​នេះ គឺជា​កីឡាករ​ដែល​រមណីយដ្ឋាន​បង្កើត​ឡើង​ដើម្បី​បើក​ប្រកួត​ឱ្យ​ភ្ញៀវ​ទស្សនា​នៅ​ពេល​រមណីយដ្ឋាន​បើក​ដំណើរការ​ទទួលភ្ញៀវ ។

នៅ​ក្នុង​គម្រោង​នេះ លោក​ថា ក្រុមហ៊ុន​មិនមែន​បង្កើត​តែ​ក្រុម​កីឡាករ​ប៉ុណ្ណោះ​ទេ តែ​ក៏​គ្រោង​បង្កើត​ជា​ក្រុម​ល្ខោនខោល ល្បុក្កតោ និង​ក្រុម​របាំ​ផង​ដែរ ដើម្បី​សម្ដែង​ឱ្យ​ភ្ញៀវ​ទស្សនា​នៅ​ពេល​ខាង​មុខ ។ យ៉ាងណាមិញ​លោក​ថា ក្លិប​ប្រដាល់​របស់​លោក​មានច្បាប់​ត្រឹមត្រូវ ដោយ​មិន
មែន​គ្រាន់តែ​បង្កើត​ឡើង​ដើម្បី​បម្រើ​ឱ្យ​ផល​ប្រយោជន៍​រមណីយដ្ឋាន​តែ​មួយ​មុខ​នោះ​ទេ​។

ជាក់ស្ដែង​សូ​ម្បី​តែ​កីឡាករ​ដែល​ក្លិប​ប្រមូល​មក​ធ្វើ​ជា​សិស្ស​ក៏​ភាគច្រើន​គឺជា​បុគ្គលិក​បម្រើ​ការ​ដោយ​រាប់​បញ្ចូល​ទាំង​កម្មករ​សំណង់ និង អ្នកជំនាញ​នៅ​ក្នុង​ការដ្ឋាន​ទាំងមូល​តែ​ម្ដង ដើម្បី​ក្លិប​បាន​កីឡាករ​ផង និង​បាន​កម្លាំង​ធ្វើការ​ផង​។

ក្នុង​នោះ​ក៏​ទទួល​អ្នក​ស្ម័គ្រចិត្ត​នៅ​ក្នុង​ស្រុកភូមិ​ឱ្យធ្វើ​ជា​កីឡាករ​ផង​ដែរ ទើប​ក្នុង​ក្លិប​ទាំងមូល​ក៏​មាន​ក្មេង​ៗ​មក​ហ្វឹកហាត់​ច្រើន ។ មក​ទល់​ពេល​នេះ លោក​ថា​មាន​កីឡាករ​ចេញចូល​ៗ​ច្រើន​គួរសម ដោយ​កីឡាករ​ជា​សិស្ស​ជា​ប្រចាំ​ហើយ​មក​ហ្វឹកហាត់​ជាប់លាប់​គឺ​មាន​ចំនួន​ប្រមាណ​ជា​៣៣​នាក់ ។ រាល់​កីឡាករ​ទាំងអស់​គឺ​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​ហ្វឹកហាត់​នោះ​ទេ បើ​ទោះជា​ក្លិប​ត្រូវ​រ៉ាប់រង​ប្រាក់ខែ​គ្រូបង្វឹក និង​បាយ​ទឹក​គ្រូបង្វឹក​ដែល​ត្រូវ​ចំណាយ​ច្រើន​ក្ដី ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ថា ក្លិប​មាន​ប្រាក់ខែ​ឱ្យ​កីឡាករ​បើ​ទោះជា​មិន​ប្រកួត លោក​បាន​បញ្ជាក់​ថា ការ​ពិត​មិនមែន​ជា​ប្រាក់ខែ​ជា​ថ្នូរ​នឹង​ការ​ហ្វឹកហាត់​នោះ​ទេ តែ​ជា​ប្រាក់ខែ​ដោយសារ​តែ​កីឡាករ​ទាំងនោះ​ភាគច្រើន​គឺជា​បុគ្គលិក​ប្រចាំ​ការដ្ឋាន​តែ​ម្ដង ដែល​មាន​ន័យ​ថា បុគ្គលិក​នៅ​ក្នុង​ការដ្ឋាន គឺ​ក្លិប​ប្រមូល​យក​មក​ធ្វើ​ជា​កីឡាករ ដោយ​ស៊ីប្រាក់ខែ​ជា​បុគ្គលិក ហើយ​ក៏​ជួល​គ្រូ​ប្រដាល់​ឱ្យមក​បង្វឹក ដើម្បី​បណ្ដុះ​ពួក​គេ​ឱ្យ​ក្លាយជា​កីឡាករ​តែ​ម្ដង​។

លោក​ថា កីឡាករ​រាល់ថ្ងៃ​មាន​ពី​អាយុ​៨​ឆ្នាំ​ដល់​២៦​ឆ្នាំ ហើយ​រាល់ពេល​កីឡាករ​ទាំងនេះ​ឡើង​ប្រកួត​ក្នុងស្រុក​គឺ​មិន​កាត់​ភាគរយ​នោះ​ទេ​។

សម្រាប់​កីឡាករ​ល្បី​ៗ ដូច​ជា គង់ សំបូរ និង កីឡាករ​ផ្សេង​ទៀត ដែល​សុំ​ឱ្យ​ក្លិប​ដាក់​ឈ្មោះ​ឡើង​ប្រកួត​ក្នុង​នាម​ជា​ក្លិប​គុន​ខ្មែរ​គោព្រៃ គឺ​រាល់ពេល​ឡើង​ប្រកួត​មួយ​លើក​ត្រូវ​កាត់​ចូល​ក្លិប​១០% ដែល​នេះ​គឺជា​ការ​កាត់​ចំណូល​លើ​តម្លៃ​ខ្លួន សម្រាប់​ទ្រទ្រង់​ក្នុង​ក្លិប ។

លោក ផាត សូ​ដា ធ្លាប់​បាន​បកស្រាយ​ថា ចំពោះ​អ្នក​ថា​កីឡាករ​ទាំងអស់​សុទ្ធតែ​ក្លិប​រៀបចំ​ឱ្យ​គេង​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ គឺ​មិនមែន​នោះ​ទេ ការ​ពិត​បន្ទប់​បែប​នោះ រៀបចំ​សម្រាប់​តែ​គ្រូបង្វឹក​ដែល​អាច​សម្រាក​បាន​នៅ​ក្នុង​ក្លិប​ប៉ុណ្ណោះ ។ ចំណែក​កីឡាករ​មិន​ដល់​ថ្នាក់​ត្រូវ​រៀប​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ឱ្យ​ស្នាក់​នៅ​នោះ​ទេ គឺ​គ្រាន់តែ​មាន​កន្លែង​សម្រាក​បាន​សមរម្យ​មិនអាក្រក់​មើល​តែ​ប៉ុណ្ណោះ ។ លោក​ថា ថៅកែ​ធំ​ក្នុង​គម្រោង​បង្កើត​រមណីយដ្ឋាន បូក​រួម​ទាំង​ក្លិប​ប្រដាល់​នេះ គឺ​មាន​ចំនួន​៤-៥​នាក់ ដោយ​ពួក​គាត់​សុទ្ធតែ​ជា​ជនជាតិ​ខ្មែរ​នៅ​ក្រៅប្រទេស ហើយ​បាន​សហការ​គ្នា​គ្រោង​ចំណាយ​រហូត​ដល់​៥​លាន​ដុល្លារ លើ​គម្រោង​ទាំងមូល​នេះ​។

គម្រោង​រមណីយដ្ឋាន​ទើបតែ​សាងសង់​បាន​១០%​ប៉ុណ្ណោះ ទើប​ក្រុមហ៊ុន​សម្រេច​ធ្វើ​ឱ្យ​ដើរ​ចំពោះ​ក្លិប​ប្រដាល់​មុន ហើយ​ក៏​ឃើញ​ថា ទទួល​បានការ​ចាប់អារម្មណ៍​នៅ​ក្នុង​ពេល​នេះ ។ ចំណែក​គម្រោង​បណ្ដុះ​កីឡាករ​ក្នុង​ក្លិប​ឱ្យ​ចេញ​ប្រកួតក្រៅ​ស្រុក លោក​ថា​លុះត្រា​រក​ទីផ្សារ​ឱ្យ​កូន
សិស្ស​បាន​ប្រកួត​នៅ​ខាងក្រៅ​ស្រុក​សិន ទើប​អាច​កាត់​ភាគរយ​ពី​កីឡាករ​យក​ប្រាក់​ចូល​ទ្រទ្រង់
ក្លិប ។

លោក​បញ្ជាក់​ជា​ថ្មី​ថា ស្ថានភាព​កូ​វី​ដ​-១៩ ធ្វើ​ឱ្យ​គម្រោង​ខ្លះ​របស់​ក្លិប​មានការ​ប៉ះពាល់ តែ​មិន​​ច្រើន​​នោះ​ទេ ដោយសារ​តែ​កីឡាករ​ភាគច្រើន​របស់​ក្លិប គឺ​បុគ្គលិក​របស់​ក្លិប​ដែល​មានការ​ងារ និង​ប្រាក់​ចំណូល​ច្បាស់លាស់ ទើប​ធ្វើ​ឱ្យ​កីឡាករ​របស់​ក្លិប​មិន​មាន​ករណី​រត់​ចោល​ក្លិប ព្រោះតែ​ធ្លាក់​ចុះ​ការ​ឡើង​រេញ​នោះ​ឡើយ​។ ម្យ៉ាង​មក​ពី​កីឡាករ​ទាំងនោះ ស្ថិត​នៅ​ក្នុង​ក្លិប​ផង ទើប​បញ្ហា​ហ្វឹក​ហាត់​នៅ​តែ​សកម្ម ដោយ​អាច​និយាយ​បាន​ថា គឺ​ទោះជា​បាន​ឡើង​ប្រកួត​ឬ​មិន​ឡើង​ប្រកួត​ក៏​នៅ​ហ្វឹកហាត់​ជាប់លាប់​ជា​ទម្លាប់​ទៅ​ហើយ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ