ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្ចាស់​ហាង​វិមាន​ព្រិល បំភ្លឺ​ថា លោក​ផ្កាយ​១ អត់​បាន​តាម​សុំ​ស្នេហ៍ ឫ​រក​បា.ញ់​នាង​ខ្ញុំ​ទេ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​ម្នាក់​មាន​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១) ដែល​គេ​ស្គាល់​ថា​ជា​អនុប្រធាន​នាយកដ្ឋាន បាន​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង​យីហោ​វិមាន​ព្រិល ដោយ​ការ​ដក​កាំភ្លើងខ្លី​អា​ម៉េ​គំរាម​ដល់​គូ​ជម្លោះ ។ ដោយ​ឃើញ​ស្ថានការណ៍​មិន​ស្រួល ក៏​បាន​ព្យាយាម​រត់គេច ផ្អើល​សមត្ថកិច្ច​ដេញ​តាម​ឆ្លង​ខណ្ឌចំការមន…

រាជធានី​ភ្នំពេញ ៖ នគរបាល​ម្នាក់​មាន​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១) ដែល​គេ​ស្គាល់​ថា​ជា​អនុប្រធាន​នាយកដ្ឋាន បាន​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង​យីហោ​វិមាន​ព្រិល ដោយ​ការ​ដក​កាំភ្លើងខ្លី​អា​ម៉េ​គំរាម​ដល់​គូ​ជម្លោះ ។ ដោយ​ឃើញ​ស្ថានការណ៍​មិន​ស្រួល ក៏​បាន​ព្យាយាម​រត់គេច ផ្អើល​សមត្ថកិច្ច​ដេញ​តាម​ឆ្លង​ខណ្ឌចំការមន និង​ខណ្ឌ​ច្បារ​អំពៅ ទើប​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ ។

ហាង​ផឹកស៊ី​យីហោ​វិមាន​ព្រិល ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន មាន​ម្ចាស់​ហាង​រូប​ស្រស់​ត្រកាល​ឈ្មោះ លី​លី ស្នាក់​នៅផ្ទះ​១៣៦ ជា​ហាង​វិមាន​ព្រិល​នេះ​តែ​ម្តង ។

ក្រោយ​កើតហេតុ មាន​អ្នក​សារព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត​ថា​«​ខឹង​លួងលោម​សុំ​ស្នេហ៍​ស្ត្រី​ម្ចាស់​ហាង​វិមាន​ព្រិល មិន​បាន ដក​កាំភ្លើង​គំរាម​»​ខ្លះ​ទៀត​ចុះ​ផ្សាយ​ថា​«​លេប​ខា​យ​សម្ដី​ស្នេហា​ម្ចាស់​ហាង រហូត​ឈាន​ទៅ​ទាស់​គ្នា​ប្រើប្រាស់​កាំភ្លើង​គំរាម​» ។ បន្ទាប់​មក​នៅ​ល្ងាច​ថ្ងៃ​ទី​១២ សីហា ២០២០ កញ្ញា​លី​លី ម្ចាស់​ហាង​វិមាន​ព្រិល បាន​ចេញ​មក​ធ្វើការ​ស្រាយ​បំភ្លឺ តាមការផ្សាយផ្ទាល់ដោយ​អះអាង​ថា «​លោក​ផ្កាយ​មួយ មិនមែន​សុំ​ស្នេហ៍​រូប​នាង​ទេ ហើយ​ក៏​មិន​បាន​រក​បាញ់​នាង​ខ្ញុំ​អី​ដែរ គាត់​ជា​បងប្រុស​ដែល​ស្គាល់គ្នា​ជា​យូរ​មក​ហើយ ហើយ​មានរឿង​នៅ​ហាង​នាង​ខ្ញុំ នាង​ខ្ញុំ គ្រាន់តែ​ចូល​មក​បំភ្លឺ​ទេ សុំ​អង្វរ​អស់លោក​សារ​ព័​ត៍​មាន​ទាំងឡាយ​អើយ រឿង​ខ្លះ​អាច​ចុះ​ទៅ​ធ្វើ​អោយ​គេ​មានរឿង រឺ​អស់លោក​សប្បាយចិត្ត​ណាស់ ពេល​ឃើញ​ខ្មែរ​ដូច​គ្នា​ឈ្លោះ​គ្នា ? ធ្វើ​ជា​អ្នក​សារ​ព័​ត៏​មាន ត្រូវ​ដឹង​រឿង​អោយ​ច្បាស់​សិន មិនមែន​ចេះ​តែ​ចុះ​ទេ ធ្វើ​អោយ​ខូច​ឈ្មោះ​នាង​ខ្ញុំ​អស់ នាង​ខ្ញុំ​សុំ​បញ្ចា​ក់ថា គាត់​មិន​បាន​សុំ​ស្នេហ៍​នាង​ខ្ញុំ ហើយ​ក៏​អត់​បាន​ញ៉ែ​នាង​ខ្ញុំ​អី​ដែរ ហើយ​ក៏​មិន​បាន​រក​បាញ់​អី​នាង​ខ្ញុំ​ដែរ ។ សុំ​កុំ​យក​រូប​នាង​ខ្ញុំ​ផុស​ត​ទៀត ។ អស់លោក​សារព័ត៌មាន កុំ​ដោយសារ​ប្រ​យ​យោន៍​របស់​ខ្លួន រួច​បំផ្លាញ​អ្នក​ដទៃ​» ។

លោក​ផ្កាយ​១ ដែល​ដក​កាំភ្លើងខ្លី​គំរាម​គេឯង​ត្រូវ​បានឱ្យ​ដឹង​ថា​ឈ្មោះ ជិន សា​មឺ​ឌី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​តួនាទី​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន ក្រសួងមហាផ្ទៃ ។ ជាមួយនឹង​ការ​តាម​ឃាត់ខ្លួន​នៅ​វេលា​រំលង​អធ្រាត្រ​នោះ
សមត្ថកិច្ច​បាន​ដកហូត​កាំភ្លើង​ម៉ាក​CF 98 មួយ​ដើម និង​រថយន្ត​ឡិច​ស៊ី​ស RX400h ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ នគរបាល 2-7119 មួយ​គ្រឿង​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​លោក​ផ្កាយ​១ បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ភោជនីយដ្ឋាន វិមាន​ព្រិល ដែល​ជា​ភោជនីយដ្ឋាន​ទើបនឹង​បើក​សម្ពោធ​នៅ​យប់​នោះ​តែ​ម្តង ។ ខណៈ​ពេល​អង្គុយ​ផឹកស៊ី​បាន​បន្តិច ក៏​មានការ​ជះ​កំហឹង​រហូត​ឌឺដង​ដាក់​គ្នា​ជាមួយនឹង​អ្នក​ដែល​អង្គុយ​ផឹកស៊ី​នៅ​តុ​ក្បែរ​គ្នា​នោះ ដែល​គេ​ដឹង​ថា​ជា​សមត្ថកិច្ច​ដូច​គ្នា ។ ភ្លាម​ៗ​នោះ​ត្រូវ​បាន​ស្ត្រី​ម្ចាស់​ហាង​នាំ​គ្នា​ឃាត់ ទើប​លោក​ផ្កាយ​១​ដើរ​ចេញ​ហើយ​បើករថយន្ត​ទៅ​ក្រៅ​បាត់ ។
ប្រភព​បាន​បន្ត​ទៀត​ថា លុះ​មួយសន្ទុះ​ក្រោយមក លោក​ផ្កាយ​១​បាន​បើករថយន្ត​របស់​ខ្លួន​ត្រឡប់​មក​វិញ ឈប់​នៅ​មុខ​ហាង ហើយ​បាន​ដើរ​ចូល​មក​ក្នុង​ហាង​វិញ និង​ដក​កាំភ្លើងខ្លី​អា​ម៉េ​គំរាម​អ្នក​នៅ​ក្នុង​ហាង​ផឹកស៊ី តែ​មិន​បាន​បាញ់​ទេ​។ គាប់​ជួន​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ល្បាត​នៅ​ទីនោះ​ក៏​បាន​បង្ហាញ​វត្តមាន​ត្រៀម​ធ្វើ​អន្តរាគមន៍ ។ ដោយ​ឃើញ​កងកម្លាំង​ច្រូងច្រាង​លោក​ផ្កាយ​មួយ​តែ​ម្នាក់ឯង​បាន​ព្យាយាម​បើករថយន្ត​ដើម្បី​រត់គេច តែ​ពេល​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​បាន​បោះដៃ​តាម​វិទ្យុទាក់ទង​ឱ្យ​គ្រប់​បណ្ដា​ខណ្ឌ​ជួយ​ឃាត់​តាម​ភិនភាគ​រថយន្ត​រហូត​ដល់​ចំណុច​ផ្លូវជាតិ​លេខ​១ ជិត​សាលា​អន្តរជាតិ​បែ​ល​ធី សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ទើប​ឃាត់​រថយន្ដ និង​អ្នកបើកបរ​បាន ព្រមទាំង​ដកហូត អាវុធ​ខ្លី ម៉ាក CF98 ពណ៌​ខ្មៅ មួយ​ដើម ហើយ​សមត្ថកិច្ច​នាំ​ខ្លួន​បុរស​ខាងលើ​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​តែ​ម្ដង ។

ជុំវិញ​ករណី​ខាងលើ​សង្ស័យ​រឿង​ប្រចណ្ឌ​នារី​ជា​សង្សារលោក​ផ្កាយ​១ ទើប​ផ្ទុះ​កំហឹង​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ ធ្វើ​ចិត្តសឿង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ក្លាហាន​ដែល​បាន​ចាប់​ឃាត់ខ្លួន​នេះ​ឈ្មោះ ជិន សា​មឺ​ឌី អាយុ​៣២​ឆ្នាំ មាន​ឋានន្តរសក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១) មាន​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ក្រុមហ៊ុន​សន្តិសុខ​ឯកជន នៃ​ក្រសួង​មា​ហា​ផ្ទៃ មាន​ទីលំនៅ​ផ្ទះ​លេខ​១៥​វេ ផ្លូវ​លេខ ១៩៥ ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ប្រភព​បាន​បន្ត​ថា មុន​ពេល​កើតហេតុ លោក​ផ្កាយ​មួយ​វ័យក្មេង​រូប​នេះ បាន​ជិះ​រថយន្ត​ម៉ាក Lexus RX 400h ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​នគរបាល​២-៧១១៩ មួយ​គ្រឿង ដោយ​មិនដឹង​មាន​អ្នក​ណា​មក​ជាមួយ​ខ្លះ​ទេ ដោយ​គ្រាន់តែ​បានដឹង​ថា​ក្នុង​ចំណោម​នោះ ក៏​មាន​នារី​ម្នាក់​ជា​សង្សារ​របស់​គាត់​មក​ផឹកស៊ី​ជាមួយ​ដែរ ។

តាម​ប្រភព​ថា សង្សារលោក​ផ្កាយ​១​ជា​មិត្តភក្តិ​ថៅកែ​ស្រី​ម្ចាស់​ហាង​នេះ​ដែរ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះដល់​វេលា​រំលង​អធ្រាត្រ ទំនងជា​ម្នាក់​ៗ​សុទ្ធតែ​មាន​សភាព​ស្រវឹង​រៀង​ៗ​ខ្លួន លោក​ផ្កាយ​១ ជា​អនុប្រធាន​នាយកដ្ឋាន​ក៏​មានការ​ទាស់សម្តី​គ្នា​ជាមួយនឹង​នារី​ជាស​ង្សា​របស់​ខ្លួន​ទំនងជា​រឿង​ប្រចណ្ឌ ក៏​បាន​ដក​កាំភ្លើងខ្លី​ម៉ាក CF 98 មួយ​ដើម ចេញពី​ចង្កេះ​មក​អា​ម៉េ តែ​មិន​មានការ​បាញ់បោះ​អ្វី​ទេ ក៏​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង ។

ការ​ផ្ទុះ​កំហឹង​និង​ដក​កាំភ្លើង​សម្ញែង ក្នុង​ហាង​បែប​នេះ​ដោយ​លោក​ផ្កាយ​១ រហូត​កម្លាំង​មាន​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​នាំ​មក​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន ហើយ​ក៏​បាន​បញ្ជូន​បន្ត​ទៅ​កាន់​នាយកដ្ឋាន​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​នៃ​ក្រសួងមហាផ្ទៃ ដែល​ជា​អង្គភាព​របស់​លោក​ដើម្បី​ចាត់ ការ​ទៅ​តាម​វិន័យ​របស់​កងកម្លាំង ក្រោយ​ពី​នារី​ជា​ម្ចាស់​ហាង​ដ៏​ស្រស់​សោភា​ក៏​បាន​ចូលខ្លួន​មក​បំភ្លឺ​ពី​ហេតុការណ៍​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ