សហភាពអឺរ៉ុបផ្តល់ហិរញ្ញវត្ថុជាង ២ លានអឺរ៉ូ ដល់អង្គការដៃគូ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សហភាពអឺរ៉ុប (EU) បានផ្ដល់ជំនួយហិរញ្ញវត្ថុជាង ២ លានអឺរ៉ូ (ឬប្រមាណជាង 2.3លានដុល្លារអាមេរិក) ដល់អង្គការតម្លាភាពកម្ពុជា…
រាជធានីភ្នំពេញ ៖ សហភាពអឺរ៉ុប (EU) បានផ្ដល់ជំនួយហិរញ្ញវត្ថុជាង ២ លានអឺរ៉ូ (ឬប្រមាណជាង 2.3លានដុល្លារអាមេរិក) ដល់អង្គការតម្លាភាពកម្ពុជា…
រាជធានីភ្នំពេញ ៖ សហភាពអឺរ៉ុប (EU) បានផ្ដល់ជំនួយហិរញ្ញវត្ថុជាង ២ លានអឺរ៉ូ (ឬប្រមាណជាង 2.3លានដុល្លារអាមេរិក) ដល់អង្គការតម្លាភាពកម្ពុជា អង្គការអាក់សិនអេតកម្ពុជា និងអង្គការដៃគូមួយចំនួន ដើម្បីអនុវត្តកម្មវិធីយុទ្ធសាស្ត្ររយៈពេល ៣ ឆ្នាំនេះ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយ និងគម្រោងមួយទៀត គឺ «ពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីវ័យក្មេងក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគណនេយ្យភាព» ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុនេះបានធ្វើឡើង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ រវាងអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា រួមទាំងអង្គការដៃគូអនុវត្តគម្រោងសរុបចំនួន៩ស្ថាប័ន ដែលនឹងរួមចំណែកនៅក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្រនេះផងដែរ ។
ដោយឡែកក្នុងពេលដដែលនេះដែរ អង្គការតម្លាភាពកម្ពុជាក៏បានទទួលមូលនិធិស្នូលពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ដើម្បីអនុវត្តកម្មវិធីយុទ្ធសាស្ត្ររយៈពេល៣ឆ្នាំនេះក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយផងដែរ ។
សូមជម្រាបថា គម្រោងអនុវត្តកម្មវិធីយុទ្ធសាស្ត្ររយៈពេល៣ ឆ្នាំនេះបាននឹងកំពុងអនុវត្ត នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនក្នុងគោលដៅចំនួន៩ ដែលបានចាប់អនុវត្តកាលពីខែមករា ឆ្នាំ២០២០ និងត្រូវបញ្ចប់នៅខែធ្នូ ឆ្នាំ២០២២ មកម្ល៉េះ ហើយការអនុវត្តគម្រោងនេះផងដែរ គឺដើម្បីបង្កើតបរិយាកាសអំណោយផល និងពង្រឹងសិទ្ធិអំណាចយុវជន ជាពិសេសស្ត្រីវ័យក្មេង ក្នុងការចូលរួមសកម្មភាពក្នុងដំណើររការសម្រេចចិត្ត ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសយកចិត្តទុកដាក់លើតម្រូវការយេនឌ័រ និងតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបែបច្នៃប្រឌិត និងផ្តល់ឱកាស ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីទទួលបន្ទុកក្នុងការសម្រេចចិត្ត និងមន្ត្រីផ្តល់សេវាសាធារណៈនានានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការអាក់សិនអេតកម្ពុជាបានលើកឡើងថា «គម្រោងនេះយុវជននិងដើរតួនាទី យ៉ាងសំខាន់ ក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់គណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈ និងឆ្លើយតបនឹងតម្រូវការយេនឌ័រ ។ ដូច្នេះហើយវត្តមានរបស់អង្គការសង្គមស៊ីវិល ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងយុវជននិងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអនុវត្តគម្រោងនេះ»។ នៅក្នុងពិធីនេះដែរ អង្គការតម្លាភាពកម្ពុជា ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូដើម្បីបន្តការគាំទ្រដល់សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) និងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC)។
អង្គការតម្លាភាពកម្ពុជា និងបន្តកិច្ចសហការជាមួយស៊ីខៅឌូ ដើម្បីបន្តពង្រឹងភាពជាអ្នកដឹកនាំសហជីពជាស្ត្រី នៅក្នុងសកម្មភាពលើកកម្ពស់ការយល់ដឹង និងកសាងសមត្ថភាព ដើម្បីបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងសហជីពក៏ដូចជា លើកកម្ពស់អភិបាលកិច្ចនៅក្នុងវិស័យកាត់ដេរឱ្យកាន់តែប្រសើរឡើង ។ លើសពីនេះទៀតអង្គការតម្លាភាពកម្ពុជាក៏បានបន្តកិច្ចសហប្រតិបត្តិការ ជាមួយសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) ដើម្បីលើកកម្ពស់សុចរិតភាពធុរកិច្ចតាមបណ្តាលសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការរួមគ្នា ដែលមានស្ថានប័នមួយចំនួនដូចជា រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងសមាគមធុរកិច្ចដែលពោពេញទៅដោយជំនាញ និងបទពិសោធន៍ផ្សេងៗគ្នា នឹងរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តគម្រោង ប្រកបទៅដោយភាពជោគជ័យ ។ យើងជឿជាក់យ៉ាងមុតមាំថា យើងនឹងកាន់តែរឹងមាំ ហើយអនុវត្តគម្រោងបានកាន់តែល្អប្រសើរ នៅពេលដែលយើងមានគោលដៅច្បាស់លាស់ និងសហការជាមួយគ្នាល្អ» ៕
ចែករំលែកព័តមាននេះ