កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​បើកផ្លូវ​ឱ្យ​កម្ពុជា​ពង្រីក​សក្តានុពល​នាំ​ចេញ​អង្ករ


រាជធានី​ភ្នំពេញ ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​កូរ៉េ នឹង​ចាប់​ចរាចរណ៍​នា​ពេល​ខាង​មុខ ដ៏​ខ្លី​នេះ ហើយ​មុន​ឈាន​ឆ្ពោះទៅ​រក​កិច្ចចរចា​ជា​ផ្លូវការ កម្ពុជា​បាន​ធ្វើ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ផ្តល់ និង​ទទួល​ព័ត៌មាន​ជាមួយ​វិស័យ​ឯកជន​។ ក្នុង​នោះ​វិស័យ​ឯកជន​មើលឃើញ​ថា ការ​ចរច​ពាណិជ្ជកម្ម​សេរី ទ្វេភាគី នេះ​គឺជា​ការ​បើក​ច្រក ឬ​បើកផ្លូវ​ឱ្យ​កម្ពុជា​ពង្រីក​សក្តានុពល​នាំ​ចេញ​អង្ករ​របស់​ខ្លួន ទទួល​បាន ជោគជ័យ​។

បើ​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អះអាង​ថា «​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​បើកផ្លូវ​ដល់​កម្ពុជា​ពង្រីក​នូវ​សក្តានុពល​ការ​នាំ​ចេញ​អង្ករ ក៏​ដូច​ជា​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា តួយ៉ាង​ផ្តោត​លើ​អង្ករ​ដែល​មាន​លក្ខណៈ​ពិសេស​ដូច​ជា អង្ករ​សរីរាង្គ និង​អង្ករសំរូប​ជាដើម​។ នេះ​ជា​ការ​លើក​ឡើងជា​ធាតុ​ចូល​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​»​។ លោក ស៊ី​ម សុខ​ខេ​ង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ចរចា​លើក​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ បានឱ្យ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​១២ សីហា នេះ​ថា ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយនឹង​កូរ៉េ​នឹង​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ហើយ​ការ​ចរចា ឬ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​។

តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន ៤២៦.០៧៣ តោន ក្នុង​រយៈពេល ៧​ខែ នៅ​ក្នុង​ឆ្នាំ​២០២០ ដែល​គិត​ជា​កំណើន មាន​ប្រមាណ​ជា ៣៨.៣៣% ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា ឆ្នាំ​២០១៩​។ បើ​យើង​ប្រៀបធៀប​កំណើន​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ (២០១៥-២០១៩) នោះ យើង​ឃើញ​ថា កំណើន​នៃ​ការ​នាំ​ចេញ​របស់​យើង ក្នុង​រយៈពេល​៧​ខែ ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០២០​នេះ មាន​ភាព​មិន​នឹងនរ ដែល​មាន​មធ្យមភាគ​ក្រោម​១%​។ បើ​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​គូសបញ្ជាក់​ថា « ចំពោះ​កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០២០​នេះ មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ នេះ​គឺ​ដោយសារ​៖

១- តម្រូវការ​ស្បៀង​ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​-១៩ នៅ​តាម​បណ្តា​ប្រទេស​នាំ​ចូល​, ២-​ការ​ថយ​ចុះ​នៃ​អត្រាពន្ធ​នាំ​ចូល​របស់​អង្ករ​កម្ពុជា ទៅ​កាន់​ទីផ្សារ សហគមន៍​អឺរ៉ុប​ពី ១៧០​អឺ​រ៉ូ មក ១៥០​អឺ​រ៉ូ​, ៣-​បរិមាណ និង​សុពលភាព​នៃ​កូតា​នាំ​ចូល​អង្ករ​កម្ពុជា ទៅ​កាន់​ទីផ្សារ​ចិន​នៅ​មាន​ចំនួន​ច្រើន រួម​នឹង​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទៅ​កាន់​ទីផ្សារ​ហុងកុង អូស្ត្រាលី រុ​ស្សី និង ញូ​ហ្សេ​ឡេ​ន​ជាដើម​, ៤-​ការ​ធ្វើ​ពិពិធ​កម្ម​ប្រភេទ​អង្ករ ពី​អង្ករ​កិន​ធម្មតា​ទៅ​រក​ទីផ្សារ​អង្ករសម្រូប អង្ករ​សរីរាង្គ​, ៥-​ការ​រក្សា​បាន​កំណើន​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ប្រទេស​ប្រ៊ុ​យ​ណេ និង ប្រទេស​ហ្កា​ប៊ុ​ង ដែល​ប្រទេស​ទាំង​បី​នេះ​កាន់កាប់​ចំណែក​ទីផ្សារ​ប្រទេស​កម្ពុជា ជិត​១៥% នៃ​បរិមាណ​អង្ករ​នាំ​ចេញ​សរុប​»៕ ដោយ ៖ ឡុ​ង សា​រ៉េ​ត

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ