បិទ​យានដ្ឋាន​កែ​ច្នៃ​រថយន្ត​ខុសច្បាប់ ដែល​ម្ចាស់​បង្វែរ​ជួល​ទៅ​ឱ្យ​ឧកញ៉ា​ម្នាក់


ខេត្តបន្ទាយមានជ័យ ៖ យានដ្ឋាន​កែ​ច្នៃរថយន្ត​ខុសច្បាប់​មួយ​កន្លែង បាន​ត្រូវ​មន្ត្រី​មន្ទីរ​សាធា រណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ចុះ​ទៅ​បិទ ហើយម្ចាស់​បាន​ផ្ទេរ​ដោយ​ការ​ជួល​ទៅ​ឲ្យ​ឧកញ៉ា​ម្នាក់
តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើយ គឺ​ត្រូវ​តែ​បិទ ព្រោះ​នេះ​ជា​បទបញ្ជា​អភិបាលខេត្ត ។

លោក សុក ស៊ី​ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ថ្លែង​ថា ការ​ចុះ​ទៅ​បិទ​យាន
ដ្ឋា​ន​នេះ​មាន​មន្ត្រី​ចម្រុះ​ដែល​មាន មន្ទីរ​សា​ធារ​ណ​ការ​និង​ដឹក​ជញ្ជូន​ខេត្ត កម្លាំង​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​។

យានដ្ឋាន​កែ​ច្នៃ​រថយន្ត​ខាងលើ មាន​ម្ចាស់​ឈ្មោះ ឆាយ ឈាន មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​គោរ​ដ្ឋា​ន
សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ត្រូវ​បាន​បិទ​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០​កន្លង
ទៅ ។

ប៉ុន្តែ​ក្រោយ​ពី​តម្រូវ​ឲ្យ​បិទ ក្រោយមក​ក្រុម​មន្ត្រី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជិតខាង​ប្រាប់​ថា យានដ្ឋាន​នេះ ឈ្មោះ ឆាយ ឈាន បិទទ្វារ​តែ​ខាងក្រៅ​ទេ តាម​ពិត​នៅ​បន្ត​លួច​ធ្វើ​នៅ​ខាងក្នុង ។ ពេល​នោះ​មន្ត្រី​ជំនាញ​បាន​ទៅ​ណែនាំ​ឲ្យ​បញ្ឈប់ ហើយ​ម្ចាស់​ឆ្លើយ​តប​ថា យាន​ដ្ឋា​ន​នេះ​បាន​ជួល​ឲ្យ​ឧកញ៉ា​ម្នាក់​ធ្វើ​បន្ត​ហើយ ។

លោក សុក ស៊ី​ថា បញ្ជាក់​ថា មូលហេតុ​ដែល​មន្ត្រី​ជំនាញ​ចុះ​បិទ​យានដ្ឋាន​នេះ ព្រោះ​ធ្វើ​អាជីវកម្ម​ល្មើសច្បាប់ ដោយ​សុំ​អនុញ្ញាត​ច្បាប់​ជួសជុល តែ​លួច​កែ​ច្នៃ​រថយន្ត​ខុស​បច្ចេកទេស​ទើប​រដ្ឋបាល​ខេត្ត​បិទ​តាម​ការ​ណែនាំ​ពី​អភិបាល​ខេត្ត មិន​ឲ្យ​ដំណើរការ​បន្ត​ទៀត ។ បើសិនជា​នៅ​តែ​លួច​បន្ត​កែ​ច្នៃ​ទៀត មន្ត្រី​ជំនាញ​ស្រាវជ្រាវ​ដឹង​នឹង​ចាត់វិធានការ​ទៅ​តាម​ច្បាប់​តែ​ម្តង ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ