ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ EBA ផ្លូវការ​នៅ​ថ្ងៃនេះ ខណៈ GMAC​ថា​កូ​វី​ដ​១៩ ជា​រឿង​ធំ​ជាង​EBA

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១២ ខែសីហា​២០២០​នេះ សហភាព​អឺរ៉ុប​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​» ឬ Everything But Arms…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១២ ខែសីហា​២០២០​នេះ សហភាព​អឺរ៉ុប​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​» ឬ Everything But Arms (EBA)​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ចំនួន​២០​ភាគរយ តាម​ការ​សម្រេច​កាលពី​ខែកុម្ភៈ ​២០២០ ដោយហេតុ​ថា កម្ពុជា​បាន​រំលោភសិទ្ធិ​មនុស្ស​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ចេញ​ថ្ងៃ​ទី ១២ ខែសីហា ឆ្នាំ​២០២០ ។

យ៉ាងណាមិញ​ លោក​កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​ង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា GMAC បានអោយ​ដឹង​ថា GMAC មិន​មាន​ប្រតិកម្ម​អ្វី​ទេ ពាក់ព័ន្ធ​នឹង​ការ​ដក​EBA នេះ ក៏​ប៉ុន្តែ​GMAC សម្ដែង ការ​សោកស្ដាយ​ហើយ​យើង​បានដឹង​ជា​យូរ​ហើយពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ។

លោក​បាន​និយាយ​ថា «​ការ​ដក​មាន​តែ​៤០​បន្ទាត់​ពន្ធគយ​ទេ ដូច្នេះ​នៅ​មាន​បន្ទាត់​ពន្ធគយ​ជា​ច្រើន​ទៀត​ដែល​កម្ពុជា​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ចាំ​ចូល​សហគមន៍​អឺរ៉ុប » ។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ដែល​ផ្ដល់​ជូន​ប្រទេស​កំពុង​អភិវឌ្ឍន៍ រួម​ទាំង​កម្ពុជា កន្លង​មក​គឺ​ត្រូវ​បាន​ទំនិញ​គ្រប់យ៉ាង​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដោយ​មិន​បង់ពន្ធ​លើកលែងតែ​អាវុធ​និង​គ្រាប់រំសេវ ។ គិត​ត្រឹម​ថ្ងៃនេះ ១២ សីហា​នេះ ផលិតផល​នាំ​ចេញ​ធម្មតា​របស់​កម្ពុ​ជាមួយ​ចំនួន​ដូច​ជា សម្លៀក​បំពាក់ និង​ស្បែកជើង ផលិតផល​សម្រាប់​ធ្វើ​ដំណើរ និង​ស្ករ នឹង​ត្រូវ​យកពន្ធ​ឡើង​វិញ​នៅ​ពេល​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។

ជុំវិញ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​ផ្នែក​ខ្លះ​» ពី​កម្ពុជា​នេះ ឬ​ដក ២០% ខាង​សហភាព​អឺរ៉ុប​បាន​ពន្យល់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា ការ​អនុគ្រោះ​ដែល​ទទួល​បាន​ដោយ​ប្រទេស​កម្ពុជា​ក្រោម រៀបចំ​ឡើង​ដោយ​ពាណិជ្ជកម្ម​របស់​សហភាព​អ៊ឺ​រ៉ុ​ប​សម្រាប់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិច​បំផុត​ឥឡូវនេះ​ត្រូវ​បាន​ដក​ចេញ​ជា​បណ្តោះអាសន្ន​ពី​កម្ពុជា​ដោយសារ​តែ​ការ​ព្រួយបារម្ភ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស​។

ការ​ដកសិទ្ធិ​អនុគ្រោះ​ចូល​ទីផ្សារ​អឺរ៉ុប​ទាក់ទង​នឹង​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ប្រមាណ ២០ ភាគរយ​។​តែ​ប្រទេស​កម្ពុជា​នៅ​តែ​អាច​នាំ​ចេញ​ផលិតផល​ទាំងនោះ​ទៅ​កាន់​សហភាព​អឺរ៉ុប ប៉ុន្តែ​កម្ពុជា​នឹង​ត្រូវ​បង់ពន្ធ​ទូទៅ​ដែល​អនុវត្ត​ចំពោះ​សមាជិក​ផ្សេង​ទៀត​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ៨០% ទៀត​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​នៅ​តែ​បន្ត​ទទួល​បានការ​អនុគ្រោះ (​ដោយ​មិន​គិត​ពន្ធ​កូតា​) ចូល​ទីផ្សារ​អឺរ៉ុប​។

ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​ពី​កម្ពុជា​គឺ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ពិភពលោក​ក៏​ដូច​ជា កម្ពុជា​បាន​ជួបនឹង​វិបត្តិ​កូ​វី​ដ​១៩ ដោយ​បាន​ធ្វើ​អោយ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​កម្ពុជា​ជាង​៤០០​បាន​ផ្អាក​ដំណើរការ​និង​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ​១៥​ម៉ឺន​នាក់​អត់​មានការ​ងារ​ធ្វើ ខណៈ​កាលពី​ពេល​កន្លង​ទៅ​នេះ​ដែរ ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ព្យាករណ៍​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​នឹ​អ​ធ្លាក់​ចុះ​ប្រមាណ​៥,៥​ភាគរយ​ក្នុងឆ្នាំនេះ ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​សមាគម​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា បានអោយ​ដឹងផង​ដែរ​ថា សេចក្តី​សម្ដេច​របស់​គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១១​ខែកុម្ភៈ ២០២០​កន្លង​ទៅ បាន​ដក​អត្ថប្រយោជន៍​សម្រាប់​បន្ទាត់​ពន្ធ​សរុប​ចំនួន ៤០ ខ្សែបន្ទាត់​ពន្ធ​លើ​ស្ករ​ចំនួន​១ ខ្សែបន្ទាត់​ពន្ធ​លើ​ផលិតផល​ធ្វើ​ដំណើរ​ចំនួន​៥ ខ្សែបន្ទាត់​ពន្ធ​លើ​ផលិតផល​សម្លៀក​បំពាក់​ចំនួន​២៥ និង​ខ្សែបន្ទាត់​ពន្ធ​ផលិតផល​ស្បែកជើង​ចំនួន​៩ ។

លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​សេ​ចក​ក្តី​សម្រេច​សហភាព​អឺរ៉ុប ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០​ភាគរយ​ពី​កម្ពុជា ហើយ​ក៏​រំពឹង​ថា​ការ​បាត់បង់​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា​នឹង​កើត​មាន​ឡើង ដោយសារ​តែ​ការ​បាត់បង់​អ្នកបញ្ជា​ទិញ​មួយ​ចំនួន​ផង​ដែរ ។

លោក​បន្ត​ថា​សម្រាប់ រាជរដ្ឋាភិបាល​ដែល​កន្លង​មក​ធ្លាប់​ប្រកាស​ថា​មាន​ទុនបម្រុង​សម្រាប់​ទប់ទល់​ជាមួយនឹង​EBA គួរ​យក​ទុនបម្រុង​នោះ ទុក​ដោះស្រាយ​លើ​កម្មករ​ដែល​បាត់បង់​ការងារ​និង​ត្រៀម​សម្រាប់​ជួយ​ពួក​គាត់​នៅ​ពេល​មាន​វិបត្តិ​ធ្ងន់ធ្ងរ ។​លោក​ថា​៖« វិស័យ​កាត់ដេរ នៅ​តែ​មាន​សារសំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​ការ​បាត់បង់​ផ្នែក​ខ្លះ​នៃ​EBA រដ្ឋាភិបាល​គួរតែ​ជំរុញ​ទៅ​លើ​វិស័យ​ផ្សេង​ទៀត​ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច ដូច​ជា​សេវាកម្ម​ទេសចរណ៍ និង​កសិកម្ម​ជាដើម »​។

លោក​បន្ថែម​ថា បើសិនជា​ស្ថានភាព​កូ​វី​ដ​១៩​នៅ​កម្ពុជា និង​លើ​ពិភពលោក​បាន​ធូរស្រាល​ឡើង​វិញ លោក​ជឿជាក់​រដ្ឋាភិបាល​នឹង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​អោយ​ងើប​ប្រសើរ​ឡើង​វិញ នៅ​ពេល​ឆាប់​ៗ​នេះ​ពីព្រោះ​ថា​ក្រៅពី​ទីផ្សារ​អឺរ៉ុប រដ្ឋាភិបាល​ក៏​បាន​រក​ទីផ្សារ​ផ្សេង​ៗ​បាន​ច្រើន និង​អាច​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា បាន​កាន់តែ​ច្រើន​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ