មហាសេដ្ឋី​ចេក ម៉ា ប្រាប់​មក​ថា​ការងារ​ដំបូង​របស់​អ្នកជា​ការងារ​ដែល​សំខាន់​ជាងគេ


សម្រាប់​មនុស្ស​ភាគច្រើន ការងារ​ដំបូង​របស់​ពួក​គេ​ប្រហែលជា​ការងារ​កំប៉ិកកំប៉ុក​ដែល​ពួក​គេ​មិន​ឲ្យ​តម្លៃ​ច្រើន​ទេ​ ។ ប៉ុន្តែ​យោង​ទៅ​តាម​លោក​មហាសេដ្ឋី​ចេក ម៉ា (Jack Ma) ដែល​ជា​សហ​ស្ថាបនិក​របស់ Alibaba វិញ​បាន​ឲ្យ​ដឹង​ថា វា​ជា​ការងារ​ដែល​សំខាន់​ជាងគេ​សម្រាប់​អ្នក ​។ លោក​បាន​ចែករំលែក​ទស្សនៈ​នេះ​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​កាលពី​ឆ្នាំ ២០១៩​ ។

វា​មិនមែន​មាន​ន័យ​ថា ​វា​ត្រូវ​តែ​ជា​ការងារ​ក្នុង​ក្តី​សុបិន​របស់​អ្នក ឬ​ជា​ការងារ​ដែល​អ្នក​ចូល​ចិត្ត​ធ្វើ​ទេ​ ។ ប៉ុន្តែ​វា​មាន​ន័យ​ថា វា​ត្រូវ​តែ​ជា​ការងារ​ដែល​អ្នក​អាច​រៀនសូត្រ​ពី​អ្នក​ដទៃ និង​អាច​អភិវឌ្ឍន៍​ខ្លួន​បន្ថែម​បាន ​។

លោក​បាន​បកស្រាយ​ទៀត​ថា «​វា​មិន​ចាំបាច់​ជា​ការងារ​ក្នុង​ក្រុមហ៊ុន​មួយ​ដែល​មានឈ្មោះ​ល្អ​ទេ តែ​អ្នក​ត្រូវ​តែ​រក​ចៅហ្វាយ​ដែល​ល្អ​ដែល​អាច​បង្រៀន​អ្នក​ពី​ការ​ធ្វើ​ជា​មនុស្ស ពី​ការ​ធ្វើ​កិច្ចការ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​អ្នក​គួរតែ​បន្ត​នៅ​ទីនោះ​។​»

ប្រសិនបើ​អ្នក​រកបាន​ការងារ​នោះ​ហើយ អ្នក​ត្រូវ​តែ​នៅ​ទីនោះ​ និង​អនុញ្ញាត​ឲ្យ​ខ្លួនឯង​ប្រទះ​ឃើញ​ចំណុចខ្លាំង និង​គោលដៅ​ដែល​អ្នក​ចង់​សម្រេច​ ។ លោក​បាន​បន្ថែម​ថា «​អ្នក​គួរតែ​សន្យា​ជាមួយ​ខ្លួនឯង​ថា ខ្ញុំ​នឹង​នៅ​ទីនោះ​ឲ្យ​បាន៣​ឆ្នាំ ​។ បន្ទាប់​មក អ្នក​អាច​ប្តូរ​កន្លែង​ការងារ​អ្នក​ហើយ​។​»

លោក​ម៉ា បាន​ចែករំលែក​ទៀត​ថា លោក​បាន​មើលឃើញ​បុគ្គលិក​ក្មេង​ៗ​ឧស្សាហ៍​ចាក​ចេញពី​ការងារ​ក្នុង​រយៈពេល​ខ្លី​ដោយ​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​ចំណាយពេល​គ្រប់គ្រាន់​ជាមួយ​ស្ថាប័ន​ការងារ​ផង​ ។ ដំបូន្មាន​របស់​លោក​ម៉ា​ នេះ​ឆ្លុះ​បញ្ចាំង​ពី​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​របស់​លោក​ ។ លោក​ម៉ា​ចាប់ផ្តើម​អាជីព​របស់​លោក​ជា​គ្រូបង្រៀន​ក្នុង​ប្រទេស​ចិន មុន​នឹង​បង្កើត​ក្រុម​មួយ​ដើម្បី​ចាប់ផ្តើម​ក្រុមហ៊ុន Alibaba​ ។

លោក​បាន​និយាយ​ថា «​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ពុះពារ​អស់​២០​ឆ្នាំ​មកនេះ ​គឺ​មក​ពី​ខ្ញុំ​ធ្លាប់​ជា​គ្រូបង្រៀន​។» ការងារ​ជា​គ្រូបង្រៀន​នេះ​បាន​អនុញ្ញាត​ឲ្យ​លោក​មើលឃើញ​មនុស្ស​ដែល​មាន​ទេព​កោសល្យ និង​ជំរុញ​ទឹកចិត្ត​ពួក​គេ​ឲ្យ​ជោគជ័យ​ ។ ការ​មាន​ជំនាញ​នេះ​អនុញ្ញាត​ឲ្យ​លោក​បង្កើត និង​គ្រប់គ្រង​ក្រុមការងារ​ដែល​មាន​ប្រសិទ្ធិ​ភាព​ក្នុង Alibaba​ ។

លោក​បាន​បន្ថែម​ទៀត​ថា «​ពេល​ដែល​ខ្ញុំ​ជ្រើសរើស​បុគ្គលិក ខ្ញុំ​ជ្រើសរើស​មនុស្ស​ដែល​ឆ្លាត​ជាង​ខ្ញុំ​។ មនុស្ស​ដែល​អាច​ក្លាយជា​ចៅហ្វាយ​របស់ខ្ញុំ​ក្នុង​រយៈពេល ៤ ទៅ​៥​ឆ្នាំ​ទៀត​ ។ ខ្ញុំ​ចូល​ចិត្ត​មនុស្ស​ដែល​វិជ្ជមាន និង​មិន​ដែល​ចុះចាញ់​។»

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ