ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វប្បធម៌​ដែល​ជះ​ឥទ្ធិពល​លើ Alibaba

3 ឆ្នាំ មុន

វប្បធម៌​មាន​សារៈសំខាន់​ណាស់​សម្រាប់​គ្រប់​ក្រុមហ៊ុន​ទាំងអស់ ហើយ​ភាគច្រើន​វា​ជួយ​បែងចែក​រវាង​អាជីវកម្ម​ដែល​ជោគជ័យ និង​អាជីវកម្ម​ដែល​មិន​ជោគជ័យ​។ យោង​ទៅ​តាម​លោក ចូ សៃ (Joe Tsai) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Alibaba…

វប្បធម៌​មាន​សារៈសំខាន់​ណាស់​សម្រាប់​គ្រប់​ក្រុមហ៊ុន​ទាំងអស់ ហើយ​ភាគច្រើន​វា​ជួយ​បែងចែក​រវាង​អាជីវកម្ម​ដែល​ជោគជ័យ និង​អាជីវកម្ម​ដែល​មិន​ជោគជ័យ​។ យោង​ទៅ​តាម​លោក ចូ សៃ (Joe Tsai) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Alibaba Group បាន​ឲ្យ​ដឹង​ថា ការ​កំណត់​វប្បធម៌​ដែល​ត្រឹមត្រូវ​គឺជា​ឧបសគ្គ​ធំ​មួយ និង​ជា​ឱកាសល្អ​មួយ​សម្រាប់​ក្រុមហ៊ុន​ទាំង​តូច​ទាំង​ធំ​ដែរ​។

លោក​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពីដើម​ខែសីហា​កន្លង​មកនេះ​ថា វប្បធម៌​ទាំងនោះ​គួរតែ​រួម​មាន​គោលបំណង ចក្ខុវិស័យ និង​គោលការណ៍ ​។ លោក​បាន​និយាយ​ថា«នៅ Alibaba វប្បធម៌​មាន​ន័យ​ថា​ ជាដំបូង​អ្នក​ត្រូវ​តែ​មាន​គោលបំណង​មួយ ​។ មាន​មូលហេតុ​ផ្សេង​ទៀត​ដែល​ក្រុមហ៊ុន​ត្រូវ​បាន​បង្កើត​ឡើង​ក្រៅពី​ដើម្បី​រក​លុយ​។​»
«​ជា​បន្ទាប់ អ្នក​ត្រូវ​តែ​កំណត់​ចក្ខុវិស័យ​សម្រាប់​ថ្ងៃ​អ​នាគ​ត ​។ តើ​អ្នក​ចង់​ឲ្យ​ក្រុមហ៊ុន​ក្លាយជា​អ្វី? តើ​អ្នក​ចង់​ឲ្យ​ក្រុមហ៊ុន​ស្ថិត​នៅឯណា? ហើយ​ទាំងនោះ​អាច​ជា​គោលដៅ​រយៈពេល ៥​ឬ​១០​ឆ្នាំ​របស់​ក្រុមហ៊ុន​។»

«​ទី​បី ​គឺ​គោលការណ៍​ ។ តើ​អ្នក​រស់នៅ​ដោយ​គោរព​គោលការណ៍​អ្វីខ្លះ? តើ​អ្នក​ចង់​ឲ្យ​បុគ្គលិក​របស់​អ្នក​រស់នៅ​យ៉ាងដូចម្តេច​ទាំង​ក្នុង​និង​ក្រៅ​ការិយាល័យ? ចំណុច​ទាំង​បី​នេះ​នៅ Alibaba បាន​បង្កើត​ជា​វប្បធម៌​របស់​ពួក​យើង​។»

លោក​សៃ​បាន​បន្ថែម​ទៀត​ថា ពេល​ដែល​វប្បធម៌​ត្រូវ​បាន​បង្កើត​ចេញ​ហើយ អ្នក​ត្រូវ​តែ​ព្យាយាម​ផ្សព្វផ្សាយ​វា​ក្នុង​អាជីវកម្ម​តាម​រយៈ​មនុស្ស​ដែល​ត្រឹមត្រូវ​។ ពេល​ដែល Alibaba ចាប់ផ្តើម​ដំបូង រឿង​នេះ​មិន​ពិបាក​ឡើយ​ព្រោះ​ក្រុមហ៊ុន​មិន​មាន​បុគ្គលិក​ច្រើន​ទេ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ Alibaba មាន​បុគ្គលិក​អន្តរជាតិ​ប្រមាណ ១២​ម៉ឺន​នាក់​ទៅ​ហើយ ដូច្នេះ​ការ​ជ្រើសរើស​បុគ្គលិក​ដោយ​ត្រឹមត្រូវ​ពិតជា​សំខាន់​ណាស់​។

លោក​បាន​បន្ត​ទៀត​ថា «​ក្នុង​នាម​ជា​សហគ្រិន អ្នក​ត្រូវ​តែ​ផ្តោត​ស្មារតី​យ៉ាង​ខ្លាំង​លើ​មនុស្ស ដោយ​ធានា​ថា​ពួក​គេ​យល់​និង​គោរព​តាម​វប្បធម៌​ក្រុមហ៊ុន ខណៈ​ដែល​បន្ត​លើក​ស្ទួយ​ពួក​គេ​ដើម្បី​ឲ្យ​ពួក​គេ​កាន់តែ​មាន​តម្លៃ​សម្រាប់​អាជីវកម្ម​របស់​អ្នក​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​»

វា​មិន​ត្រឹមតែ​ទាក់ទិន​នឹង​ការ​រក​មនុស្ស​ដែល​ត្រឹមត្រូវ​សម្រាប់​អាជីវកម្ម​របស់​អ្នក​ទេ តែ​វា​ក៏​ទាក់ទិន​នឹង​ការ​រក​នូវ​តួនាទី​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ពួក​គេ​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​កត់​សម្គាល់ថា អត្ត​ចរិត​របស់​បុគ្គលិក​ក៏​មាន​សារៈសំខាន់​ដែរ​។
លោក​បាន​បកស្រាយ​ថា «​ប្រសិនបើ​មនុស្ស​ចូល​មក​ស្ថាប័ន​របស់​អ្នក និង​បង្ហាញ​នូវ​ភាព​អវិជ្ជមាន នោះ​វា​មិនល្អ​ទេ​។ អ្នក​ត្រូវ​តែ​លុប​បំបាត់​ភាព​អវិជ្ជមាន​នោះ​ឲ្យ​បាន​លឿន​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សមាជិក​ក្នុង​ក្រុម​។ ប៉ុន្តែ​មនុស្ស​ដែល​អាច​នាំ​យក​ភាព​វិជ្ជមាន​វិញ ​និង​ជំរុញ​ទឹកចិត្ត​មិត្ត​រួម​ក្រុម​របស់​ពួក​គេ​។​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ