ល្បុក្កតោ​កាន់តែ​ស្វះ​ស្វែងរក​ទីផ្សារ​ ក្រោយ​​អ្នក​ហាត់​ក្បាច់គុន​ថ្ងូរ​រឿង​ដាច់​បាយ


រាជធានី​ភ្នំពេញ ៖ កីឡាករ​កីឡាការិនី​ល្បុក្កតោ​មិន​តិច​ទេ​ដែល​ថ្ងូរ​ថា ហាត់​ល្បុក្កតោ​ទម្រាំ​បាន​ចេះ ចំណាយពេល​ច្រើន គ្មាន​ពេល​រក​លុយ តែ​ដល់​ពេល​ចេះ​ហើយ ក៏​រក​លុយ​មិន​បាន ។ ជាក់ស្ដែង​កីឡាការិនី​ល្បុក្កតោ​ម្នាក់ គឺ​កញ្ញា ពេជ្រ ចរណៃ ទើបតែ​អះអាង​ថា ដោយសារ​ពុះពារ​ក្នុង​អាជីព​នេះ ដល់​ថ្នាក់​គ្មាន​លុយ​ជូន​ម្ដាយ​ចូល​ពេទ្យ និង​ចង់​ដាច់​បាយ​ម្ដង​ៗ​ទៅ​ហើយ ។

ជាមួយនឹង​បញ្ហា​ចោទ​ផ្នែក​ជីវភាព​លើ​កីឡាករ​ភាគច្រើន​នេះ មន្ត្រី​សហព័ន្ធ​បាន​អះអាង​ថា ខ្លួន​ក៏​មើលឃើញ​មិន​ខុស​គ្នា​ផង​ដែរ ដោយសារ​តែ​កីឡាករ​ល្បុក្កតោ​មិន​មាន​ទីផ្សារ​ឡើង​ប្រកួត​យក​លុយ​ដូច​ប្រដាល់​។

យ៉ាងណាមិញ សហព័ន្ធ​ក៏​កំពុង​ខិតខំ​ពង្រីក​ខ្លួន​នៅ​ក្នុង​វិស័យ​ផ្សេង​ៗ ដើម្បី​ដាក់​ពង្រាយ​អ្នកមាន​ជំនាញ​ឱ្យ​មានឱកាស​រក​ចំណូល​ផង​ដែរ ដោយ​សហព័ន្ធ​ចាត់​ទុក​ថា បើ​កីឡាករ​ជំនាញ​ៗ​បាន​ចេញ​សកម្មភាព​ច្រើន ក៏​មាន​ន័យ​ថា កីឡាករ​ភាគច្រើន​នឹង​មាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​បាន​ខ្លាំង​ផង​ដែរ​។

ការ​យល់​ឃើញ​នេះ គឺ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​ថ្មី​អន្ដរាគមន៍​ពិសេស​បន្ទាប់​ពី​ក្បាច់គុន​ល្បុក្កតោ​ត្រូវ​បាន​កងពលតូច​ថ្មើរជើង​លេខ​៥១ នា​ស្រុក​ព្រះនេត្រព្រះ ​ខេត្តបន្ទាយ​មាន​ជ័យ សហការ​ឱ្យ​មានការ​បង្វឹក​ដល់​កង​ទាហាន ។ នេះ​ជា​កិច្ចសហការ​ល្អ​រវាង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា និង​កង​យោធពលខេមរភូមិន្ទ ដោយ​មាន​សិក្ខាកាម​ចូលរួម​សរុប​ជិត ១០០​នាក់ ខណៈ​ពេល​ពិធី​បិទ​ក៏​មានការ​ចូលរួម​ជា​អធិបតី​ពី​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេ​បញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥​។

អគ្គលេខាធិការ​សហព័ន្ធ លោក អ៊ូ តារា បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង ក្នុង​ការ​រួម​ចំណែក​ជាមួយ​វិស័យ​កងទ័ព តាម​រយៈ​ការ​ចែករំលែក​បទ​ពិសោធន៍​របស់​គុន​ល្បុក្កតោ ដោយ​លោក​បាន​ចាត់​ទុក​ថា ការ​សហការ​គ្នា​នេះ មិនមែន​គ្រាន់តែ​ជួយ​ឱ្យ​ក្បាច់គុន​ល្បុក្កតោ​កាន់តែ​មានការ​ទទួលស្គាល់​នោះ​ទេ តែ​ក៏​ជា​ការ​ដាក់​ពង្រាយ​អ្នកមាន​ជំនាញ​ក្នុង​វិស័យ​មួយ​នេះ​ឱ្យ​មាន​សកម្មភាព ដែល​មិន​ខុស​ពី​ចូលរួម​លើកកម្ពស់​តម្លៃ និង​ជីវភាព​កីឡាករ​ភាគច្រើន ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ ។

ជាក់ស្ដែង​មាន​គ្រូបង្វឹក និង​កីឡាករ​ច្រើន​នាក់​មក​ហើយ ដែល​ត្រូវ​បាន​បញ្ជូន​ឱ្យ​ប្រចាំការ​ហ្វឹក​ហាត់​នៅ​តាម​ស្ថាប័នរដ្ឋ និង​ជួរ​ទាហាន​មួយ​ចំនួន ដោយ​អ្នកជំនាញ​ទាំងនោះ អ្នកខ្លះ​ក៏​ត្រូវ​បាន​បញ្ចូល​ក្នុង​ជួរ​កងទ័ព ។ លោក​ថា រយៈពេល​៤​ឆ្នាំ​កន្លង​មក ដែល​សហព័ន្ធ​បាន​សហការ​ជាមួយ​កង​យោធពលខេមរភូមិន្ទ សហព័ន្ធ​បាន​បញ្ជ្រាប​ក្បាច់គុន​របស់​បុព្វបុរស​ខ្មែរ​នេះ ដល់​កងទ័ព​ជា​ច្រើន ពិសេស​ដោយ​មានការ​គាំទ្រ​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ ។ ទាំង​អស់នេះ​គឺជា​ការ​ប្រឹងប្រែង​របស់​សហព័ន្ធ ដើម្បី​ឱ្យ​កីឡាករ​កីឡាការិនី​កាន់តែ​មាន​ទឹកចិត្ត ។

យ៉ាងណាមិញ​លោក​ទទួលស្គាល់​ថា ក្នុង​ចំណោម​អ្នកជំនាញ​ផ្នែក​ល្បុក្កតោ​ទាំងនោះ ក៏​នៅ​មាន​មួយ​ចំនួន​មាន​បញ្ហា​ផ្នែក​ជីវភាព​ផង​ដែរ ដោយសារ​តែ​ចំណូល​ពី​ការ​បង្ហាត់​និង​ការ​សម្ដែង​នៅ​មិន​ទាន់​ខ្ពស់​។ ក្នុង​នោះ​អ្នក​ដែល​មិន​ត្រូវ​បាន​សហព័ន្ធ​ដាក់​សកម្មភាព​ឱ្យធ្វើ ក៏​រឹតតែ​មាន​បញ្ហា​ជីវភាព ។ លោក​ទទូច​ឱ្យ​អ្នក​ទាំងអស់​គ្នា​តស៊ូដោយសារ​តែ​ក្នុង​ពេល​ខាង​មុខ អ្នកមាន​ជំនាញ​ល្បុក្កតោ​ពិតប្រាកដ​អាច​មានការ​ងាររក​ពេលទំនេរ​មិន​បាន​នោះ​ផង ។

លោក​អគ្គលេខាធិការ​រូប​នេះ​បន្ដ​ទៀត​ថា ក្នុង​ដំណើរ​អភិវឌ្ឍន៍​វិស័យ​កីឡា​គុន​ល្បុក្កតោ នៅ​ក្នុង​វិស័យ​ការពារ​ជាតិ​នេះ សហព័ន្ធ​មិន​ត្រឹមតែ​មាន​វគ្គ​បំប៉ន​ជា​បន្ដបន្ទាប់​នោះ​ទេ តែ​សហព័ន្ធ​ក៏​កំពុង​ដំណើរការ​រៀបចំ​ចងក្រង​ឯកសារ​សៀវភៅ​ក្បាច់គុន​កង​យោធពលខេមរភូមិន្ទ ហើយ​បាន​និង​កំពុង​រៀបចំ​ជា​ឯកសារ​វី​ដេ​អូ​សម្រាប់​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ផ្ទេរ​នូវ​ជំនាញ​ក្បាច់គុន​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ និង​បណ្តុះបណ្តាល​យោធា​ចា​រ្យ​ក្បាច់គុន សម្រាប់​បំពេញតម្រូវការ​របស់​អង្គភាព​កងកម្លាំង​នានា​ផង​ដែរ ។ ក្រៅពី​នោះ សហព័ន្ធ​ក៏​ពង្រឹង​សកម្មភាព​នៅ​ក្នុង​វិស័យ​កីឡា​ផង​ដែរ​។

​សូម​បញ្ជាក់​ថា ជា​ចក្ខុវិស័យ​និង​គោលការណ៍ រួម​របស់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ កម្ពុជា គឺ រួម​គ្នា​អភិរក្ស និង​អភិវឌ្ឍ​គុន​ល្បុក្កតោ​ដែល​ជា ក្បាច់គុន​អត្តសញ្ញាណ​ជាតិ វប្បធម៌​ជាតិ ព្រលឹង ជាតិ និង​ក៏​ជា​កីឡា​អត្តសញ្ញាណ​ជាតិ​ផង​ដែរ​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត ច័ន្ទ សា​រុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ កម្ពុជា កាលពី​ពេល​ថ្មី​ៗ កន្លង​មកនេះ នៅ​ក្នុងកិច្ចប្រជុំ​បូក​សរុប​ការងារ និង​ទិស​ដៅ​អនុវត្ត បន្ត​ក្នុង​ឆ្នាំ​២០២០ ។ លោក​បាន​មាន​ប្រសាសន៍ ដោយ​ស្នើ​សុំ​ការ​យោគយល់​ពី​ព្រឹទ្ធាចារ្យ និង លោកគ្រូ អ្នកគ្រូ សិស្ស​គុន​ល្បុក្កតោ​ទាំងអស់ ឲ្យ​យក​ស្មារតី​ជាតិ ស្មារតី​ព្រលឹង​ដូនតា​មក តម្កល់​ឲ្យ​ខ្ពស់ បង្រួបបង្រួម​គ្រួសារ​គុន​ល្បុក្កតោ​ឲ្យ មានការ​ឯកភាព​ជា​ធ្លុង​មួយ​ក្នុង​ការ​ពង្រឹងស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង ចាប់ពី​ពេល​នេះ​តទៅ ដើម្បី ជោគជ័យ នៃ​គុន​ល្បុក្កតោ​ក្នុង​ដំណើរ​ឆ្ពោះទៅ SEA Games ឆ្នាំ​២០២៣៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ