រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្តីប្រពន្ធ២នាក់ទើបតែទិញម៉ូតូបង់រំលស់មួយគ្រឿងជិះបាន10ថ្ងៃ ក៏ត្រូវជនសង្ស័យ2នាក់បានធ្វើសកម្មភាពលួចកាច់សោ.កយកទៅបាត់ស្រមោលដោយសុវត្ថិភាព ម្ចាស់ម៉ូតូបានត្រឹមតែទៅដាក់ពាក្យបណ្ដឹង និងតាមស្វែងរកម៉ូតូទាំងទឹកភ្នែក ។ ហេតុការណ៍ចោរលួចកាច់សោ.កម៉ូតូនេះបានកើតឡើងកាលពីម៉ោង4និង40នាទីទៀបភ្លឺ ថ្ងៃទី១០ ខែសីហា ឆ្នាំ2020 នៅមុខបន្ទប់ជួល ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះ ស៊ូ លី (ជាប្រពន្ធ) និងឈ្មោះសៀវ ម៉េង (ជាប្តី) មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល
តាមការបញ្ជាក់ពីជនរងគ្រោះជាប្រពន្ធ និងប្តី បានប្រាប់អោយដឹងថា ម៉ូតូដែលពួកគាត់បាត់ ដោយសារជនសង្ស័យលួចកាច់.កយកទៅនោះ ម៉ាក yamaha MT15 ពណ៌ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខភ្នំពេញ 1IJ-5606 ដែលពួកគាត់ទើបបង់រំលស់បាន10ថ្ងៃប៉ុណ្ណោះ ។ ម៉ូតូនោះបើទិញបង់ផ្ដាច់តម្លៃលក់3600ដុល្លារ តែដោយសារតែចិត្តស្រលាញ់ និងមានថវិការមិនគ្រប់ ទើបពួកគាត់ក៏សម្រេចចិត្តជ្រើសរើសយកសេវាបង់រំលស់រយៈពេល3ឆ្នាំ បើគិតទាំងការប្រាក់ និងដើមតម្លៃជាង5000ដុល្លារ។
ប្រភពដដែលបន្តទៀតថា នៅថ្ងៃកើតហេតុ គឺរូបគាត់បានចតម៉ូតូនៅមុខបន្ទប់ជួលដូចរាល់ដង ហើយនៅម៉ោង7និង30នាទីព្រឹកពេលដែលពួកគាត់ភ្ញាក់ពីគេងវិញទើបដឹងថា បាត់ម៉ូតូ ទើបភ្ញាក់ផ្អើលភ័យស្លន់ស្លោរត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ដើមមៀនអោយជួយអន្តរាគមន៍តែម្តង។
ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះដែរ គាត់បានសុំឆែកកាំមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ទើបដឹងថា ម៉ូតូរបស់គាត់ត្រូវជនសង្ស័យលួចយកទៅបាត់តាំងពីម៉ោង4និង30ទៀបភ្លឺមកម្ល៉េះ។ ហើយគាត់ក៏បានរាយការណ៍ទៅប្រាប់ខាងក្រុមហ៊ុនបង់រំលស់អោយឆែកប្រព័ន្ធ GPS ក៏ឃើញលោតសញ្ញាម៉ូតូនៅចំណុចផ្លូវ105 សង្កាត់ទួលសង្កែ1 ខណ្ឌឫស្សីកែវ។
បន្ទាប់ពីទទួលពាក្យបណ្ដឹងរួច សមត្ថកិច្ចនគរបាលសង្កាត់ដើមមៀន ក្រុងតាខ្មៅ ក៏បានជូនជនរងគ្រោះមកដល់ចំណុចទីតាំងដែល GPS លោតសញ្ញាប្រាប់ នៅម្តុំផ្លូវ105 សង្កាត់ទួលសង្កែ1 និងសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយស្វែងរកម៉ូតូជនរងគ្រោះតាំងពីម៉ោង9ព្រឹក រហូតដល់ថ្ងៃត្រង់ តែមិនឃើញក៏បានប្រាប់ជនរងគ្រោះឱ្យត្រលប់ទៅវិញសិន ព្រោះប្រព័ន្ធ GPS លោតមិនច្បាស់ រង់ចាំសង្កេតមើលសារជាថ្មី បើប្រែប្រួល និងមានចលនាអ្វីគាត់ និងត្រលប់មកសារជាថ្មី។
បន្ទាប់ពីរកម៉ូតូមិនឃើញ ហើយសមត្ថកិច្ចត្រលប់ទៅវិញអស់ ជនរងគ្រោះពីរនាក់ប្តីប្រពន្ធនោះមិនបានត្រលប់ទៅផ្ទះវិញទេ គឺពួកគាត់អង្គុយចាំឃ្លាំមើលនៅម្តុំនោះរហូត និងឆែកGPS ទៅក៏នៅលោតនៅទីនោះដដែល។ លុះចាំតាំងម៉ោង9ព្រឹក រហូតដល់ម៉ោង10យប់ ដាច់បាយដាច់ទឹក ទើបពួកគាត់សម្រេចចិត្តប្រាប់អ្នកសារព័ត៌មានអោយជួយផ្សព្វផ្សាយ ឱ្យបានលឺដល់សមត្ថកិច្ចដែលពាក់ព័ន្ធ ដើម្បីឱ្យជួយពួកគាត់ផង ៕
ចែករំលែកព័តមាននេះ