ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ចូលហូបគុយទាវមួយភ្លែត ដោយទុកម៉ូតូលើចិញ្ចើមផ្លូវមិនបានដកកូនសោចេញនោះទេ លុះពេលហូបរួចចេញមកវិញ ស្រាប់តែបាត់ម៉ូតូតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗដែរផង។
សេចក្តីរាយការណ៍បន្តថា ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក ស្ថិតក្នុងភូមិស្វាយរមៀត ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
បើតាមនគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះច្រឹក ផាន់នោ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្តដឹកដី មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ផយ ផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា មុនកើតហេតុ វេលាម៉ោង៩ព្រឹក កាលពីថ្ងៃទី១១ ខែសីហា ជនរងគ្រោះបានជិះម៉ូតូម៉ាក HONDASCOOPY-i ពណ៌ស ចេញពីផ្ទះមកហូបគុយទាវនៅផ្ទះរបស់ឈ្មោះ វុន រ៉ា។ លុះពេលទៅដល់ ជនរងគ្រោះបានទុកម៉ូតូលើចិញ្ចើមផ្លូវខាងមុខផ្ទះ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចក៏ដើរចូលទៅហូបគុយទាវនៅក្នុងផ្ទះបាត់តែម្តង លុះហូបរួចចេញមកវិញ ក៏ស្រាប់តែបាត់ម៉ូតូទើបភ្ញាក់ផ្អើលឆោឡោ រួចរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយរមៀត ។
ប្រភពដដែលបន្តទៀតថា ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះចូរ៉ាម និងប៉ុស្តិ៍តាឯក បានចេញស្ទាក់តាមគោលដៅ ទើបជនសង្ស័យជិះម៉ូតូត្រលប់បកមកក្រោយវិញ ហើយយកម៉ូតូទៅលាក់ទុកក្នុងព្រៃត្រែង ស្ថិតនៅភូមិទ្រាំងលើ ឃុំតាឯក ប៉ុន្តែសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាឯក ឃើញទាន់ក៏ឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាង រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីអនុវត្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ