ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ស្រូវ​ទៅ​វៀតណាម​ជាង​១​លាន​តោន​មិន​ប៉ះពាល់​ការ​ប្រមូល​ទិញ​របស់​រោង​ម៉ាស៊ីន​ក្នុងស្រុក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​ស្រូវ​ទៅ​ប្រទេស​វៀតណាម​ឆ្លងកាត់​តាម​ច្រក​ក្នុង​ខេត្តព្រៃវែង មាន​ជិត​៦​ពាន់​តោន ក្នុង​មួយ​ថ្ងៃ កាលពី​១០ សីហា…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​ស្រូវ​ទៅ​ប្រទេស​វៀតណាម​ឆ្លងកាត់​តាម​ច្រក​ក្នុង​ខេត្តព្រៃវែង មាន​ជិត​៦​ពាន់​តោន ក្នុង​មួយ​ថ្ងៃ កាលពី​១០ សីហា បើ​គិត​ត្រឹម​រយៈពេល​៧​ខែ ឆ្នាំ​២០២០​នេះ​មាន​ជាង​១​លាន​តោន ។ តែ​បរិមាណ​នាំ​ចេញ​ស្រូវ​នេះ អ្នកជំនាញ​យល់​ថា វា​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​ក្នុងស្រុក​នោះ​ទេ ។

បើ​តាម លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​លើក​ឡើង​ថា យោង​តាម​សេចក្តីរាយការណ៍​របស់​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ ២០២០ ការ​នាំ​ស្រូវ​ចេញ​តាម​ច្រក​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រៃវែង មាន​ចំនួន​សរុប ៥. ៩៧៧ តោន​ក្នុង​ថ្ងៃ​ក្នុង​នេះ​ការ​នាំ​ស្រូវ​ចេញ​តាម​ច្រក​បន្ទាយ​ចក្រី​ស្រុក​ព្រះស្តេច មាន​ចំនួន ៥.៧៩៨ តោន និង​តាម​ច្រក​កោះ​សំពៅ​មាន​ចំនួន ១៧៩ តោន ។

លោក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា «​តម្លៃ​ស្រូវ​នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ ទទួល​បាន​ល្អ​ប្រសើរ គឺ​ប្រភេទ​ស្រូវ OM៥៤៥១ មាន​តម្លៃ ៩៣០ រៀល​ក្នុង​មួយ​គីឡូក្រាម និង​ស្រូវ​អី​អ៊ែ​៥០៤ មាន​តម្លៃ ១.០៣០​រៀល​ក្នុង​មួយ​គីឡូក្រាម​» ។

បើ​តាម​លោក​រដ្ឋមន្ត្រី​វេ​ង សា​ខុន យោង​តាម​សេចក្តីរាយការណ៍​ពី​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ស្រូវ​ទៅ​កាន់​ប្រទេស​វៀតណាម ក្នុង​រយៈពេល​៧​ខែ ១០​ថ្ងៃ មាន​ចំនួន ១.១៦៣. ៦៦៩ តោន ។

លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​ថា នៅ​ខែសីហា​នេះ សម្រាប់​ថវិកា​ទិញ​ស្រូវ​របស់​ម្ចាស់​រោង​ម៉ាស៊ីន​គ្មាន​បញ្ហា​ចោទ​ទេ ព្រោះស្រូវ​ប្រមូល​ផល​នៅ​មាន​ចំនួន​ស្រូវ​តិច​ធ្វើ​ឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​អាច​ប្រមូល​ទិញ​តាម​ធម្មតា​បាន ហើយ​ក្នុង​ពេល​នេះ​ខាង​វៀតណាម​ក៏​ទិញ​ស្រូវ​កម្ពុជា​ដែរ ។ លោក​បន្ត​ថា សព្វ​ថ្ងៃនេះ​សម្រាប់​រោង​ម៉ាស៊ីនកិនស្រូវ​កសិករ​មាន​ស្រូវ​ប៉ុន្មាន ម្ចាស់​រោង​ម៉ាស៊ីន​ទិញ​យក​ប៉ុណ្ណឹង ព្រោះ​ផ្ទៃដី​ស្រូវ​ប្រមូល​ផល​មាន​តែ​ប៉ុន្មាន​ម៉ឺន​ហិ​កតា អីចឹង​វា​គ្មាន​អ្វី​ជា​បញ្ហា​ចោទ​នោះ​ទេ ។

លោក​លន់ យ៉េ​ង មាន​ប្រសាសន៍​ថា «​ការ​នាំ​ចេញ​ស្រូវ​ជាង​១​លាន​តោន ក្នុង​រយៈពេល​៧​ខែ​កន្លង​មកនេះ វា​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​ក្នុងស្រុក​នោះ​ទេ ព្រោះស្រូវ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ជា​ប្រភេទ​ស្រូវ​អ៊ី​អ៊ែ វា​មិន​ពាក់ព័ន្ធ​នឹង​ស្រូវ​ដែល​ជា​មុខសញ្ញា​នាំ​ចេញ​ជា​អង្ករ​ទេ ។

បើ​តាម​ការ​រាយការណ៍ និង​ការ​គណនា​នោះ គឺ​ស្រូវ​នៅ​សល់​៥​ទៅ​៦​លាន​តោន បើ​យើង​កិនស្រូវ​សម្រាប់​ធ្វើការ​នាំ​ចេញ​ជា​អង្ករ យើង​ត្រូវការ​ប្រហែល​ស្រូវ​តែ​ប្រមាណ​២​លាន​តោន​» ។

បើ​តាម​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ទីផ្សារ​ស្រូវ​ធំ​របស់​កម្ពុជា គឺ​វៀតណាម ។​បើ​អត់​វៀតណាម​ចូល​មក​ទិញ​នោះ​ប្រាកដ​ណាស់​កសិករ​អាច​នឹង​មាន​បញ្ហា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ