ខេត្តសៀមរាប ៖ «មានអ្នកសួរខ្ញុំថា តើការហាមឃាត់ការធ្វើសត្តឃាតសត្វឆ្កែ និងការធ្វើអាជីវកម្មសាច់ឆ្កែ នៅក្នុងស្រុកបន្ទាយស្រី បានអនុវត្តដល់ណាហើយ?» ទាំងនេះជាសំនួរបានចោទសួរទៅលោកអភិបាលវ័យក្មេងនៃស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប ។
ឆ្លើយតបនឹងសំនួរនេះដែរ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានឲ្យដឹងនៅថ្ងៃទី១២ ខែសីហានេះថា កាលពីម្សិលមិញនេះមន្ត្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រីបានសហការជាមួយមន្ត្រីមកពីមន្ទីរកសិកម្មខេត្តសៀមរាបចុះត្រួតពិនិត្យកន្លែងទិញលក់សត្វឆ្កែនៅក្នុងទូទាំងស្រុកបន្ទាយស្រី និងបានសង្កេតឃើញថា កន្លែងដែលទិញ-លក់ធំជាងគេនៅក្នុងស្រុក (និងក៏ជាកន្លែងធំជាងគេនៅក្នុងខេត្តសៀមរាបដែរនោះ) បានបញ្ឈប់ការធ្វើអាជីវកម្មរបស់ខ្លួនហើយ ប៉ុន្តែនៅសល់ចំនួន២កន្លែងទៀត ដែលកំពុងធ្វើអាជីវកម្ម ហើយត្រូវបានទទួលការណែនាំជាថ្មីឲ្យបញ្ឈប់អាជីវកម្មផងដែរ ។
លោកបាននិយាយថា «ក្នុងដំណាក់កាលនេះ រដ្ឋបាលស្រុកបន្ទាយស្រីនឹងបន្តប្រកាន់ជំហរទន់ភ្លន់លើបញ្ហានេះផ្តល់អាទិភាពទៅលើគោលការណ៍ស្ម័គ្រចិត្ត និងការណែនាំអប់រំអឲ្យបញ្ឈប់ជាជាងការចាប់បង្ខំ ហើយរដ្ឋបាលស្រុកក៏កំពុងធ្វើការជាមួយអង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue Cambodia) និងអង្គការហ្វរផរ (Four Paws) ដើម្បីរិះរកវិធីជួយសម្រួលដល់ការផ្លាស់ប្តូរមុខរបរថ្មីរបស់បងប្អូនអាជីវករក្នុងដំណាក់កាលអន្តរកាលនេះ» ។
លោកសង្ឃឹមថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ បន្ទាយស្រីនឹងក្លាយទៅជាស្រុកដែលគ្មានការជួញដូរសាច់ឆ្កែទាំងស្រុង និងស្តារមកវិញនូវកិត្តិនាមជាស្រុកទេសចរណ៍ដែលមានការអោយតម្លៃទៅលើអាយុជីវិត និងសុខមាលភាពរបស់សត្វឆ្កែ ។
សូមបញ្ជាក់ថា ការលួចការជួញដូរការដឹកជញ្ជូនសម្លាប់ និងលក់សត្វឆ្កែ ដើម្បីយកសាច់ទៅធ្វើជាម្ហូបអាហារមានការកើនឡើងគួរអោយបារម្ភ ដែលក្នុងនោះស្រុកបន្ទាយស្រីត្រូវបានរកឃើញថា ជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងឃុំព្រះដាក់ ដោយមានទីតាំងប្រមូលទិញពីបណ្តាស្រុកផ្សេងៗ ស្តុកទុកសត្វឆ្កែរស់ជាច្រើនកន្លែង និងកំពុងប្រតិបត្តិការផ្គត់ផ្តង់សត្វឆ្កែរស់ និងសាច់ឆ្កែបន្តទៅកាន់តំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា ។
ការជួញដូរនេះ បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ស្រុកបន្ទាយស្រី និងខេត្តសៀមរាបតួយ៉ាងមានសារព័ត៌មានអន្តរជាតិចំនួន១៨០ បណ្តាញ បានធ្វើការចុះផ្សាយរិះគន់នៅលើគេហទំព័ររបស់ពួកគេ ក្នុងអំឡុងពីខែវិច្ឆិកា និងខែធ្នូ២០១៩ ៕
ចែករំលែកព័តមាននេះ