រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់បានយកកូនត្រីអណ្តែង កូនបង្កែប តង់ចិញ្ចឹម និងចំណីចែកដល់ប្រជាពលរដ្ឋចំនួន៦ខេត្ត ក្នុងចំណោមខេត្តជាគោលដៅចំនួន១១ ។
យោងតាមបណ្តាញសង្គមរបស់លោកផ្ទាល់ បានសរសេរនៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រី និងកង្កែប ដើម្បីធានាសន្តិសុខស្បៀងក្នុងគ្រួសារ ក្នុងខណ:ដែលប្រទេសជាតិកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការបានខិតខំពុះពារយកចិត្តទុកដាក់ឈរលើស្មារតីទទួលខុសត្រូវខ្ពស់អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ខាងលើនេះសម្រេចទទួលបានលទ្ធផលដូចខាងក្រោម ៖
១- គិតត្រឹមថ្ងៃទី១០ ខែសីហានេះ រដ្ឋបាលជលផលបាននាំយកកូនត្រីអណ្តែង កូនកង្កែប តង់ចិញ្ចឹម និងចំណីទៅចែកជូនប្រជាពលរដ្ឋនៅតាមខេត្តគោលដៅចំនួន ៦ (ឧត្តរមានជ័យ ព្រះវិហារ មណ្ឌល គីរី រតនគីរី កំពង់ស្ពឺ និងកំពត) រួចហើយ ក្នុងចំណោមខេត្តគោលដៅចំនួន ១១ (ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគីរី រតនគីរី កំពង់ស្ពឺ កណ្តាល កំពត ស្វាយរៀង ប៉ៃលិន ត្បូងឃ្មុំ និងខេត្តព្រះសីហនុ)។
លោករដ្ឋមន្ត្រីថា ខេត្តទាំង៦ មានប្រជាពលរដ្ឋសរុបចំនួន ៣៣៦គ្រួសារបានទទួលជំនួយក្នុងនោះមាន៖ ប្រជាពលរដ្ឋចំនួន ១៩០គ្រួសារ ទទួលបានកូនត្រីអណ្តែង ដោយគ្រួសារនីមួយៗទទួលបានកូនត្រីអណ្តែងចំនួន ៧០០ក្បាល និងតង់០១ សរុបមានកូនត្រីអណ្តែងចំនួន ១៣៣ ០០០ក្បាល ។ ប្រជាពលរដ្ឋចំនួន ១៤៦គ្រួសារ ទទួលបានកូនកង្កែប ដោយគ្រួសារនីមួយទទួលបានកូនកង្កែបចំនួន ៤០០ក្បាល និងតង់០១ សរុបមានកូនកង្កែបចំនួន ៥៨ ៤០០ក្បាល ។
លោកបន្តថា ចំណីសម្រាប់កូនត្រីអណ្តែងមានចំនួន ៧៣២បាវ ស្នើនឹង ១៨តោន ។ ចំណីសម្រាប់កូនកង្កែបមានចំនួន ៤៨០បាវ ស្នើនឹង ១២តោន ។ ចំណីបន្ថែម (វីតាមីន) សម្រាប់កូនត្រី និងកូនកង្កែបចំនួន ៧៥០កញ្ចប់ ។ ជាបណ្តើរៗ មន្ត្រីជំនាញរបស់រដ្ឋបាលជលផលនឹងនៅបន្តចុះចែកកូនត្រីអណ្តែង និងកូនកង្កែបជូនប្រជាពលរដ្ឋតាមបណ្តាខេត្តគោលដៅឲ្យបានគ្រប់ទាំង ១១ខេត្តឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យទាន់រដូវភ្លៀងចូលរួមលើកកម្ពស់ និងធានាឲ្យបាននូវសន្តិសុខស្បៀងជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងប្រើប្រាស់ថវិកាដែលជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ឲ្យមានតម្លាភាព សុក្រឹត្យភាព ប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ ៕
ចែករំលែកព័តមាននេះ