ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីរំដោះជីវិតខ្លួនឯង នាង​​​រុំភួយ​លោត​ពី​លើ​សណ្ឋា​គារ​ឱ្យ​គេ​ជួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាមព័ត៌មាន​ចុង​ក្រោយ​បញ្ជាក់​ថា ជា​ករណី​ចាប់​បង្ខាំង​មនុស្ស​ទុក ធ្វើ​ទារុណកម្ម​ជំរិត​យក​ប្រាក់ ។ ហើយស្ត្រី​វៀតណាម​ក៏បាន​ឆក់​ឱកាស​រុំ​ភួយ​លោត​ពី​ជាន់​​ទី​៦ ។ ចំណែក​បុរស​ម្នាក់​ទៀត​ ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ បើតាមព័ត៌មាន​ចុង​ក្រោយ​បញ្ជាក់​ថា ជា​ករណី​ចាប់​បង្ខាំង​មនុស្ស​ទុក ធ្វើ​ទារុណកម្ម​ជំរិត​យក​ប្រាក់ ។ ហើយស្ត្រី​វៀតណាម​ក៏បាន​ឆក់​ឱកាស​រុំ​ភួយ​លោត​ពី​ជាន់​​ទី​៦ ។ ចំណែក​បុរស​ម្នាក់​ទៀត​ ឈ្មោះ ជិ ឈិ​ន អាយុ​៣២​ឆ្នាំ បាន​រត់គេច​ខ្លួន​រួច​ផុត​ពី​ការ​ចាប់​បង្ខាំង ។ យ៉ាងណា​ក៏​ដោយ ​រឿង​នេះ សមត្ថកិច្ច​ថា កំពុង​ស្ថិត​នៅ​ក្នុង​ការ​តាម​ដាន​ស្រាវជ្រាវ​បន្ត​ទៀត​នៅឡើយ ។

សូមបញ្ជាក់ថា ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ បាន​ធ្លាក់​ពីលើ​សណ្ឋាគារ Rumduol Grand Hotel ជាន់​ទី​៦​មក​ទើរ​លើដំបូល​សំយាប​ខាង​មុខ​នៃ​ជាន់​ផ្ទាល់​ដី ។ បើ​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​គឺ​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ជា​ករណី​ចាប់ជំរិត ។ ក្រោយ​ហេតុការណ៍​នេះសមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់ ដើម្បី​យក​ទៅ​សួរនាំ​ផង​ដែរ ។ ហេតុការណ៍​ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ ដែល​ស្ថិត​នៅ​ចំណុច​សណ្ឋាគារ Rumduol Grand Hote ដែល​មាន​ទីតាំង​តាម​បណ្តោយ​វិ​ថី​១៧៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា​នេះ គេ​បានឃើញ​ស្ត្រី​ជនជាតិ​វៀតណាម​រូប​នេះ រួម​ជាមួយនឹង​បុរស​ជនជាតិ​ចិន​២​នាក់​ទៀត​នាំ​គ្នា​ចូល​ក្នុង​សណ្ឋាគារ ដោយ​មានការ​ប្រទាញប្រទង់​គ្នា​ជាមួយ​ស្ត្រីជន​រង​គ្រោះ​ខាងលើ ហើយ​បាន​នាំ​ចូល​មក​ក្នុង​សណ្ឋាគារ​បាត់​ទៅ ។ លុះ​មក​ដល់​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ដដែល​គេ​ឃើញ​ស្ត្រី​ជនជាតិ​វៀតណាម​នេះ​រុំ​ដោយ​ភួយ​ធ្លាក់​ពី​ជាន់​ទី​៦​នៃ​សណ្ឋាគារ​ដើម្បី​គេចខ្លួន តែ​ចៃដន្យ​ធ្លាក់​ទើរ​លើ​សំយាប​យីហោ​ដែល​មាន​ដំបូល​កញ្ចក់​ជ័រ​ខាង​មុខ​សណ្ឋាគារ រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ បាន​ចុះ​មក​ដល ខ្លះ​យក​ជណ្តើរ​ឡើង​ទៅ​ត្រកង​បី​នាង​ចុះ​មក​ក្រោម​យ៉ាង​លំបាក រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់ ដែល​ព្យាយាម​រត់​ចេញពី​សណ្ឋាគារ​នាំ​ខ្លួន​យក​មក​ប៉ុស្តិ៍​នគរបាល​ផ្សារ​ថ្មី​ទី​៣ ដើម្បី​សួរនាំ ។ នៅ​ក្នុង​ហេតុការណ៍​នេះ យើង​សង្កេត​ឃើញ​មាន​វត្តមាន​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ និង​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន និង​អធិការ​ខណ្ឌ បិទ​ច្រកចេញ​-​ចូល​ក្នុង​សណ្ឋាគារ​ទាំងអស់​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ធ្លាក់​ស្ត្រី​ម្នាក់​ពីលើ​សណ្ឋា គារ​នេះ ។

បុរស​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​មាន​គ្នា​៤​នាក់ កំពុង​តែ​អង្គុយ​លេង​នៅ​ចិញ្ចើម​ផ្លូវ​ម្ខាង​មុខ​សណ្ឋាគារ ក៏​ស្រាប់តែ​ឮ​សំឡេង​លាន់​ភីង ដោយ​នឹក​ស្មាន​តែ​ខ្យល់​ធ្លាក់​ផ្ទាំង​ប៉ាណូ​យីហោ​ណាមួយ​ហើយ ក៏​បាន​នាំ​គ្នា​រក​មើល​ជុំវិញ​ខ្លួន​តែ​មិន​បានឃើញ​មាន​អ្វី​ធ្លាក់​ឡើយ ។ ដោយ​មានការ​សង្ស័យ​ក៏​បាន​នាំ​គ្នា​ដើរ​ស្វែងរក​មើល​នៅ​ជុំវិញ​សណ្ឋាគារ​ងើយ​មើល​ខាងលើ​ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​មាន​មនុស្ស​ធ្លាក់​នៅ​ទើរ​លើ​កញ្ចក់​យ៉​ខាងលើ​ទ្វារ​ច្រក​ចេញចូល ជាប់​ផ្លា​ក​របស់​សណ្ឋាគារ​ទើប​មានការ​ភ្ញាក់​ផ្អើល​កើតឡើង និងរ​ត់ទៅ​ប្តឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣ ដែល​នៅ​ក្បែរ​នេះ​ឱ្យមក​មើល​តែ​ម្តង ។

បុរស​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា «​ករណី​នេះ​ទំនងជា​អាច​កើតឡើង គឺ​នារី​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ចាប់​រុញ​ទម្លាក់​តាម​បង្អួច​ចេញ​មក​ហើយ​មើលទៅ​» ? គាត់​នៅ​ចាំ​ថា កាលពី​ពេល​កន្លង​មក​នារី​រង​គ្រោះ​រូប​នេះ បាន​មក​ស្នាក់​នៅ​ខាងក្នុង​សណ្ឋាគារ​នេះ និង​តែងតែ​ដើរ​ចេញចូល​មាន​ប្រុស មាន​ស្រី​សរុបគ្នា​៥​នាក់​(​ប្រុស​៣​នាក់ ស្រី​២​នាក់​) ជា​ប្រចាំ​ផង​ដែរ ។ លុះដល់​ពេល​នេះ​មិនដឹង​ជា​មូលហេតុ​អ្វី​ក៏​ស្រាប់តែ​ឃើញ​នាង​ធ្លាក់​បែប​នេះ​ទៅ​វិញ ។

លោក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​មានឈ្មោះ NGUYEN THIHOAI THUONG អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម​បាន​លោត​ពី​ក្នុង​បន្ទប់​លេខ ៦០៣ លើ​ជាន់​ទី​៦ នៃ​សណ្ឋាគារ Rumduol Grand Hotel ។ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ហើយ​ក៏​បាន​តាម​ចាប់​ឃាត់ខ្លួន​បុរស​ជា​ជនជាតិ​ចិន​ចំនួន​៤​នាក់ យក​មក​ធ្វើការ​សាកសួរ តែ​ម្នាក់​ក្នុង​ចំណោម​នោះ មិន​ជាប់​ពាក់ព័ន្ធ​ក៏​បាន​ដោះ​លែង​វិញ និង​ឃាត់ខ្លួន​តែ​៣​នាក់​ប៉ុណ្ណោះ។ លោក​អធិការ​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ស្ត្រី​ម្នាក់​ធ្លាក់​ពីលើ​សណ្ឋាគារ​ខាងលើ​នេះ​ដែរ លោក​នៅ​មិន​ទាន់​បានដឹង​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ដោយ​រង់ចាំ​ការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ជា​បន្ត​ទៀត​សិន ។ លោក​ថា នេះ​ជា​ករណី​ព្រហ្មទណ្ឌ ។

លោក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ ដែល​បាន​ដឹកនាំ​កម្លាំង​ជា​ច្រើន​ចុះ​មក​ដល់ និង​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ជាតិចិន យក​ទៅ​ធ្វើការ​សាក​សួរ នៅ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣ និង​ធ្វើ​អន្តរាគមន៍​ដាក់​ជណ្តើរ​ឡើង​ទៅ​យក​ស្ត្រី​រង​គ្រោះ ដែល​កំពុង​បញ្ចេញ​សំឡេង​ថ្ងូរ​នៅឡើយ និង​ហៅ​រថយន្ត​សា​មុ​យ មក​ដឹក​យក​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ផង​ដែរ ។

ពិតជា​សំណាងល្អ​ណាស់​ សម្រាប់​នារី​រង​គ្រោះ​ដោយសារ​មាន​រុំ​ភួយ និង​ធ្លាក់​ទើរ​ត្រឹម​លើ​យ៉​កញ្ចក់​មុខ​សណ្ឋាគារ​មិន​ធ្លាក់​ដល់​ដី​ទេ គ្រាន់តែ​រង​របួសធ្ងន់​កំពុង​សង្គ្រោះ​បន្ទាន់​នៅឡើយ ដែល​អាច​មានជីវិត​រស់នៅ​។ ប្រសិនបើ​ធ្លាក់​មក​ដល់​ដី​វិញ​ទំនងជា​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មិន​ខាន ។


អត្ថបទសរសេរ ដោយ