ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យសារភាពពីល្បិចលួច​គោ​ ក្រោយអ្នកភូមិបាត់បន្តបន្ទាប់​ (វីដេអូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​ចំនួន​៣​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ដឹក​មេគោ​១​ក្បាល​របស់​អ្នកស្រុក​នៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ហើយ​បាន​ដឹក​ដើរ​តាម​ផ្លូវ​ទៅ​ដល់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ល្បាត​ប្រទះ​ឃើញ​គួរ​ឲ្យ​សង្ស័យ​ ​ខណៈនោះ​កម្លាំង​នគរបាល​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ រួច​​ជជីក​សួរនាំ ​ទើប​ដឹង​ថា​គឺជា​ចោរ…

​រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​ចំនួន​៣​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ដឹក​មេគោ​១​ក្បាល​របស់​អ្នកស្រុក​នៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ហើយ​បាន​ដឹក​ដើរ​តាម​ផ្លូវ​ទៅ​ដល់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ល្បាត​ប្រទះ​ឃើញ​គួរ​ឲ្យ​សង្ស័យ​ ​ខណៈនោះ​កម្លាំង​នគរបាល​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ រួច​​ជជីក​សួរនាំ ​ទើប​ដឹង​ថា​គឺជា​ចោរ ហើយ​មេគោ​ដែល​ដឹក​នោះ​គឺ​ទើបតែ​លួច​បាន​ថ្មី​ៗ​ថែម​ទៀត​ផង រីឯ​បក្សពួក​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ការ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ខាងលើ​​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ចំការ​ត្បែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​ដែល​សង្ស័យ​ថា​ជា​មុខសញ្ញា​ចោរលួច​គោ​នោះ​ឈ្មោះ ជ្រុ​ន ភាស់ អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​តា​ស្មន់ ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ​ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ក្នុងនោះ​នគរបាល​ដកហូត​បាន​មេគោ​សម្បុរ​.ស​១​ក្បាល ដែល​មាន​ម្ចាស់​ឈ្មោះ ក្តាត លឹ​ម ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ស្នួល​ខ្ពស់ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ក្រោយពេលឃាត់ខ្លួនសួរនាំ ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារ​ភាព​​ថា នៅ​មុន​ពេល​ត្រូវ​នគរ​បាល​ឃាត់ខ្លួន​នោះ គឺ​​ខ្លួន​រួម​នឹង​បក្សពួក​២​នាក់​ទៀត​បាន​ធ្វើ​សកម្មភាព​លួច​ដឹក​មេគោ​១​ក្បាល​នេះ​នៅ​ចំណុច​វាលស្រែ​ភូមិ​ស្នួល​ខ្ពស់ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ។ ​លុះ​ក្រោយ​ពេល​លួច​បាន ​បក្ខពួក​២​នាក់​ទៀត​ក៏​បាន​នាំ​គ្នា​ដឹក​មេគោ​ដើរ​គេចខ្លួន ហើយ​ពេល​ទៅ​ដល់​វត្ត​ភ្នៀ​ត​សិម្ពលី សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល ទើប​ខ្លួន​ដឹក​បន្ត​ពី​បក្ខពួក​វិញ​ម្ដង ដោយ​ដឹក​សំដៅ​ទៅ​កាន់​ភូមិ​ចំការ​ត្បែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​ស្រាប់តែ​បាន​ជួប​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​កំពុង​ល្បាត​តាម​ផ្លូវ​ឃាត់ខ្លួន​តែ​ម្ដង ​ហើយ​បក្សពួក​២​នាក់​ទៀត​បាន​គេចខ្លួន​បាត់​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​និយាយ​ថា មួយ​រយៈពេល​កន្លង​មកនេះ​ មាន​អ្នក​រង​គ្រោះ​ដោយ​ចោរលួច​គោ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ចោរ​តែងតែ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​មិន​ដែល​ចាប់​បាន​ឡើយ ។

តាម​ប្រភពដដែលបានបន្ត​ថា ជាក់ស្ដែង​មេគោ​ចំនួន​៣​ក្បាល​របស់​ឪពុក​តារា​កំប្លែង​នាយ​ឆ្អឹង ដែល​មាន​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ ត្រូវ​បាន​ចោរលួច​ដឹក​យក​ទៅ​បាត់​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២០ ខណៈ​ដែល​គាត់​ចង​ទុក​នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។ ​រហូត​មក​ដល់​ពេល​នេះ​រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ ​សមត្ថកិច្ច​មិន​ទាន់​វែកមុខ​ចោរ​ឃើញ​នៅឡើយទេ​ ។ ដោយឡែក​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នៅ​ពេល​នេះ​សង្ស័យ​ថា​មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​លួច​មេគោ​ឪពុកក្មេក​នាយ​ឆ្អឹង​ផង​ដែរ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ហើយ​ក៏​បាន​ប្រទះ​ឃើញ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ដឹក​មេគោ​ដើរ​តាម​ផ្លូវ​ក៏​ឃាត់​សួរនាំ​ទើប​ដឹង​ថា​ទើប​លួច​មេគោ​នេះ​បាន​ថ្មី​ៗ ហើយ​យក​ទៅ​រក​កន្លែង​លក់​។​ បន្ទាប់​មក​កម្លាំង​បាន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ក្រោយមក​បាន​ប្រគល់​បន្ត​នគរបាល​ប៉ុស្តិ៍​កំ​បូល ខណ្ឌ​កំ​បូល ដើម្បី​សាកសួរ​កសាង​សំ​រឿង​ចាត់ការ​តាម​ច្បាប់​៕​ (កែសម្រួលដោយ ៖​ ធីតា​)

គួររំលឹកថា ឪពុកក្មេក​តារា​កំប្លែង​នាយ​ឆ្អឹង​បាត់​មេគោ​៣​ក្បាល​ជិត​១​ម៉ឺន​ដុល្លារ​(​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ