ជុំវិញ​វ៉ាក់សាំង​ SPOUTNIK V ប្រឆាំង​កូវីដ​របស់​រុស្ស៊ី ​ក្រោយ​ចុះ​បញ្ជី​ដាក់​ឲ្យ​ប្រើ


ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន អះអាង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​សីហា​ថា រុស្ស៊ី​​បាន​ផលិត​បាន​មុនគេ​វ៉ាក់សាំង​ប្រឆាំង​វីរុស ​COVID-19 ដែល​ដាក់​ឈ្មោះ​ថា ​SPOUTNIK V ដោយ​លោក​ថា វ៉ាក់សាំង​នោះ​នឹង​ឆ្លងកាត់​រាល់​ការ​ត្រួតពិនិត្យ​ចាំបាច់​នានា ហើយ​ធ្វើការ​ចុះ​បញ្ជី​ដាក់​ឲ្យ​ប្រើប្រាស់​។

លោកពូ​ទី​ន ​អះអាង​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ថា វា​អាច​ផ្ដល់​ភាព​ស៊ាំ ​ពោល​គឺ​ប្រព័ន្ធ​ការពារ​រាង​​កាយ​បាន​ដោយ​ស្ថិតស្ថេរ​។ លោក​រហូត​ដល់​គូសបញ្ជាក់​ថា សូ​ម្បី​តែ​កូនស្រី​លោក​ម្នាក់​ក៏​បាន​ចាក់​វ៉ា​ក់​​សាំង​ឈ្មោះ​ SPOUTNIK V​ នោះ​ដែល​ជា​ឈ្មោះ​របស់​ផ្កាយ​រណប​សូ​វៀត ដំបូង​គេ​បញ្ជូន​​ទៅ​កាន់​តារាវិថី​ដែរ​។

ទោះបី​យ៉ាងណា​សម្រាប់​ពេល​នេះ​រុ​ស្ស៊ី នៅ​មិន​ទាន់​ចេញផ្សាយ​ភស្ដុ​តាង​ណាមួយ​នៅឡើយ​ខណៈ​​​ដំណាក់កាល​ទី​៣ ​នៃ​ការ​សាកល្បង​គ្លីនិក ជា​ដំណាក់កាល​ចុង​ក្រោយ ទើប​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១២ ខែ​សីហា​​ ទៅ​ប៉ុណ្ណោះ​។

អង្គ​​ការ​សុខភាព​ពិភពលោក​ WHO​ និង​បណ្ដា​អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​មានការ​ប្រុង​​ប្រយ័ត្ន​។ តាម ​WHO ​ថា ដើម្បី​ឲ្យ​វ៉ាក់សាំង​មួយ​អាច​ឲ្យ​ជឿជាក់ ទាល់តែ​ឆ្លងកាត់​ឧទាហរណ៍​​ការ​វាយតម្លៃ​របស់​អង្គការ​ពិភពលោក​នោះ និង​ត្រូវ​ឆ្លងកាត់​ការ​សាកល្បង ឲ្យ​ឃើញ​លទ្ធ​ផល​ជាក់លាក់​សិន​។ ដូច្នេះ​ដើម្បី ​WHO​ អនុម័ត វ៉ាក់សាំង​ SPOUTNIK V ត្រូវ​ឆ្លងកាត់​ដំណាក់កាល​៣ ​នៃ​ការ​វាយតម្លៃ ដែល​សាកមើល​សន្តិសុខ​និង​ប្រសិទ្ធភាព ផលិតផល​នោះ​ជា​មួយ​ការ​សាកល្បង​គ្លីនិក​នានា​។

ចាប់តាំងពី​ស​ប្ដា​ហ៍​មុន​មក ​WHO ​បាន​សម្ដែង​ការ​សង្ស័យ​របស់​ខ្លួន ចំពោះ​ឥរិយាបថ​របស់​រុ​ស្ស៊ី​លើ​ការ​ដាក់​ឲ្យ​ប្រើ​វ៉ាក់សាំង​នោះ​។ រុ​ស្ស៊ី​ថា ​វ៉ាក់សាំង​មួយ​ត្រៀម​ស្ទើរ​រួចរាល់​ហើយ​តែ​ពុំ​បាន​រាយ​ការណ៍​ប្រាប់​ឲ្យ ​WHO ​បានដឹង ពី​បណ្ដា​លទ្ធផល​នៃ​ការ​សិក្សា​របស់​ខ្លួន​លើ​ប្រសិទ្ធភាព នៃ​ផលិត​ផល​នោះ​។ ម្យ៉ាងទៀត​ចាប់តាំងពី​ពេល​នោះ​មក មន្ទីរពិសោធន៍​ដែល​ទទួល​បន្ទុក​ស្រាវ​ជ្រាវ លើ​វ៉ាក់សាំង​នោះ​ក៏​មិន​បាន​ចេញផ្សាយ​អ្វី​ឲ្យ​ដឹង​ដែរ​។

ដោយ​ពុំ​មាន​បណ្ដា​ទិន្នន័យ​ផ្លូវការ និង​ក្រោយ​ពេល​មិន​ដល់​២​ខែ​ផង​នៃ​ការ​សាកល្បង​គ្លីនិក​លើ​មនុស្ស អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​ច្រើន​រូប បាន​សម្ដែង​ការ​បារម្ភ​ចំពោះ​ការ​អះអាង​របស់​រុ​ស្ស៊ី​។ រួច​នៅ​ក្រុង​ប៊ែ​រ​ឡាំង ​ក្រសួងសុខាភិបាល​អា​ល្លឺ​ម៉​ង់ ក៏​ថ្លែង​នា​យប់​ថ្ងៃ​ទី​១១​សីហា​ដែរ ពី​ការ​មិន​ទុក​ចិត្ត​ចំពោះ​វ៉ាក់សាំង​រុ​ស្ស៊ី​នោះ​។

ទោះបីជា​បណ្ដា​អ្នក​វិទ្យាសាស្ត្រ​អង់​គ្លេ​ស ​ឬ​អា​ល្លឺ​ម៉​ង់​សម្ដែង​ការ​សង្ស័យ ចំពោះ​ប្រសិទ្ធភាព ​និង​សន្តិសុខ​របស់​វ៉ាក់សាំង​រុ​ស្ស៊ី ដែល​ប្រកាស​ដាក់​ឲ្យ​ប្រើ​ក្ដី តែ​រុ​ស្ស៊ី​បាន​ស​ម្តែង​ការ​អបអរសាទរ ចំពោះ​​វ៉ាក់សាំង​របស់​ខ្លួន ខណៈ​មន្ទីរពិសោធន៍​ជា​ច្រើន​លើ​ពិភពលោក កំពុង​តែ​ធ្វើការ​សាក​ល្បង​គ្លីនិក សម្រាប់​វ៉ាក់សាំង​របស់​ពួក​គេ​។ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ទាំងនោះ​ជា​ច្រើន ក្នុង​នោះ​មាន ​MODERNA PLIZER និង​ ASTRAZENECA ជាដើម​សង្ឃឹម បង្ហាញ​ប្រសិទ្ធភាព ​និង​សន្តិសុខ​នៃ​វ៉ាក់សាំង ​របស់​ពួក​គេ​នា​ដំណាច់ឆ្នាំ​នេះ​។

គួររំលឹកថា ៖ លោកពូ​ទី​ន ​ប្រកាស​ចុះបញ្ជី​វ៉ាក់សាំង​ប្រឆាំង​វីរុស​ COVID-19 ​ហើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ