ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ស្ថានីយ​ប្រេង ឬ​ឧស្ម័ន​ឥន្ធនៈ​គ្មាន​លិខិតអនុញ្ញាត​ត្រូវ​ផាកពិន័យ​រហូត​ដល់​១០​លាន​រៀល

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រះវិហារ ៖ មួយ​រយៈពេល​ចុង​ក្រោយ​នេះ គេ​កត់សម្គាល់​ឃើញ​មាន​អគ្គិភ័យ​ដោយ​ការ​ផ្ទុះ​ឆេះ​កន្លែង​លក់​ធុង​ហ្គា​ស និង​កន្លែង​ស្ថានីយ​ប្រេង​ផង​ដែរ ។ ព្រម​ជាមួយ​គ្នា​នោះ​មន្ត្រី​ជំនាញ​បាន​ក្រើនរម្លឹក​ដល់​ម្ចាស់​ស្ថានីយ​ប្រេង ឬ​ឧស្ម័ន​ឥន្ធនៈ​ទាំងអស់​ថា បើសិនជា​ម្ចាស់​ស្ថានីយ​ប្រេង ឬ​ឧស្ម័ន​ឥន្ធនៈ…

ខេត្តព្រះវិហារ ៖ មួយ​រយៈពេល​ចុង​ក្រោយ​នេះ គេ​កត់សម្គាល់​ឃើញ​មាន​អគ្គិភ័យ​ដោយ​ការ​ផ្ទុះ​ឆេះ​កន្លែង​លក់​ធុង​ហ្គា​ស និង​កន្លែង​ស្ថានីយ​ប្រេង​ផង​ដែរ ។ ព្រម​ជាមួយ​គ្នា​នោះ​មន្ត្រី​ជំនាញ​បាន​ក្រើនរម្លឹក​ដល់​ម្ចាស់​ស្ថានីយ​ប្រេង ឬ​ឧស្ម័ន​ឥន្ធនៈ​ទាំងអស់​ថា បើសិនជា​ម្ចាស់​ស្ថានីយ​ប្រេង ឬ​ឧស្ម័ន​ឥន្ធនៈ ដំណើរការ​ដោយ​គ្មាន​លិខិតអនុញ្ញាត​នោះ​នឹង​ត្រូវ​ផាកពិន័យ​ចាប់ពី ២០០ ពាន់​រៀល ដល់ ១០​លាន​រៀល ។

យោង​តាម​រដ្ឋបាល ក្រសួង​រ៉ែ និង​ថាមពល ក្នុង​ខេត្តព្រះវិហារ បាន​ផ្សព្វផ្សាយ​នូវ «​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត និង​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ហានិភ័យ​ស្ថានីយ និង​សារាចរ​សុវត្ថិភាព​សម្រាប់​ការ​រៀបចំ​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​» កាល ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ ។

ក្នុង​នោះ​ក្រសួង​បានឱ្យ​ដឹង​ថា កម្ពុជា​បាន​អនុលោម​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ហើយ​ខ្លឹមសារ​នៃ​មាត្រា​សំខាន់​ៗ​មួយ​ចំនួន​ទាក់ទង​នឹង​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​រួម​មាន ៖ មាត្រា​៤២ ៖ ម្ចាស់​ស្ថានីយ​ប្រេង ឬ​ឧស្ម័ន​ឥន្ធនៈ​ត្រូវ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេស​សុវត្ថិភាព​ពី​ក្រសួង​រ៉ែ និង​ថាមពល មុន​នឹង​ចាប់ផ្តើម​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ។ មាត្រា​៤១ ៖ ម្ចាស់​ស្ថានីយ​ប្រេង ឬ​ឧស្ម័ន​ឥន្ធនៈ ត្រូវ​មាន​លិខិតអនុញ្ញាត​អាច​ដំណើរការ​ពី​ក្រសួង​រ៉ែ និង​ថាមពល ។ មាត្រា​៦៦ ៖ ម្ចាស់​ស្ថានីយ​ប្រេង ឬ​ឧស្ម័ន​ឥន្ធនៈ ណា​ដែល​គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់ បច្ចេកទេស​សុវត្ថិភាព​ពី​ក្រសួង​រ៉ែ និង​ថាមពល មុន​នឹង​ចាប់ផ្តើម​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល និង​ផ្អាក​សកម្មភាព​សាងសង់​នានា ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​តម្លៃ​ក្រោម ៨០០​លាន​រៀល ។

និង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន ១០​លាន​រៀល និង​ផ្អាក​សកម្មភាព​សាងសង់​នានា ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​តម្លៃ​ចាប់ពី ៨០០​លាន​រៀល ។ ករណី​នៅ​តែ​បន្ត​ប្រព្រឹត្ត​អំពើ​ល្មើស​ដដែល ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​ទ្វេ​ដង ។ មាត្រា​៦៤ ៖ ម្ចាស់​ស្ថានីយ​ប្រេង ឬ​ឧស្ម័ន​ឥន្ធនៈ ណា​ដែល​គ្មាន​លិខិតអនុញ្ញាត​អាច​ដំណើរការ​ពី​ក្រសួង​រ៉ែ និង​ថាមពល ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី ២០០ ពាន់​រៀល ដល់ ១០​លាន​រៀល ។ មាត្រា​៦៧ ៖ បុគ្គល​ណា​ដែល​ធ្វើ​សកម្មភាព​រារាំង ឬ​បង្ក​ឱ្យ​កា​រាំងស្ទះ​ដល់​ដំណើរការ​អធិការកិច្ច ត្រូវ​ដាក់​ពន្ធនាគារ​ពី​១​ខែ ដល់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ទៅ ៥០​លាន​រៀល ។ ហើយ​បើ​អ្នករាជការ​សាធារណៈ ឬ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការ​បោះ​ឆ្នោត​ដែល​ធ្វើ​សកម្មភាព​រារាំង ឬ​បង្ក​ឱ្យ​កា​រាំងស្ទះ​ដល់​ដំណើរការ​អធិការកិច្ច ត្រូវ​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ​ដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០០​លាន​រៀល ទៅ ២៥០​លាន​រៀល ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សិក្ខាសាលា​នេះ មាន​គោលបំណង​បង្កើន​ការ​យល់​ដឹង​អំពី​ច្បាប់ អំពី​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង និង​អំពី​បែបបទ និង​នីតិវិធី​ក៏​ដូច​ជា​បច្ចេកទេស​សុវត្ថិភាព​ក្នុង​ការ​គ្រប់គ្រង និង​ប្រកប​អាជីវកម្ម​ដល់​ម្ចាស់​ស្ថានីយ អ្នក​សាងសង់​ស្ថានីយ និង​អ្នកធ្វើការ​ស្តុក​ទុក ផលិតផល​ប្រេងកាត និង​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ​បច្ចេកទេស មន្ទីរ​រ៉ែ និង​ថាមពល និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​យល់​ពី​តួនាទី​ភារកិច្ច និង​នីតិវិធី​នានា ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ការ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​តម្លាភាព ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​ពាក់ព័ន្ធ​នានា​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ