ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​១​គ្រួសារ​ប្រកប​របរ​ដាំ​បន្លែ​សណ្តែកកួរ​លក់ តែ​តម្លៃ​ទីផ្សារ​មានការ​ធ្លាក់​ចុះ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ ១​គ្រួសារ រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ ១​គ្រួសារ រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ប្រកប​របរ ដាំ​បន្លែ​សណ្តែកកួរ ចំនួន​៣២​រង ដើម្បី​បាន​ផល​បេះ​លក់​យក​ប្រាក់​ចិញ្ចឹមជីវិត​។ តែ​នៅ​ខែសីហា​នេះ តម្លៃ​ទីផ្សារ​ហាក់ដូចជា​មានការ​ធ្លាក់​ចុះ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ផង​ដែរ​។

ប្រភព​ព័ត៌មាន ពី​កសិករ​ម្នាក់​ឈ្មោះ សុខ ភាព ភេទ​ស្រី អាយុ​៥0​ឆ្នាំ ប្តី​ឈ្មោះ ហ៊ិ​ន នូ អាយុ​៥០​ឆ្នាំ​ដូច​គ្នា រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ជួល​ដី​ភូមិ​គេ ក្នុង​តម្លៃ​៥០​ម៉ឺន​រៀល រយៈពេល​១​ឆ្នាំ ដើម្បី​ដាំ​បន្លែ​សណ្តែកកួរ​។ ប្រភព​បន្ត​ទៀត​ថា គាត់​ដាំ​បន្លែ​នេះ​ចំនួន​៣២​រង ដោយ​ក្នុង​មួយ​រង​ៗ(​ជួរ​) ប្រវែង​៥០​ម៉ែត្រ ដោយ​ចាប់តាំងពី​ដាំ​បាន​រយៈពេល​៦​ស​ប្តា​ហ៍ ទើប​រុក្ខជាតិ​នេះ​ចាប់ផ្តើម​ចេញ​ផ្កា និង​ផ្លែ ប្រមូល​ផល​ជា​បណ្តើរ​ៗ បេះ​លក់​ឱ្យ​ឈ្មួញ​បាន​រយៈពេល​ជិត​២​ខែ​មក​ហើយ​។ ចំពោះ​ការ​ប្រមូល​ផល ក្នុង​១​ថ្ងៃ បេះ​សណ្តែក​លក់​ចាប់ពី​៤០​ទៅ​៦០​គីឡូក្រាម​។

រីឯ​តម្លៃ​ទីផ្សារ​កាលពីដើម​ខែកក្កដា កន្លង​ទៅ បានការ​ធ្លាក់​ចុះ​ខ្លាំង ដោយ​ឈ្មួញ​ទិញ​សណ្តែកកួរ​ត្រឹមតែ​៨០០​រៀល ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ​។ រហូត​មក​ដល់​ពេល​នេះ តម្លៃ​ទីផ្សារ​មានការ​ឡើង​បន្តិច ដោយ​១​គីឡូក្រាម ឈ្មួញ​ទិញ​តម្លៃ​១៥០០​រៀល​។ គាត់​បញ្ជាក់​ថា កាលពី​ដាំ​មុន​ៗ​ឈ្មួញ​ទិញ​សណ្តែកកួរ​១​គីឡូក្រាម តម្លៃ​៣៥០០​ទៅ​៤០០០​រៀល ដែល​អាច​ធ្វើ​ឱ្យ​គាត់​មានការ​ចំណេញ​សល់​ថវិកា​ខ្លះ សម្រាប់​ផ្គត់ផ្គង់ ជីវភាព លុះ​មានការ​នាំ​ចូល​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ក៏​ធ្លាក់​ចុះ​តែ​ម្តង​។

គាត់​បន្ថែម​ថា បន្ទាប់​ពី​ចំណាយ​ដើមទុន អស់​ជាង​៤​លាន​រៀល រួម​ទាំង​ការ​ជួល​ដី ទិញ​កូន​ឈើ​ធ្វើ​ទ្រើង មិន​ទាន់​ទូទាត់​សង​ថ្លៃ​ជំពាក់​គេ​រួចរាល់​នៅឡើយ​ទេ ប្រហែលជា​ដាំ​ម្តង​ទៅ​២​ដង​ទៀត ទើប​អាច​ទូទាត់​សង​គេ​អស់​។ គាត់​ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែរ ដោយ​បន្ទាប់​ពី​សណ្តែកកួរ ចេញ​ផ្កា​ផ្លែ ហាក់ដូចជា​មាន​ស្រមោច និង​ចៃ​ច្រើន ពិបាក​ក្នុង​ថែទាំ ហើយ​ទិន្នផល ក៏​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ៗ​ដែរ ខណៈ​គាត់​មិន​ហ៊ាន​ប្រើ​ថ្នាំ ឬ​ជីគីមី​នោះ​ឡើយ ក្រែង​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​។ ទោះជា​យ៉ាងណា​បន្ទាប់​ពី​ប្រមូល​ផល​សណ្តែក​កកួរ​នេះ​រួចរាល់ គ្រួសារ​របស់​គាត់​នឹង​ដាំ​ត្រសក់ផ្អ (​ទ្រើង​)​វិញ​ម្តង​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ