ខេត្តកណ្ដាល ៖ ជនសង្ស័យជាមុខសញ្ញាឆក់ទូរស័ព្ទតាមដងផ្លូវយ៉ាងសកម្មម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លាឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច ហើយយកទៅលក់ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានម្នាក់។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចស្ពានព្រែកបាទ្បាត់ឆឹង ស្ថិតក្នុងភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យមានគ្នា២នាក់ ក្នុងនោះម្នាក់ឈ្មោះ វី ម៉េងហ៊ង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ត្រូវឃាត់ខ្លួន និងម្នាក់ទៀតឈ្មោះ មឿន សុខ ម៉េត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល មុខរបរមិនពិតប្រាកដ គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះឈ្មោះ ហុង សុខឡាំង ភេទស្រី អាយុ២០ឆ្នាំ ជាសិស្ស មានទីលំនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលបានប្រាប់អោយដឹងថា កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២០ នារីរងគ្រោះបានជិះម៉ូតូពីផ្ទះនៅភូមិព្រែកប៉ាន មកផ្សារព្រែកឃ្លោក លុះជិះមកដល់គល់ស្ពានព្រែកបាឡាត់ឆឹង ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់។
តាមប្រភពដដែលបានបន្តថា លុះមកដល់វេលាម៉ោង១២និង៣០នាទីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានស្រាវជ្រាវដឹងថា ជនសង្ស័យកំពុងយកទូរស័ព្ទទៅលក់នៅចំណុចឃុំតាលន់ ។ ភ្លាមនោះសមត្ថកិច្ចបានដឹកនាំកម្លាំងប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ វី ម៉េងហ៊ង រួមនឹងវត្ថុតាងយកមកប៉ុស្គិ៍ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀតពិតជាបានឆក់យកទូរស័ព្ទពីនារីរងគ្រោះប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យម្នាក់ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី ចំណែកម្នាក់ទៀតកំពុងតាមរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាតាមច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ