ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​បោះ​ឆ្នោត​ជ្រើសរើស ពេល​បោះ​រួច​ហើយ​មិន​ទទួលយក​លទ្ធផល

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ សីហា នៅ​ក្នុង​ទី​អារាម​វត្ត​ជ្រៃ​សិរី​ឧត្តម ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង បាន​ធ្វើ​ពិធី​បោះ​ឆ្នោត​ដ៏​ធំ​មួយ ដើម្បី​ជ្រើសរើស​អាចារ្យវត្ត…

ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ សីហា នៅ​ក្នុង​ទី​អារាម​វត្ត​ជ្រៃ​សិរី​ឧត្តម ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង បាន​ធ្វើ​ពិធី​បោះ​ឆ្នោត​ដ៏​ធំ​មួយ ដើម្បី​ជ្រើសរើស​អាចារ្យវត្ត និង​គណៈកម្មការ​វត្ត ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​សង្ឃ មន្ត្រី​ធម្មការ​ស្រុក អាជ្ញាធរ​ឃុំ​ស្រុក និង​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ប្រមាណ​ជិត​២០០​នាក់​។

ការ​បោះ​ឆ្នោត បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ ប៉ុន្តែ​រឿង​ដែល​គេ​មិន​នឹក​ស្មាន​នោះ គឺ​នៅ​ពេល​ដែល​លទ្ធផល​ចេញ​មក បែរជា​មាន​ពុទ្ធបរិស័ទ​មួយ​ក្រុម​ធ្វើការ​ជំទាស់ មិន​ព្រម​ទទួលយក​លទ្ធផល ទើប​ធ្វើ​ឲ្យ​មន្ត្រី​សង្ឃ ធម្មការ និង​អាជ្ញាធរ​ឈឺក្បាល​វិល​មុខជា​ខ្លាំង​។ លោក ឈា សុធី ប្រធាន​ការិយាល័យ​ធម្មការ​ស្រុក​ពារាំង បាន​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​នេះ​គឺ​បោះ ជ្រើសរើស​ទាំង​គណៈកម្មការ​វត្ត និង​អាចារ្យវត្ត ហើយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​អាចារ្យ គឺ​ពុំ​មាន​នរណា​ជំទាស់​នោះ​ទេ គ្រប់​គ្នា​ព្រម​ទទួលយក​លទ្ធផល​ទាំងអស់​គ្នា​។

ប៉ុន្តែ​លទ្ធផល​បោះ​ឆ្នោត ជ្រើសរើស​គណៈកម្មការ​វត្ត បែរជា​មាន​ពលរដ្ឋ​មួយ​ក្រុម​នាំ​គ្នា​ជំទាស់ មិន​ទទួលយក​លទ្ធផល ដែល​ខ្លួនឯង​បាន​ចូលរួម​បោះ​ទៅ​វិញ​។ លោក ឈា សុធី បាន​បញ្ជាក់​ថា លទ្ធផល​បោះ​ឆ្នោត​ជ្រើសរើស គណៈកម្មការ​វត្ត ឈ្មោះ ឡុ​ង យឿ​ន ទទួល​បាន​សំឡេង​គាំទ្រ​ខ្ពស់​ជាងគេ គឺ​ចំនួន​១២៧​សំឡេង គឺ​ត្រូវធ្វើ​ជា​ប្រធាន​គណៈកម្មការ ហើយ​ឈ្មោះ វ៉េ​ង វ៉ា​ន់ ទទួល​បាន​សំឡេង​គាំទ្រ​បន្ទាប់ ចំនួន​១០៦​សំឡេង គឺ​ត្រូវធ្វើ​ជា​អនុប្រធាន ប៉ុន្តែ​ពុទ្ធបរិស័ទ​មួយ​ក្រុម មាន​គ្នា​ប្រមាណ​ជា​៥០​ទៅ ៦០​នាក់ បែរជា​ជំទាស់​មិន​ព្រម​ទទួលយក​លទ្ធផល​បោះ​ឆ្នោត ដោយ​ទាមទារ​ឲ្យ​តែងតាំង​ឈ្មោះ វ៉េ​ង វ៉ា​ន់ ជា​ប្រធាន​គណៈកម្មការ​វត្ត​វិញ ក្រោម​ហេតុផល​ថា ឈ្មោះ ឡុ​ង យឿ​ន ជា​អ្នកក្រ ហើយ​គ្មាន​សមត្ថភាព​គ្រប់គ្រង​ថវិកា​របស់​វត្ត​ទេ បើ​ឲ្យ​គ្រប់គ្រង​ពេល​បាត់បង់​ថវិកា​វត្ត គ្មាន​លទ្ធភាព​សង​វិញ​ទេ​។

លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា​នេះ​ថា ទោះជា​ពុទ្ធបរិស័ទ​មួយ​ក្រុម​នោះ មាន​ហេតុផល​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​អាជ្ញាធរ មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ មិន​អាច​ធ្វើ​តាម​ការ​ទាមទារ​នោះ​ទេ គឺ​ត្រូវ​តែ​គោរព​ទៅ​តាម​លទ្ធផល នៃ​ការ​បោះ​ឆ្នោត ដែល​បាន​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ មិន​អាច​ធ្វើ​ទៅ​តាមតែ​ទំនើងចិត្ត នោះ​ទេ ម្យ៉ាង​ក្រុម​អ្នក​ជំទាស់​មាន​តែ​៣០​ទៅ​៤០%​ប៉ុណ្ណោះ ក្រៅពី​នោះ​គេ​ព្រម​ទទួលយក​ទាំងអស់​។ លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា ពលរដ្ឋ​ទាំងនោះ​ពិបាក​ខ្លាំង​ណាស់ ខ្លួនឯង​ជា​អ្នកបោះឆ្នោត ពេល​លទ្ធផល​ចេញ​មក បែរជា​មិន​ទទួលយក​លទ្ធផល ហើយ​នាំ​គ្នា​ប្តឹង​តវ៉ា ពិតជា​ឈឺក្បាល​ខ្លាំង​ណាស់​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្នុង​វត្ត​ជ្រៃ​សិរី​ឧត្តម​នោះ បាន​ឲ្យ​ដឹង​ថា រឿងរ៉ាវ​អធិករណ៍​នៅ​ក្នុង​វត្ត​នេះ គឺ​រញ៉េរញ៉ៃ​ខ្លាំង​ណាស់ និង​បាន​ធ្វើ​ឲ្យ​វត្ត​ទាំងមូល ត្រូវ​បាន​បែងចែក​ជា​២​បក្ខ ទាំង​ព្រះសង្ឃ អាចារ្យវត្ត គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ដោយ​ផ្តើម​ចេញពី​ការ​តែងតាំង​ចៅអធិការ​វត្ត​ថ្មី ដោយ​មន្ត្រី​សង្ឃ​ស្រុក ធម្មការ​ស្រុក និង​អាជ្ញាធរ​ស្រុក បាន​សម្រេច​តែងតាំង​ព្រះ​តេជគុណ​មួយ​អង្គ​នៅ​ក្នុង​វត្ត ដែល​មាន​ព្រះ​ជន្ម​ចាស់វស្សា​ជាងគេ ឲ្យ​ធ្វើ​ជា​ចៅអធិការ​វត្ត ប៉ុន្តែ​ទើបតែ​ស៊ី​ញ៉េ​លើ​លិខិត​រួច មិន​ទាន់​បាន​ប្រកាស​ផង បែរជា​លេច​ធ្លាយ​ដំណឹង​នេះ​ចេញ​មក​ក្រៅ ធ្វើ​ឲ្យ​ផ្ទុះ​ជា​អធិករណ៍​ឡើង​ផ្អើល​ពេញ​វត្ត ព្រោះ​មាន​បក្ខ​ម្ខាង​ជំទាស់ និង​ទាមទារ​ឲ្យ​តែងតាំង​ព្រះ​តេជគុណ​មួយ​អង្គ​ផ្សេង​ទៀត ដែល​នៅ​ក្នុង​វត្ត​ដែរ។

តែ​មាន​ព្រះ​ជន្ម​តិច​វស្សា​ជាង ឲ្យ​ធ្វើ​ជា​ចៅអធិការ​វត្ត ដោយ​ហេតុផល​ថា លោក​ពូកែ​ខាង​ស្វែងរក​បច្ច័យ​កសាង​វត្ត ហើយ​អធិករណ៍​នេះ​បាន​បន្ត​ផ្ទុះ​ឡើង រហូត​ឈាន​ដល់ ការ​សម្រេច​បោះ​ឆ្នោត​ជ្រើ​ង​រើស​អាចារ្យវត្ត និង​គណៈកម្មការ​វត្ត​នា​ពេល​នេះ​តែ​ម្តង ហើយ​លទ្ធផល​ដែល​ចេញ​មកនេះ ពុទ្ធបរិស័ទ​ដែល​ជំទាស់​មិន​ព្រម​ទទួលយក​នោះ​ទេ និង​បាន​អះអាង​ថា និង​នាំ​គ្នា​ធ្វើការ​ប្តឹង​តវ៉ា​សារ​ជា​ថ្មី​ទៀត នៅ​ក្នុង​ថ្ងៃ​ប្រកាស​តែងតាំង​ចៅអធិការ វត្ត​នា​ពេល​ខាង​មុខ​៕ ដោយ ៖ សុំ ពៅ​ពិសិដ្ឋ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ