ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ព្យាករណ៍​ថា ​ការ​ផ្ញើ​ប្រាក់​ពី​បរទេស​មក​កម្ពុជា​បាត់បង់​៤២០​លាន​ដុល្លារ​ក្នុងឆ្នាំនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​បរទេស​មួយ​បានអោយ​ដឹង​ថា ឆ្នាំ ២០២០​នេះ ការ​ផ្ទេរ​ប្រាក់​ឬ​ផ្ញើ​ប្រាក់​ពី​បរទេស​មក​កាន់​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ចំនួន​៤២០​លាន​ដុល្លារ​ឬ​១៥​ភាគរយ ខណៈ​ឆ្នាំ​២០១៩​កន្លង​ទៅ​ការ​ផ្ញើ​ប្រាក់​មក​កម្ពុជា​មាន​ចំនួន ២,៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​បរទេស​មួយ​បានអោយ​ដឹង​ថា ឆ្នាំ ២០២០​នេះ ការ​ផ្ទេរ​ប្រាក់​ឬ​ផ្ញើ​ប្រាក់​ពី​បរទេស​មក​កាន់​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ចំនួន​៤២០​លាន​ដុល្លារ​ឬ​១៥​ភាគរយ ខណៈ​ឆ្នាំ​២០១៩​កន្លង​ទៅ​ការ​ផ្ញើ​ប្រាក់​មក​កម្ពុជា​មាន​ចំនួន ២,៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

របាយការណ៍​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ចំនួន​ទឹកប្រាក់​ដែល​បាត់បង់​ក្នុង​ឆ្នាំ​២០២០​នេះ ភាគច្រើន​គឺ​មក​ពី​ប្រទេស​ថៃ ដោយសារ​តែ​ពលករ​កម្ពុជា​រាប់​សែន​នាក់​នៅ​ប្រទេស​បាន​ត្រលប់​មក​ស្រុក​កំណើន​វិញ ព្រោះតែ​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ហើយ​ពួក​គេ​ក៏​មិន​ទាន់​បាន​ត្រលប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ ។

ក្នុង​របាយការណ៍​ថា វិបត្តិ​សេដ្ឋកិច្ច​នឹង​កើតឡើង ដោយសារ​ការ​គំរាមកំហែង​នៃ​ការ​បាត់បង់​ការងារ សុខុមាលភាព​ពលករ​ចំណាកស្រុក​អន្តរជាតិ​ជាង​៩១​លាន​នាក់​ពី​តំបន់​អាស៊ី​អាគ្នេយ៍ ។​ទាំងនោះ គឺ​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​ការ​ធ្វើ​ចំណាកស្រុក​អន្តរជាតិ , ការ​ផ្ញើ​ប្រាក់​និង​ការ​ទទួល​ប្រាក់​ពី​បរទេស​ធ្លាក់​ចុះ ។

ការ​ផ្ញើ​ប្រាក់​ពី​ក្រៅប្រទេស​ក្នុង​តំបន់​អាស៊ី ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ធ្លាក់​ចុះ​ប្រមាណ​៣១,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ ដល់​៥៤,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០២០​នេះ ដោយ​ស្មើនឹង​ប្រមាណ​១១,៥​ភាគរយ​ទៅ​ដល់​១៩,៨​ភាគរយ ។

សម្រាប់​ពលករ​ចំណាកស្រុក​កម្ពុជា ពី​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង និង​ប្រទេស​ជប៉ុន​បាន​ផ្ញើ​ប្រាក់​មក​ស្រុក​ប្រមាណ​១២,៩១​លាន​ដុល្លារ​អា​មេ​រិ​កតាម​រយៈ​ធនាគារ​អេ​ស៊ី​លី​ដា នៅ​ក្នុង​រយៈពេល​កណ្ដាល​ឆ្នាំ ២០២០​នេះ​ថយ​ចុះ​ជាង​១,៤​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថា​កាលពី​ឆ្នាំ​មុន​ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ កូរ៉េ ជប៉ុន សិង្ហ​បុរី ហុងកុង ម៉ា​ឡេ​ស៊ី និង​ប្រទេស​អា​រ៉ា​ប៊ី​សាវ​អូឌីត បាន​ផ្ញើ​ប្រាក់​ត្រលប់​មក​ស្រុក​វិញ​ប្រមាណ​២,៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​កើនឡើង​រហូត​ដល់​១,៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ។

គួរ​បញ្ជាក់​ថា​ពលករ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ត្រលប់​មក​ផ្ទះ​វិញ​យ៉ាងច្រើន នៅ​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ​នេះ ដោយសារ​តែ​កាលនោះ​ថៃ​គ្រោង​នឹង​បិទ​ព្រំដែន​ផង និង​ជិត​ដល់​ពេល​បុណ្យចូលឆ្នាំ​ផង ។ ការ​ត្រលប់​មក​ស្រុក​របស់​ពលករ​ថៃ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​អាច​ត្រលប់​ទៅ​វិញ​បាន​នៅឡើយ​ទេ​ដោយសារ​តែ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ដូច្នេះ​ហើយ​ទើប​ធ្វើ​អោយ​ចរន្ត​នៃ​ការ​ផ្ទេរ​ប្រាក់​ពី​ខាងក្រៅ​ក៏​ត្រូវ​បាន​ព្យាករណ៍​ធ្លាក់​យ៉ាង​ដូច្នេះ ។

កន្លង​មក​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ច្រើន​បាន​លើក​ឡើង​ផង​ដែរ​ថា ការ​ធ្វើការ​នៅ​ក្រៅប្រទេស​ក៏​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុ​ជាមួយ​កម្រិត តាម​រយៈ​ការ​ផ្ញើ​ប្រាក់​មក​ក្រុម​គ្រួសារ​របស់​ពួក​គេ​សម្រាប់​ដោះស្រាយ​ជីវភាព​និង​បង្កើត​មុខរបរ​នៅ​ស្រុក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ