ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ថោ​ង ខុន ៖ ខេត្តមណ្ឌលគិរី​ប្រៀប​បាន​នឹង​គ្រាប់ពេជ្រ​សម្រាប់​ភូមិភាគ​ឦ​សាន្ត​ និង​សម្រាប់កម្ពុជា

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោ​ង ខុន បាន​ថ្លែង​ថា ខេត្តមណ្ឌលគិរី​មាន​សក្កា​នុ​ពល​ដ៏​សម្បូរ​បែប​លើ​ពហុ​វិស័យ រួម​ទាំង​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម​រ៉ែ និង​ថាមពល កសិកម្ម​និង​ក​សិ​-​ឧស្សាហកម្ម…

ខេត្តមណ្ឌលគិរី​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោ​ង ខុន បាន​ថ្លែង​ថា ខេត្តមណ្ឌលគិរី​មាន​សក្កា​នុ​ពល​ដ៏​សម្បូរ​បែប​លើ​ពហុ​វិស័យ រួម​ទាំង​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម​រ៉ែ និង​ថាមពល កសិកម្ម​និង​ក​សិ​-​ឧស្សាហកម្ម ធនធានធម្មជាតិ​និង​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ព្រមទាំង​ច្រក​ទ្វារ​ភាគី​ដែល​ប្រៀប​បាន​នឹង​គ្រាប់ពេជ្រ​សម្រាប់​ភូមិភាគ​ឦ​សាន្ត​និង​សម្រាប់ កម្ពុជា​ដែល​ទ្រទ្រង់​ការ​អ​ភី​វឌ្ឍន៍​វិស័យ​និង​សេដ្ឋកិច្ច​ខេត្ត​ទាំងមូល​ទាំង​សម្រាប់​បច្ចុប្បន្ន​និង អនាគត ខណ​ដែល​ចក្ខុវិស័យ​ក្នុង​ការ​អភិវឌ្ឍន៍​និង​វិនិយោគ​របស់​ខេត្ត​ស្ថិត​ក្នុង​កម្រិត​មួយ​ខ្ពស់ ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ សេចក្តី​ព្រាង​បឋម​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី​កាលពី ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ ដោយ​មានការ​ចូលរួម​ពី​លោក ស្វាយ សំ​អ៊ា​ង អភិបាល​នៃ​គណ អភិបាលខេត្ត​រួម​មាន​អភិបាលស្រុក ចៅសង្កាត់ មេឃុំ អង្គភាព​ជំនាញ​វិស័យ​ឯកជន អង្គភាព ជាតិ​អន្តរជាតិ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា បើ​គិត​ត្រឹមតែ​វិស័យ​ទេសចរណ៍ ខេត្តមណ្ឌលគិរី​មាន ភាព​ខ្លាំង និង​អំណោយផល​ដល់​ការ​អភិវឌ្ឍន៍​ជា​គោលដៅ​អេកូ​ទេសចរណ៍ និង​ទេសចរណ៍ វប្បធម៌ (​ជនជាតិ​ដើម​ភាគតិច​) លំដាប់ថ្នាក់​អន្តរជាតិ ដែល​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ មក​កម្សាន្ត​ឲ្យ​បាន​ច្រើន និង​មក​ច្រើន​ដង បង្កើត និង​បង្កើន​ការងារ បង្កើន​ចំណូល និង​លើក កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន​។

លោក ថោ​ង ខុន គូសបញ្ជាក់​ថា ខេត្ត មណ្ឌលគិរី​មាន​សក្ដានុពល​ធំធេង​សម្រាប់ ការ​អភិវឌ្ឍ​ជា​កសិដ្ឋាន​ផ្កា បន្លែ ផ្លែ​ឈើ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​អាច​ឈាន​ដល់ ការ​នាំ​ចេញ​នៅ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ផង​ដែរ​។ ទីតាំង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី​មាន លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ និង​ខេត្ត​ដា​ឡា​ត់ ប្រទេស​វៀតណាម ជា​ពិសេស​ភាព​អំណោយផល​នៃ​អាកាសធាតុ​ត្រជាក់​បង្គួរ​នៅ​តំបន់​នេះ រួម​ជាមួយ​ដី​ដ៏​មាន ជីជាតិ​។

លោក​ក៏​បាន​អះអាង​ថា​ដែរ​ថា​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ធ្វើ​ឲ្យ​យើង​អាច​វាយតម្លៃ​ថា ស្ថិត​ក្នុង​ដំណាក់ កាល​ទី​២ នៃ​វដ្ត​ជីវិត​នៃ​ការ​អភិវឌ្ឍ​ទេសចរណ៍ (Life Cycle) ដែល​ជា ដំណាក់កាល​កំណើន​ដំបូង (Growth Development) និង​មាន​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍ​ខ្លាំង បន្ថែម​ទៀត​នា​ពេល​អនាគត និង​បង្កើត​បានជា​កាលា​នុ​វត្ត​ជា​ច្រើន​សម្រាប់​ការ​វិនិយោគ និង​បង្កើត​តម្លៃបន្ថែម​ក្នុង​វិស័យ ទេសចរណ៍ និង​វិស័យសេដ្ឋកិច្ច​នានា​។

លោក ថោ​ង ខុន ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជ​-​រដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ និង​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឲ្យ​មានការ​សិក្សា​សាងសង់​ព្រ​លាន​យន្តហោះ​ខេត្តមណ្ឌលគិរី ដែល​នឹង ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​កា​រត​ភ្ជាប់​ពី​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប រាជធានី​ភ្នំពេញ និង​តំបន់ឆ្នេរ​មក​កាន់​ខេត្តមណ្ឌលគិរី និង​ភូមិភាគ​ឦ​សាន្ត​ទាំងមូល​ឲ្យ​មាន​ភាព​កាន់តែ​ងាយស្រួល​។

លោក​បន្ថែម​ថា អនាគត ព្រ​លាន​យន្តហោះ​ខេត្តមណ្ឌលគិរី​នេះ អាច​នឹង​ត្រូវ​ប្រើប្រាស់ ជា​ព្រ​លាន​យន្តហោះ​ក្នុង​តំបន់ ត​ភ្ជាប់​ខេត្តមណ្ឌលគិរី​ទៅ​គោលដៅ​ទេសចរណ៍​ជិតខាង រួម​មាន ប្រទេស​ថៃ វៀតណាម និង​ឡាវ ព្រម​ជាមួយ​ទីក្រុង​សំខាន់​ៗ​របស់​អាស៊ាន និង​ប្រទេស​ផ្សេង ទៀត ដូច​ជា​ប្រទេស​ជប៉ុន កូរ៉េ អូ​ស្ត្រា​លិ និង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ជាដើម ដែល​ប្រើ​រយៈពេល ហោះហើរ​ចន្លោះ​ពី ៥-៧​ម៉ោង ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​នូវ​ភាព​គាំទ្រ​ចំពោះ​ការ​រៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ដែល​មាន​លក្ខណៈ​ជា​ផែនការ​សមា​-​ហ​រណកម្ម​ជាមួយ វិស័យ​ផ្សេង​ៗ ដែល​នឹង​ក្លាយជា​ត្រីវិស័យ​ដ៏​សំខាន់​ចង្អុលបង្ហាញ​យន្តការ និង​ទិស​ដៅ យុទ្ធសាស្ត្រ​សំខាន់​ៗ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចក្ខុ វិស័យ​នៃ​ការ​អភិវឌ្ឍ​ជាតិ​ក្នុង​រយៈពេល ២០២០-២០៣៥ និង​បណ្តា​ឆ្នាំ​ខាង​មុខ ដោយ​ផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន និង​ការ​ប្តេជ្ញា​ចិត្ត ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​។

នា​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត ដែល​នៅ​ទី​នេះ​មាន​គ្រប់​សមត្ថកិច្ច គ្រប់​កម្រិត និង​ជំនាញ រាប់​ចាប់ពី​រដ្ឋបាល​ឃុំ​-​សង្កាត់ ស្រុក ក្រុង មន្ទីរ​ជំនាញ និង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ម៉ឺង​មាត់​ដាច់ខាត​នូវ​បទបញ្ជា របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​រដ្ឋ ដី​ព្រៃ​ជា​កម្មសិទ្ធិឯកជន ដែល​បម្រើ តែ​ផលប្រយោជន៍​បុគ្គល​មួយ​ក្រុម​តូច​។

លោក ស្វាយ សំ​អ៊ា​ង អភិបាល​នៃ​គណ​អភិបាលខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​រៀបចំ​ផែនការ​មេនេះ ក្រុមការងារ​បច្ចេកទេស​បាន​ចែក​ជា ២ ដំណាក់កាល​រួម​មាន ដំណាក់កាល​ទី​១៖ គឺជា​ដំណាក់កាល​នៃ​ការ​ចុះ​ប្រមូល​ទ​ន្និ​ន័យ តាម​រយៈ​ការ​ចុះ​ធ្វើ​អង្កេត (Survey) និង​ចុះ​ជួប​សម្ភាសន៍​ជាមួយ​ភ្ញៀវ​ទេសចរ ផ្នែក​ឯកជន ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ការ​ចុះ​ជួប​ពិភាក្សា​ជាមួយ​អង្គភាព​ជំនាញ​សំខាន់​ៗ​ក្នុង​ខេត្ត​។ ចំណែក​ដំណាក់កាល​ទី​២៖ ជា​ដំណាក់កាល​នៃ​ការ​សរសេរ​ផែនការមេ ដែល​ក្រុមការងារ​បច្ចេក ទេស​បាន​រៀបចំ និង​បាន​កំពុង​ដាក់​ជូន​អង្គ​សិក្ខាសាលា​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង បឋម​នា​ពេល​នេះ​។

លោក ស្វាយ សំ​អ៊ា​ង បាន​បញ្ជាក់​ថា ផែនការមេ​សម្រាប់​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​នេះ ត្រូវ​បាន​រៀបចំ​ជា​ផែនការ​ដែល​មាន​លក្ខណៈ សមា​ហ រណកម្ម​ជាមួយ​វិស័យ​ផ្សេង​ៗ ដើម្បី​ជា​ត្រីវិស័យ​ដ៏​សំខាន់​ចង្អុលបង្ហាញ​យន្តការ និង​ទិស​ដៅ យុទ្ធសាស្ត្រ​សំខាន់​ៗ ឆ្លើយ​តប​ទៅ​នឹង​ចក្ខុវិស័យ​នៃ​ការ​អភិវឌ្ឍ​ជាតិ​ក្នុង​រយៈពេល ២០២០-២០៣៥ និង​បណ្តា​ឆ្នាំ​ខាង​មុខ ដោយ​ផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន និង​ការ​ប្តេជ្ញា​ចិត្ត​ច្បាស់ លាស់​របស់​រាជរដ្ឋាភិបាល​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​បន្ថែម​ថា ជា​លទ្ធផល ផែនការមេ​អភិវឌ្ឍន៍ វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​កំណត់​ទិស​ដៅ​យុទ្ធសាស្ត្រ​អាទិភាព ចំនួន ០៦ រួម​មាន​៖ ទី​១៖ ការ​បែងចែក​តំបន់​ទេសចរណ៍​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍ ។ ទី​២៖ ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ និង​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ ។ ទី​៣៖ ការ​ពង្រឹង គុណភាព​ទេសចរណ៍ និង​ធនធានមនុស្ស​គាំទ្រ ។ ទី​៤៖ ការ​ផ្សព្វផ្សាយ និង​ពង្រឹង​រូបភាព វិស័យ​ទេសចរណ៍​ក្នុង​ខេត្តមណ្ឌលគិរី ។ ទី​៥៖ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ អន្តរ​វិស័យ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ។ ទី​៦៖ ការ​សម្រួលការ​ធ្វើ​ដំណើរ កា​រត​ភ្ជាប់ និង​ការ​ធ្វើ​សមាហរណកម្ម ក្នុង​ក្រប​ខណ្ឌ​ជាតិ និង​តំបន់ ។គិត​ត្រឹម​ថ្ងៃ​ធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ ការ​រៀបចំ​ផែនការមេ សម្រេច​បាន​ប្រមាណ ៨០% នៃ​ផែនការ​ដែល​បាន​កំណត់​។

លោក​ថោ​ង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​មាន​ប្រសាសន៍​ថា ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​មាន​ប្រសាសន៍​ថា ចំពោះ​ការ​រៀបចំ​ផែនការ​មេនេះ ក្រុមការងារ​បច្ចេកទេស​បាន​ចែក​ជា ២ ដំណាក់កាល​៖ – ដំណាក់កាល​ទី​១៖ គឺជា​ដំណាក់កាល​នៃ​ការ​ចុះ​ប្រមូល​ទ​ន្និ​ន័យ តាម​រយៈ​ការ​ចុះ​ធ្វើ​អង្កេត (Survey) និង​ចុះ​ជួប​សម្ភាសន៍​ជាមួយ​ភ្ញៀវ​ទេសចរ ផ្នែក​ឯកជន ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ការ​ចុះ​ជួប​ពិភាក្សា​ជាមួយ​អង្គភាព​ជំនាញ​សំខាន់​ៗ​ក្នុង​ខេត្ត​។ –

ដំណាក់កាល​ទី​២៖ ជា​ដំណាក់កាល​នៃ​ការ​សរសេរ​ផែនការមេ ដែល​ក្រុមការងារ​បច្ចេកទេស​បាន​រៀបចំ និង​បាន​កំពុង​ដាក់​ជូន​អង្គ​សិក្ខាសាលា​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​បឋម​នា​ពេល​នេះ​។ តាម​រយៈ​ការ​សិក្សា​បែប​លក្ខណៈ​បច្ចេកទេស ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​នេះ ត្រូវ​បាន​រៀបចំ​ជា​ផែនការ​ដែល​មាន​លក្ខណៈ​សមាហរណកម្ម​ជាមួយ​វិស័យ​ផ្សេង​ៗ ដើម្បី​ជា​ត្រីវិស័យ​ដ៏​សំខាន់​ចង្អុលបង្ហាញ​យន្តការ និង​ទិស​ដៅ​យុទ្ធសាស្ត្រ​សំខាន់​ៗ ឆ្លើយ​តប​ទៅ​នឹង​ចក្ខុវិស័យ​នៃ​ការ​អភិវឌ្ឍ​ជាតិ​ក្នុង​រយៈពេល ២០២០-២០៣៥ និង​បណ្តា​ឆ្នាំ​ខាង​មុខ ដោយ​ផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន និង​ការ​ប្តេជ្ញា​ចិត្ត​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​។

លោក​បន្ត​ថា​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​កំណត់​ទិស​ដៅ​យុទ្ធសាស្ត្រ​អាទិភាព ចំនួន ០៦ រួម​មាន​៖ ទី​១៖ ការ​បែងចែក​តំបន់​ទេសចរណ៍​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍ ទី​២៖ ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ និង​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ ទី​៣៖ ការ​ពង្រឹងគុណភាព​ទេសចរណ៍ និង​ធនធានមនុស្ស​គាំទ្រ ទី​៤៖ ការ​ផ្សព្វផ្សាយ និង​ពង្រឹង​រូបភាព​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តមណ្ឌលគិរី ទី​៥៖ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អន្តរ​វិស័យ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ទី​៦៖ ការ​សម្រួលការ​ធ្វើ​ដំណើរ កា​រត​ភ្ជាប់ និង​ការ​ធ្វើ​សមាហរណកម្ម ក្នុង​ក្រប​ខណ្ឌ​ជាតិ និង​តំបន់​៕ (កែសម្រួលដោយ ៖​ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ