បញ្ហា​៨​ចំណុច​បណ្តាលឱ្យ​ទឹកភ្លៀង​ជន់​លិច​ក្នុង​រាជធានី​ភ្នំពេញ


រាជធានី​ភ្នំពេញ ​៖ យោង​តាម​ផេ​ក​ហ្វែ​ស​ប៊ុ​ក​របស់​មន្ទី​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា សូម​ស្វែង​យល់​ស្តី​ពី​ការ​ជន់​លិច​ទឹកភ្លៀង​ក្នុង​រាជធានី​ភ្នំពេញ គឺ ១-​ស្ថានភាព​ដី​ក្នុង​រាជធានី​ភ្នំពេញ កកើត​ឡើង​ក្នុង​តំបន់​ភូមិសាស្ត្រ​ទំនាប​លិច​ទឹក​រាង​ជា​បាតខ្ទះ ព័​ទ្ឋ​ជុំវិញ​ដោយ​ការ​គំរាមកំហែង​ទឹកជំនន់​នៅ​រដូវវស្សា​ពី​បឹង​កប់​ស្រូវ ទន្លេសាប ទន្លេបាសាក់ និង​ស្ទឹង​ព្រែក​ត្នោត ព្រមទាំង​ទទួល​ទឹកជា​ប្រចាំ​ពី​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល​ហូរ​ឆ្លងកាត់​ចូល​រាជធានី​ភ្នំពេញ​មុន​ហូរ​ធ្លាក់​ទៅ​ទន្លេ ។​ទឹកទន្លេ​ឡើង​ចាប់ផ្តើម​ពី​ខែកក្កដា ដល់​ខែវិច្ឆិកា ដែល​ធ្វើ​អោយ​ទ្វារ​ទឹក​នៅ​តាម​ទំនប់​ក្រ​វ៉ា​ត់​ក្រុង ត្រូវ​បាន​បិទ​ចៀសវាង​ទឹក​ហូរ​ចូល​ក្នុង​ក្រុង ហើយ​ប្រើ​ស្ថានីយ៍​បូមទឹក​ចំនួន ១៤​កន្លែង​បូម​បញ្ចេញ​ក្រៅ​ក្រុង​។

២-តំបន់​ប្រទេស​អា​ស៊ី​អាគ្នេយ៍​ជា​តំបន់​ដែល​ទទួល​របប​ទឹកភ្លៀង​ធ្លាក់​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដែល​មានកំ​ពស់​ជា​មធ្យម​ពី ១២០០​ម ទៅ ២២០០​ម​ម​ក្នុង​១​ឆ្នាំ​។ រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​តំបន់​ដែល​ភ្លៀង​ធ្លាក់​ច្រើន​ជាងគេ​លើ​ពិភពលោក​។

៣-​ការ​បម្រែបម្រួល​នៃ​អាកាសធាតុ​លើ​ពិភពលោក ភ្លៀង​ធ្លាក់​ខ្លាំង​មាន​រយៈពេល​ខ្លី​។ ជា​ទូទៅ ទីក្រុង​ស្ទើរតែ​ទាំងអស់​នៅ​លើ​ពិភពលោក ការ​ដោះស្រាយ​ទឹក​មិន​អោយ​លិច​ទីក្រុង​បាន​ក្នុង​កម្រិត​កំពស់​ទឹកភ្លៀង​ធ្លាក់​ត្រឹម ៤០​ម​ម​ក្នុង​១​ម៉ោង បើ​ភ្លៀង​លើស​ពី​នេះ គឺ​លិច​ទឹក​ហើយ​។ ជាក់ស្តែង​ថ្មី​ៗ​នេះ ទីក្រុង សេ​អ៊ូ​ល បាងកក ហូ​ជី​មិ​ញ សឹ​ង្ហ​បុរី ម៉ានីល​…​ក៏​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ​ដែរ​។

៤-​បណ្តាញ​លូ​មាន​ទំហំ​តូច និង​មានការ​ខ្វះខាត មិន​គ្រប់គ្រាន់​។ ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ប្រវែង ២៤៦០​គម បើ​គិត​ពី​បណ្តាញ​លូ​សងខាង​ផ្លូវត្រូវ​មាន​បណ្តាញ​លូ​សរុប​ប្រវែង​យ៉ាងតិច ៤៩២០​គ​.​ម ជាក់ស្តែង​ក្នុង​រាជធានី​ភ្នំពេញ​មាន​តែ ៨៨០​គ​.​ម​ប៉ុណ្ណោះ ដែល​ត្រូវ​មានការ​ចាំបាច់​អភិវឌ្ឍន៍​បណ្តាញ​លូ​អោយ​បាន​ច្រើន​ថែម​ទៀត និង​បង្កើន​សមត្ថភាព​បូមទឹក​អោយ​បាន​ខ្ពស់​។

៥-​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​សាងសង់​លំនៅ​ដ្ឋា​ន​អោយ​ស្រប​តម្រូវការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​កាន់តែ​កើនឡើង​ខ្ពស់ (​ពី​មុន​ប្រជាជន ៣​សែន​នាក់ កើនឡើង​ជិត ៣​លាន​នាក់​)​បាន​ធ្វើ​អោយ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​តាម​ទំនាប​ដែល​ធ្លាប់​ទទួល​ទឹក និង​ជ្រាប​ចូល​ដី​បាន​បាត់បង់​រួម​តូច​ដោយ​ចាក់សាប ចាក់​បេតុង ចាក់​កៅស៊ូ​ថ្នល់ ហើយ​ទឹកភ្លៀង​ម្តង​ៗ​បង្ហូរ​ត្រង់​ទៅ​បណ្តាញ​លូ​តែ​ម្តង ។​

៦-​កង្វះខាត​អណ្តូង​លូ​បង្ហូរទឹក​ចូល ការ​លួច​បិទ​ភ្ជិត​អណ្តូង​លូ ការ​បន្ទាប​អណ្តូង​លូ​ដើម្បី​យានយន្ត​ឡើង​ចេញចូល​ផ្ទះ ។​

៧-​បញ្ហា​សំរាម​ស្ទះ​កក​បាំង​ផ្លូវ​ទឹកមុខ​អណ្តូង​លូ ការ​ស្ទះ​សំរាម​មុខ​ច​ម្រុ​ឹ​ង​ស្ថានីយ៍​បូមទឹក និង​ការ​ចូល​សំរាម​ក្នុង​ម៉ូ​ទ័​រ​បូមទឹក ធ្វើ​អោយ​ខូច​ម៉ូ​ទ័​រ​ជា​រឿយ​ៗ​។

៨-​ការ​ប្រើប្រាស់​ទឹក​ស្អាត​ក្នុង​ទីក្រុង​កើនឡើង​ខ្ពស់ ។​ប្រជាជន​ក្នុង​ទីក្រុង​កាន់តែ​កើន ការ​ប្រើប្រាស់​ទឹក​ស្អាត​កាន់តែ​កើន ធ្វើ​អោយ​ក្នុង​បណ្តាញ​លូ​ខ្លះ​ពោរពេញ​ដោយ​ទឹក​កខ្វក់ ធ្វើ​អោយ​កាត់​បន្ថយ​សមត្ថភាព​បង្ហូរ​ទឹកភ្លៀង​ក្នុង​បំពង់​លូ​។

ដោយហេតុ​ដូច​បាន​ជំរាប​ជូន​ខាងលើ កត្តា​ជា​ច្រើន​នេះ​រាជធានី​ភ្នំពេញ​ងាយ​នឹង​ប្រឈម​បញ្ហា​ទឹកភ្លៀង​លិច ប៉ុន្តែ​ការ​ដោះស្រាយ​បញ្ហា​ទឹក​លិច​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​តាម​រយៈ​ការ​កសាង​បណ្តាញ​លូ​ថ្មី ប្រវែង ៤៥០​គ​.​ម ការ​កសាង​ស្ថានីយ៍​បូមទឹក​ថ្មី​ចំនួន ៨​កន្លែង​ដែល​បង្កើន​សមត្ថភាព​បូមទឹក ៣​ដង និង​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ជា​ច្រើន​នៃ​ប្រ​ព័​ន្ឋ​បង្ហូរទឹក បាន​ធ្វើ​អោយ​រាជធានី​ភ្នំពេញ​ទទួល​បាន​ល​ទ្ឋ​ផល​ល្អ​ប្រសើរ ជាក់ស្តែង​ ៖

ក​-​បើ​ភ្លៀង​ធ្លាក់​ក្រោម​កំពស់ ៤០​ម​.​ម​ក្នុង​១​ម៉ោង ភ្នំពេញ មិន​រង​ការ​លិច​ទឹក​ទេ ឬ​អាច​លិច​ក្នុង​កម្រិត​ស្រាល​បើ​មាន​បញ្ហា​កកស្ទះ​សំរាម​។

ខ​-​បើ​ភ្លៀង​ធ្លាក់​លើស​ពី​កំពស់ ៤០​ម​.​ម ភ្នំពេញ​នឹង​រង​ការ​លិច​ទឹក​ដូច​បណ្តា​ទីក្រុង​លើ​ពិភពលោក​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​លិច​ទឹក​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​រយៈពេល​ខ្លី បើ​ធៀប​នឹង​ការ​លិចលង់​ប៉ុន្មាន​ឆ្នាំ​មុន ។

ដោយ​ការ​ខិតខំ​ប្រឹងប្រែង​កសាង​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​នៃ​បណ្តាញ​លូ ទីតាំង​ដែល​ធ្លាប់​លិច​ទឹក​ធ្ងន់ធ្ងរ​ចំនួន ៣២​ទីតាំង ត្រូវ​បាន​ដោះស្រាយ​ការ​លិច​ទឹក និង​កាត់​បន្ថយ​លិច​ទឹក តំបន់​ខ្លះ​ពី​មុន​បើ​ភ្លៀង​ពី​ពេល​រសៀល ស្អែក​ឡើង​ធ្លាប់​លិច​នៅ​បន្ត​ប្រើ​រយៈពេល​លិច​១០​ម៉ោង ទៅ​៤៨​ម៉ោង​ឯណោះ ប៉ុន្តែ​បច្ចុប្បន្ន​អាច​លិច​ត្រឹម ១៥​នាទី ឬ ៣០​នាទី ឬ​១​ម៉ោង​ប៉ុណ្ណោះ ដូច​ជា​ ៖

-​តំបន់​ផ្សារ​ទួល​ទំពូង ដោះស្រាយ​បាន ៩០%
-​តំបន់​មហាវិថី ម៉ៅ សេ​ទុង មុខ​ស្ថានទូត​ចិន ដោះស្រាយ​បាន ៩០%
-​តំបន់​មុខ​ព្រះ​បរមរាជវាំង និង​រដ្ឋសភា បាន​ដោះស្រាយ ៩០%
-​តំបន់​មហាវិថី ហ្សា​ដឺ​ហ្គោ​ល ដោះស្រាយ​បាន ៩០%
-​តំបន់​មុខ​វត្ត​មហាមន្ត្រី ដោះស្រាយ​បាន ៩០%
-​តំបន់​ខាងកើត​ពហុ​កីឡា​ជាតិ​អូ​ឡាំ​ពិ​ក រង្វង់​មូល​សំពៅ​មាស ដោះស្រាយ​បាន ៩០%
-​មហាវិថី​ម៉ៅ សេ​ទុង មុខ​អតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណ​ង់​តា​ល់ ដោះស្រាយ​បាន ៩០%
-​ផ្លូវ សុខ ហុ​ក ដោះស្រាយ​បាន ៩០%
-​ផ្សារ​ចាស់ ដោះស្រាយ​បាន ៧០% អាច​លិច​ត្រឹម ១៥​នាទី​ទៅ ២០​នាទី
-​មហាវិថី កម្ពុជា​ក្រោម ដោះស្រាយ​បាន ៧០% អាច​លិច​ត្រឹម​១៥​នាទី ទៅ​១​ម៉ោង​។​ល​។

នៅ​ថ្ងៃ​ទី​៦​ខែសីហា​ឆ្នាំ​២០២០ ភ្លៀង​ធ្លាក់​ខ្លាំង​មានកំ​ពស់​រហូត​ដល់​១០៥​​មីល្លីម៉ែត្រ​​ក្នុង​រយៈពេល​២​ម៉ោង ធ្វើ​អោយ​ការ​ទ្រទ្រង់​បណ្តាញ​លូ​ហួស​សមត្ថភាព​បណ្តាល​អោយ​ទឹក​លិច​នៅ​ស្តុ​ប​ម៉ុង​ឌី​យ៉ា​ល់ ២​ម៉ោង​ក្រោយ​ភ្លៀង និង​តំបន់​បឹង​ទំពុន​ផ្នែក​ខ្លះ​ទឹក​លិច​រយៈពេល​ជាង​១០​ម៉ោង ប៉ុន្តែ​តំបន់​ផ្សេង​ៗ​ទៀត​មិន​រង​ការ​លិច​ធ្ងន់​ធរ​ទេ ។ ម្សិលមិញ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​អោយ​ប្រើប្រាស់​ថ្មី​ចំនួន ២​គ្រឿង​នៅ​ស្ថានីយ៍​បូមទឹក​បឹង​ទំពុន មាន​សមត្ថភាព​បូមទឹក​បន្ថែម ៦​ម៉ែត្រគូប​ក្នុង​១​វិនាទី ធ្វើ​អោយ​ស្ថានីយ៍​នេះ​បូម​កើន​រហូត​ដល់ ១៨​ម៉ែត្រគូប​ក្នុង​១​វិនាទី ដែល​នឹង​កាត់​បន្ថយ​ការ​លិច​ទឹក​នៅ​ស្តុ​ប​ម៉ុង​ឌី​យ៉ា​ល់ និង​តំបន់​បឹង​ទំពុន​។

+​ទិស​ដៅ និង​សំណូមពរ​ ៖
ដើម្បី​កាត់​បន្ថយ​ការ​លិចលង់​ដោយ​ទឹកភ្លៀង ត្រូវ​មានការ​ចូលរួម​ចំណែក និង​សហការ​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​កាយ​សំរាម​មុខ​អណ្តូង​លូ ចៀសវាង​បិទ​ភ្ជិត និង​បន្ទាប​អណ្តូង​លូ ថែរក្សា​បណ្តាញ​លូ ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​នឹង​ខិតខំ​កសាង​បណ្តាញ​លូ​ថ្មី ប្រឡាយ​បន្ថែម​ទៀត​ដែល​កំពុង​ខ្វះខាត និង​កសាង​ស្ថានីយបូមទឹក​ថ្មី​បន្ថែម​។

+​ការ​សន្និដ្ឋាន​ ៖
ក្រោយ​ពី​សាងសង់​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​នៃ​បណ្តាញ​លូ​ប្រឡាយ និង​ស្ថានីយ៍​បូមទឹក​ថ្មី​ជា​ច្រើន បាន​ធ្វើ​អោយ​តំបន់​ដែល​ធ្លាប់​រង​ការ​លិចលង់​រយៈពេល​យូរ មក​ជា​តំបន់​រង​ការ​លិចលង់​រយៈពេល​ខ្លី ជួនកាល​ត្រឹម ១៥​នាទី ទៅ​១​ម៉ោង​ប៉ុណ្ណោះ មិន​អាច​លិច​ដល់​ថ្ងៃ​បន្ទាប់​ដូច​មុន​ឡើយ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ