ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​300​គ្រួសារ​ គ្រោង​ទៅ​ភ្នំពេញ​ប្តឹង​សម្តេច​ក្រឡា​​ហោម

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដី​បឹង​បាយសី ​និង​បឹង​ថ្លុកត្រី​ក្រាញ់ ជា​ដី​សាធារណៈ​របស់​រដ្ឋ​មាន​ទំហំ​ប្រមា​ណ​៤០០​ហិ​កតា ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​ប្រាំង ស្រុកពារាំង ដែល​ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ​នៅ​ជុំវិញ​បឹង​នោះ តែងតែ​អាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ គឺ​ឃុំ​កំពង់​ពពិល…

ខេត្តព្រៃវែង ៖ ដី​បឹង​បាយសី ​និង​បឹង​ថ្លុកត្រី​ក្រាញ់ ជា​ដី​សាធារណៈ​របស់​រដ្ឋ​មាន​ទំហំ​
ប្រមា​ណ​៤០០​ហិ​កតា ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​ប្រាំង ស្រុកពារាំង ដែល​ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ​នៅ​ជុំវិញ​បឹង​នោះ តែងតែ​អាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ គឺ​ឃុំ​កំពង់​ពពិល ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង និង​ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ។ បច្ចុប្បន្ន​ ដី​បឹង​ទាំង​២​នេះ បាន​ត្រូវ​ក្រុមហ៊ុន​មួយ​ដាក់​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ជីក​ប្រឡាលើក​ទំនប់​ខ្វែង​ខាត់​យក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួនក្រោម​លេស​ទិញ​ពី​ប្រជាពលរដ្ឋ និង​មានការទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន ។

លើស​ពី​នេះ​ទៀត គេ​បាន​ជីក​រំលោភ​យក​ទាំង​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​បឹង​ថែមទៀត ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ដី​កើតក្តី​ក្តៅ​ក្រហា​យ នាំ​គ្នា​ប្តឹង​ទៅ​អាជ្ញាធរ​ស្រុក​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​ជា​ច្រើន​ខែ​មក​ហើយ​មិនឃើញ​អាជ្ញា​ធរ​ស្រុក​ដោះស្រាយ​សោះ ទើប​ពួក​គាត់​មាន​គម្រោង​លើកគ្នា​ប្តឹង​ទៅ​សម្តេច​ក្រឡាហោម ស ខេ​ង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឱ្យ​ជួយ​ដោះស្រាយ​វិញ ដោយ​គ្រោង​លើកគ្នា​ទៅ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១០ ខែសីហា ។

លោក មិន ឆាង តំណាង​ឲ្យ​ប្រេ​ជា​ពលរដ្ឋ​ចំនួន​៣០០​គ្រួសារ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​មិនដឹង​ជា​របស់​លោក​ធំ​ណា​ទេ ប៉ុន្តែ​មាន​មេការ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ ស៊ុម សុខ​មាន ហៅ ថេ​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ជ្រូក ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង និង​ជា​មន្ត្រី​នគរបាល​នៅ​ក្រសួងមហាផ្ទៃ បាន​ដាក់​គ្រឿងចក្រ​ជីក​ព័ទ្ធ​យក​ដី​បឹង​បាយសី​ជិត​៤០០​ហិ​កតា នឹង​ដី​បឹង​ថ្លុក​ត្រី​ក្រាញ់​ជាង​១០​ហិ​កតា ស្ថិត​នៅ​ក្រោយ​ភូមិ​កំពង់​ប្រាំង ភូមិ​ព្រែក​តា​រ័​ត្ន និង​ភូមិ​ព្រែក​ជ្រូក ព្រមទាំង​លើក​ទំនប់​ព័ទ្ធ​បិទ​ប្រឡាយ​មេទឹក​របស់​ប្រជាពលរដ្ឋ និង​ជីក​ផ្តាច់​ផ្លូវ​ដែល​ពលរដ្ឋ​ធ្លាប់​ឆ្លងកាត់​ចូល​ទៅ​ក្នុង​បឹង​ទាំង​២​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ។

ពលរដ្ឋ​ទាំងនោះ​បញ្ជាក់​ថា ដោយ​ទ្រាំ​នឹងការ​រំលោភ​បំពាន​នេះ​លែង​បាន ទើប​ពួក​គាត់​នាំគ្នា​ធ្វើ​លិខិត​ប្តឹង​ទៅ​សម្តេច​ក្រឡាហោម ដោយ​ស្នើ​សុំ​ឱ្យ​សម្តេច​ជួយ​អន្តរាគមន៍​ចំនួន​៣​ចំណុច ៖
ទី​១-​ស្នើ​សូម​បង្កើត​គណៈកម្មការ​បើក​ការ​ស្រាវជ្រាវ​ចំពោះ​ដី​បឹង​បាយសី នឹង​ដី​បឹង​ថ្លុក​ត្រី​ក្រាញ់​ជា​បន្ទាន់
ទី​២-​ស្នើ​សូម​ឱ្យ​មន្ត្រី​ជំនាញ​ដោះស្រាយ​រឿង​ដី​ពលរដ្ឋ​ទាំងអស់ ដែល​ក្រុមហ៊ុន​រំលោភ​យក និង​ប្រគល់​ឱ្យ​ពលរដ្ឋ​វិញ និងទី​៣-​ស្នើ​សូម​ឱ្យ​លើក​ផ្លូវ​ដែល​ក្រុមហ៊ុន​បាន​កាយ​ផ្តាច់​ឡើង​វិញ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ផ្លូវ​អាច​ធ្វើ​ដំណើរ​ចូល​ទៅ​ធ្វើស្រែ និង​នេសាទ​នៅ​ក្នុង​បឹង​ទាំង​២​ដូច​ដើម​វិញ ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាងលើ លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង ថ្លែង​ថា ដី​ទាំង
នោះ​មិនមែន​ជា​ដី​បឹង​ទេ គឺជា​ដី​ពលរដ្ឋ​ដែល​ពួក​គាត់​អាស្រ័យ​ផល ហើយ​បើ​ចង់​ច្បាស់​សួរ​ទៅ​លោក​មេឃុំ​កំពង់​ពពិល និង​មេឃុំ​កំពង់​ប្រាំង​ទៅ ។រីឯ​លោក សាត ហ៊ា​ង មេឃុំ​កំពង់​ប្រាំង និយាយ​ថា ដី​បឹង​ទាំងនោះ​គេ​លក់​-​ទិញ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ ដោយ​មាន​មន្ត្រី​ខាង​ធនធានទឹក និង​សុរិយោដី ចុះ​ពិនិត្យ​ត្រឹមត្រូវ ហើយ​ពេល​នេះ​គេ​បាន​បង់ពន្ធ​ផ្ទេរកម្មសិទ្ធិ​ស្របច្បាប់​អស់ហើយ ។

ចំណែក​លោក អូន ស៊ី​ណាត នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ព្រៃវែង បានឱ្យ​ដឹង​ថា ករណី​នេះ​លោក​នឹង​ស្នើ​សុំ​ទៅ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​ទៅ​ពិនិត្យ​មើលបើ​មានការ​ទិញ​-​លក់​ដី​បឹង​បាស​យី និង​បឹង​ថ្លុក​ត្រី​ក្រាញ់​មែន​នោះ ។ ដោយឡែក លោក អេ​ង ផេង​អាន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូប​នីយកម្ម សុរិយោដី និង​សំណង់​ខេត្ត បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោកមិន​បាន​ដឹង​ទេ​រឿង​ទិញ​លក់​ដី​បឹង​បាយសី និង​បឹង​ថ្លុក​ត្រី​ក្រាញ់​នោះ ៕

អត្ថបទសរសេរ ដោយ