ខេត្តពោធិ៍សាត់ ៖ សពបុរសម្នាក់បានត្រូវអ្នកស្រុកប្រទះឃើញបញ្ចប់ជីវិតដោយចងកនៅលើដើមឈើមួយដើមដែលមានកម្ពស់១៧ម៉ែត្រក្នុងព្រៃ ត្រង់ចំណុចវាលពីរ ស្ថិតក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ។
តាមការផ្ដល់ព័ត៌មានពីលោកមេភូមិរវៀងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផល ភិន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ហើយជនរងគ្រោះមានសតិមិនប្រក្រតី បានមកស្នាក់នៅធ្វើចំការជាមួយបងស្រីឈ្មោះ ផល ចំរើន អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចនគរបាល លោកមេឃុំ មេភូមិ និងមន្ត្រីជំនាញពេទ្យ បានចុះទៅកោសល្យវិច័យលើសពជនរងគ្រោះនៅកន្លែងកើតហេតុ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានបញ្ចប់ជីវិតដោយចងកនៅលើដើមឈើកម្ពស់ប្រហែល១៧ម៉ែត្រ ដោយខ្លួនឯងប្រាកដមែន ដោយពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ។
ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ