ខេត្តកណ្តាល ៖ កណ្តុរនៅតែមានតម្លៃសម្រាប់ទីផ្សារព្រោះមានអ្នកចូលចិត្តហូប ទោះបីជាឈ្នួញវៀតណាមមិនបានឡើងមកទិញដូចមុនសម័យការផ្ទុះជំងឺកូវីដ១៩ក៏ដោយ នៅតែជាមុខម្ហូបពេញនិយមដដែល ។ នេះបើតាមការបញ្ជាក់របស់អ្នកប្រកបរបរចាប់កណ្តុរលក់នៅក្នុងភូមិពាមប្រជុំ ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល ។
ស្ថិតក្នុងសម្លៀកបំពាក់រហែកតិចៗនិងប្រឡាក់ភក់ ទើបមកពីដោះកណ្តុរដែលជាប់អង្គប់ពីក្នុងព្រៃនិងតាមទីវាលស្រែចម្ការ ហើយកំពុងធ្វើកណ្តុរ លោកង៉ែត មានមុខរបរចាប់ឬទាក់កណ្តុរលក់ បន្ទាប់ពីធ្វើស្រែចម្ការបានឲ្យដឹងថា រាល់ថ្ងៃនេះគាត់បានទាក់កណ្តុរមកលក់ដើម្បីផ្គត់ផ្គង់គ្រួសារ បានតិចជាងមុនសម័យកូវីដ១៩ក្តី ប៉ុន្តែតម្លៃបានថ្លៃគ្រាន់បើ ។ ការទាក់ឬចាប់កណ្តុរបានតិច ត្រូវលោកលើកឡើងថាឥឡូវនេះ កណ្តុរទាក់មិនបានច្រើនដូចមុនទេ ដោយសារភ្លៀងធ្លាក់ជាប់ៗពេក ធ្វើឲ្យកណ្តុរមិនហា៊នចេញមករកចំណី ។ គាត់ថា ទាក់បានតែ២ឬ៣គីឡូក្រាមក្នុងមួយថ្ងៃ ខុសពីពេលមុនដោយសារភ្លៀងច្រើនពេកបើរាំងភ្លៀងគឺរហូតដល់ជិត១០គីឡូក្រាម ឬច្រើនជាងនេះក៏មាន ។
កំពុងវះពោះធ្វើកណ្តុរលោកបញ្ជាក់ថា ថ្ងៃនេះរកបានតែ២ឬ៣គីឡូទេក្មួយ ព្រោះភ្លៀងតាំងពីព្រឹកដល់យប់…ភ្លៀងបែបនេះ កណ្តុរមិនចេញមកទេវាសម្ងំក្នុងរូង ។ ខ្ញុំបានដាក់អង្គប់ជាង២០០ឯណោះតែបានតិចថ្ងៃនេះ ខុសពីពេលគ្មានភ្លៀង គឺបានច្រើន» ។ លោកឲ្យដឹងទៀតថា នៅពេលដែលលោកមិនបានទៅដាក់ កូនក៏បានដាក់ជំនួស ដោយមានទីតាំងសម្រាប់ដាក់អង្គប់មានចម្ងាយពីផ្ទះប្រមាណជាង៣គីឡូម៉ែត្រ ។
លោកថា កណ្តុរដែលទាក់បានលក់មានតម្លៃខុសគ្នា កណ្តុរនៅរស់លក់៩ពាន់រៀលក្នុងមួយគីឡូក្រាម និងកណ្តុរធ្វើរួចហើយតម្លៃ១៥.០០០រៀលក្នុងមួយគីឡូក្រាមតែបើបោះឲ្យម៉ូយយកទៅលក់បន្ត តម្លៃ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម ។ សម្រាប់ទីផ្សារលក់ឲ្យម៉ូយវៀតណាមវិញ លោកក៏បានឲ្យដឹងដែរថាចាប់តាំងពីជំងឺកូវីដមក ម៉៉ូយមកពីវៀតណាមបាត់មុខឱ្យឈឹងមិនឃើញមកទិញទៀតទេ ហើយលោកក៏មិនទុកលក់ឲ្យម៉ូយ វៀតណាមដែរ ដោយសារទាក់បានតិចៗសម្រាប់លក់នៅទីផ្សារក្បែរផ្ទះ ស្ទើរមិនគ្រាន់ផង ។
លោកថា នៅពេលមុនសម័យកូវីដ កណ្តុរថោក ដោយតម្លៃមួយគីឡូក្រាម តែ៩ពាន់រៀលឬលើសតិចប៉ុណ្ណោះ ។ លោកបញ្ជាក់ថាឥឡូវនេះខ្ញុំអត់បានលក់ឲ្យម៉ូយវៀតណាមទេ គឺបានលក់នៅផ្សារក្នុងភូមិទេ ។ យើងលក់រាយតម្លៃ១៥.០០០រៀល ហើយបោះឲ្យគេ១ម៉ឺនរៀល ដោយគេ យកទៅលក់បន្ត១៥០០០រៀល ។ យ៉ាងណាក្តីលោកក៏បានឲ្យដឹងថា ពេលនេះទាក់កណ្តុរមិនសូវបានច្រើនដូចមុនទៀត ក៏ដោយសារដែលនៅកន្លែងដែលធ្លាប់ដាក់នោះត្រូវបានគេភ្ជួរដី ហើយក៏ដោយសារភ្លៀងធ្លាក់ជាប់ដែរ ។
បើតាមប្រព័ន្ធគាត់ អ្នកស្រី ហ៊ុំ ក៏បានឲ្យដឹងថាកណ្តុរឥឡូវមិនសូវរកបានមែន តែអ្នកហូបមានច្រើន ព្រោះអ្នកហូបនៅតែហូប ព្រោះសាច់វាមិនមានជាតិគីមី និងជាសត្វស៊ីចំណីស្អាតផងដែរ ។ អ្នកមីងបានបញ្ជាក់ថា ឥឡូវឈ្មួញវៀតណាមក៏មិនឃើញឡើងមកទិញ ! យើងរកបាន លក់ឲ្យម៉ូយនៅតាមផ្សារគេមកទិញដល់ផ្ទះមានប៉ុន្មានក៏អស់ដែរ ។
អ្នកមីងដែលយកកណ្តុរទៅលក់នៅទីផ្សារ ឬបោះឲ្យម៉ូយក៏បានឲ្យដឹង ក្រៅពីប្តីអ្នកស្រីក៏មានអ្នកភូមិប្រកបរបរទាក់កណ្តុរនេះដែរ ប៉ុន្តែគេមិនសូវទាក់បានដូចប្តីអ្នកមីងទេ ។ តែឥឡូវនេះកូនគាត់បានដាក់អង្គប់ជំនួសប្តីគាត់ ដោយគាត់នៅមើលគោនិងធ្វើស្រែ ។ អ្នកស្រីថា អ្នកភូមិរកមិនសូវបានដូចកូនខ្ញុំទេ ។
ឥឡូវនេះអ្នកដើរទិញកណ្តុរក៏ទិញមិនបានដែរ បើកូនខ្ញុំរកមិនបាន ហើយបើខ្ញុំចង់លក់ទៅទិញគេក៏មិនបានដែរ ។ អ្នកមីងបានឲ្យដឹងទៀតថា មិនទៀងទេថ្ងៃខ្លះដាក់បានមួយថ្ងៃចំនួន៧ ឬ៨ ឬ៩គីឡូក្រាម (ធ្វើហើយ) តែពេលខ្លះឡើងជាងនេះ ឬចុះជាងនេះ បើគិតទាំងនៅរស់ជាង១០គីឡូក្រាម ។ ប៉ុន្តែពេលនេះមិនបានដូចមុននោះទេ ដោយសារគេភ្ជូរដីទុកសម្រាប់ធ្វើស្រែអស់ច្រើន ។
បើតាមអ្នកស្រីបានឲ្យដឹងថា កូនអ្នកស្រីបានយកអង្គប់ដាក់នៅម៉ោងប្រមាណ៤ល្ងាច លុះព្រឹកឡើងទើបទៅសាឬមើលដើម្បីដោះយកកណ្តុរដែលជាប់មកផ្ទះធ្វើឲ្យម៉ូយ ។
រឿងដើរដាក់អង្គប់ អ្នកស្រីនិយាយថា ដាក់អង្គប់នេះទាល់តែដោតតម្រុយនៅកន្លែងអង្គប់ ព្រោះដើម្បីកុំឲ្យវង្វេងបាត់ទីតាំង ។
អ្នកស្រីថា យើងដាក់អង្គប់មួយដោតតម្រុយមួយ ហើយមានខ្លះដាក់ទល់គូទគ្នា (ផ្ទុយគ្នា) ដោតតម្រូយតែមួយអុីចឹង ។ តែពេលនេះយើងមិនអាចទៅមើល នៅម៉ោង៧ ឬ៨យប់បានទេ គឺទាល់តែម៉ោង៥ភ្លឺ ទើបទៅសា (ដោះយកចេញ) ហើយវេលាម៉ោង៩ឬម៉ោង១០ព្រឹកយើងចាប់ធ្វើឲ្យម៉ូយ ។ អ្នកមីងក៏ឲ្យដឹងថាពេលខ្លះម៉ូយរកកណ្តុរលក់ក៏មិនបាន ហើយគេក៏រកខ្លាំង ព្រោះអ្នកហូបកណ្តុរក៏ច្រើន…គេចូលចិត្ត ។
ទាក់ទិននឹងការលក់កណ្តុរវិញ អ្នកមីងបានឲ្យដឹងថាអាចជួយដោះស្រាយជីវភាពបានផងដែរ ។ គាត់ថា នៅពេលមុនកូវីដ១៩ កូនរបស់គាត់ធ្វើការបានប្រាក់ខែជិត៣០០ដុល្លារ ប៉ុន្តែបើនិយាយពីទៅរកកណ្តុរវិញ ចាញ់រកកណ្តុរដាច់…គឺបើសរុបបានច្រើនជាងធ្វើការតាមរោងចក្រ ។
ឧទាហរណ៍ ឥឡូវកន្លះខែបើកលុយម្តងបានប្រមាណជាង១០០ដុល្លារ ក៏ប៉ុន្តែនៅពេលទាក់កណ្តុរមួយថ្ងៃបាន៨ម៉ឺន ឬ១០ម៉ឺនរៀលឯណោះ ។ អ្នកស្រីក៏បានលើកឡើងថាប្រាក់ដែលបានពីការលក់កណ្តុរបានដោះស្រាយដូចជាទៅបុណ្យនិងចងដៃការគេជាដើម និងចាយហូរហែជារហូត និយាយរួមអាចដោះស្រាយជាបន្តបន្ទាប់ផងដែរមិនខ្វះខាតទេ ៕
ចែករំលែកព័តមាននេះ