ខេត្តព្រៃវែង ៖ ដីបឹងបាយសី និងបឹងថ្លុកត្រីក្រាញ់ ជាដីសាធារណៈរបស់រដ្ឋដែលមានទំហំប្រមាណ ជា៤០០ហិកតា ស្ថិតនៅក្នុងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ហើយប្រជាពលរដ្ឋចំនួន៣ឃុំ នៅជុំវិញបឹងនោះ តែងតែអាស្រ័យផលជារៀងរាល់ឆ្នាំ គឺឃុំកំពង់ពពិល ឃុំកំពង់ប្រាំង ស្រុកពារាំង និងឃុំព្រែកតាសរ ស្រុកពោធិ៍រៀង។ បច្ចុប្បន្នដីបឹងទាំង២នេះ ត្រូវបានក្រុមហ៊ុនមួយដាក់គ្រឿងចក្រ ចូលឈូសឆាយ ជីកប្រឡាយលើកទំនប់ខ្វែងខ្វាត់យកធ្វើជាកម្មសិទ្ធរបស់ខ្លួន ក្រោមលេសទិញពី ប្រជាពលរដ្ឋ និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
លើសពីនោះ គេបានជីករំលោភយកទាំងដី ស្រែចម្ការ របស់ប្រជាពលរដ្ឋដែលនៅជុំវិញបឹងថែមទៀត ទើបធ្វើឲ្យពលរដ្ឋម្ចាស់ដីកើតក្តៅក្រហាយ នាំគ្នាប្តឹងទៅអាជ្ញាធរស្រុកឲ្យជួយដោះស្រាយ តែច្រើនថ្ងៃខែកន្លងទៅ មិនឃើញអាជ្ញាធរស្រុកដោះស្រាយ សោះ ទើបពលរដ្ឋមានគម្រោងលើកគ្នាប្តឹងទៅសម្តេចក្រឡាហោម ឲ្យជួយដោះស្រាយវិញ ដោយគ្រោងលើកគ្នាឡើងទៅភ្នំពេញនៅថ្ងៃទី១០ សីហានេះ។
លោក មិន ឆាង ដែលតំណាងឲ្យពលរដ្ឋ ទាំង៣០០គ្រួសារ បានឲ្យដឹងថា ក្រុមហ៊ុននោះមិនដឹងជារបស់លោកធំណាទេ ប៉ុន្តែមានមេការដ៏មាន ឥទ្ធិពលម្នាក់ឈ្មោះ ស៊ុម សុខមាន ហៅថេត ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង និងជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ បានដាក់គ្រឿងចក្រជីកពទ្ធ័ យកដីបឹងបាយសី ជិត៤០០ហិកតា និងដីបឹងថ្លុកត្រីក្រាញ់ជាង១០ហិកតា ស្ថិតនៅក្រោយភូមិកំពង់ប្រាំង ភូមិព្រែកតារ័ត្ន និងភូមិព្រែកជ្រូក ព្រមទាំងលើកទំនប់ពទ្ធ័បិទប្រឡាយមេទឹករបស់ប្រជាពលរដ្ឋ និងជីកផ្តាច់ផ្លូវដែលពលរដ្ឋធ្លាប់ឆ្លងកាត់ ចូលទៅក្នុងបឹងទាំង២ជារៀងរាល់ថ្ងៃផងដែរ។
ពលរដ្ឋទាំងនោះបានបញ្ជាក់ថា ដោយទ្រាំនឹងការរំលោភបំពាននេះលែងបាន ទើបពួកគាត់នាំគ្នាធ្វើលិខិត ប្តឹងទៅសម្តេចក្រឡាហោម ដោយស្នើសុំឲ្យសម្តេចជួយអន្តរាគមន៍ចំនួន៣ចំណុចគឺ៖ ទី-១ ស្នើសុំបង្កើតគណៈកម្មការបើកការស្រាវជ្រាវចំពោះដីបឹងបាយសី និងដីបឹងថ្លុកត្រីក្រាញ់ជាបន្ទាន់។ ទី-២ ស្នើសុំឲ្យមន្ត្រីជំនាញដោះស្រាយរឿងដីពលរដ្ឋទាំងអស់ ដែលក្រុមហ៊ុនរំលោភយក និងប្រគល់ឲ្យពលរដ្ឋវិញ។ ទី៣-ស្នើសុំឲ្យលើកផ្លូវដែលក្រុមហ៊ុនបានកាយផ្តាច់ឡើងវិញ ដើម្បីឲ្យពលរដ្ឋមានផ្លូវអាចធ្វើដំណើរចូលទៅធ្វើស្រែ និងនេសាទនៅក្នុងបឹងទាំង២ដូចដើមវិញ។
ឆ្លើយតបនឹងការលើកឡើងខាងលើលោក ហ៊ី ធួក អភិបាលស្រុកពារាំង បានថ្លែងថា ដីទាំងនោះមិនមែនជាដីបឹងទេ គឺជាដីពលរដ្ឋដែលពលរដ្ឋអាស្រ័យផល ហើយបើចង់ច្បាស់សួរទៅលោក មេឃុំកំពង់ពពិល និងមេឃុំកំពង់ប្រាំងទៅ។ រីឯលោក សាត ហ៊ាង មេឃុំកំពង់ប្រាំង បាននិយាយថា ដីបឹងទាំងនោះ គេលក់ទិញមានលិខិតស្នាមត្រឹមត្រូវ ដោយមានមន្ត្រីជំនាញធនធានទឹក និងសុរិយោដី ចុះពិនិត្យត្រឹមត្រូវ ហើយពេលនេះគេបានបង់ពន្ធផ្ទេរកម្មសិទ្ធស្របច្បាប់អស់ហើយ។
ចំណែកលោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានឲ្យដឹងថា ករណីនេះលោកនឹងស្នើសុំ ទៅប្រធានមន្ទីរកសិកម្ម ដើម្បីចុះទៅពិនិត្យមើល បើមានការទិញលក់ដីបឹងបាសយី និងបឹងថ្លុកត្រីក្រាញ់មែននោះ។ ដោយឡែកលោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រៃវែង បានឲ្យដឹងតាមទូរសព្ទ័ថា លោកមិនបានដឹងទេ រឿងទិញលក់ដីបឹងបាយសី និងបឹងថ្លុកត្រីក្រាញ់អីនោះ៕ ដោយ ៖ សុំ ពៅពិសិដ្ឋ
ចែករំលែកព័តមាននេះ