ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនជាតិចិន២២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការត្រួតពិនិត្យសណ្ឋាគារមួយកន្លែង យីហោ «មណ្ឌលគិរី» ដោយពួកគេមួយចំនួនគ្មានលិខិតឆ្លងដែននោះទេ។ ប្រតិបត្តិការការឆែកឆេរនេះបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែសីហា ២០២០ ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
បើតាមរបាយការណ៍ស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ផែនការងារអន្តោប្រវេសន៍បានសហការជាមួយផែនការងារសន្តិសុខ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ធ្វើការឆែកឆេរសណ្ឋាគារ «មណ្ឌលគិរី» ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលជនជាតិចិនបានជួលស្នាក់នៅ។
បន្ទាប់ពីធ្វើការឆែកឆេរនោះ កម្លាំងសមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន២២នាក់ ក្នុងនោះមានលិខិតឆ្លងដែនចំនួន៣នាក់ និងគ្មានលិខិតឆ្លងដែនចំនួន១៩នាក់។
បន្ថែមពីលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ៖ កុំព្យូទ័រចំនួន៣៤គ្រឿង Laptop ចំនួន០៦គ្រឿង, USB Flash Drive ចំនួន០៩គ្រឿង, ស៊ីមទូរស័ព្ទមិនទាន់ប្រើ (មិត្តហ្វូន១២០) (សែលខាត ០៨) (មិនមានឡូហ្កូ ៤៤), ក្តារចុចកុំព្យូទ័រចំនួន២៣គ្រឿង រ៉ូឡូភ្លើងចំនួន១៥គ្រឿង, ដុំ Wifi ចំនួន០៧គ្រឿង, ឆ្នាំងសាកទូរស័ព្ទមួយចំនួនធំ, ទូរស័ព្ទដៃចំនួន១៣៥គ្រឿង (ថ្មីមិនទាន់ប្រើ០៨គ្រឿង កំពុងប្រើ១២៧គ្រឿង) និងប្រាក់ចំនួន៤៤៥ដុល្លារអាមេរិក។
បច្ចុប្បន្ន ជនជាតិចិនទាំង២២នាក់ និងសម្ភារៈខាងលើត្រូវបានជំនាញយករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំអនុវត្តន៍តាមនីតិវិធី៕
ចែករំលែកព័តមាននេះ