រាជធានីភ្នំពេញ ៖ អ្នកនាង ដាញ់ ម៉ូនីកា ដែលចាកចេញពីសិល្បៈអស់ជាច្រើនឆ្នាំ បានបង្ហាញឱ្យគេឯងឃើញពីជីវិតប្តីប្រពន្ធនាងដែលខំប្រឹងតស៊ូជាមួយគ្នា ទំរាំរំលងផុតច្រើនឆ្នាំ។ មួយរយៈកាលនេះ តារាដែលមានស្នាមញញឹមទាក់ទាញ ម៉ូនីកា ដូចជាប្លែកនូវពេលបង្ហោះសារស្នេហា និងរូបភាពជាមួយស្វាមី ហើយបង្ហាញនូវភាពនឹកស្រុកដែលធ្លាប់រស់នៅ។
មានការលើកឡើងក្រោយពេល ដាញ់ ម៉ូនីកា បង្ហោះរូបហ្វេនៗមួយចំនួននឹកនាង ហើយខ្លះលាន់មាត់ថា តារាភាពយន្តម្នាក់នេះនៅតែស្អាត ទោះមានកូន២នាក់ហើយមែន។ សម្រស់ដែលចេញពីធម្មជាតិ មិនកែកុននៅតែស្អាតសមជាមួយមុខមាត់នារីខ្មែរ។ អ្នកគាំទ្រចង់ឃើញអ្នកនាង ដាញ់ ម៉ូនីកា វិលមកសម្តែងម្តងទៀត ដោយនឹងរកពេលវេលាសមស្របណាមួយចែកដល់ហ្វេនៗដែលចូលចិត្ត និងអោយតម្លៃទេពកោសល្យនាងតាំងពីវ័យជំទង់។
មិនដឹងថា ម៉ូនីកា ពិតជាអាចពិចារណាបានឬបែបណា ព្រោះកាលៈទេសៈពេលនេះមានមុខរបរមើលខុសត្រូវ និងមើលថែកូនចៅដែរនោះ។ អតីតតារាសម្តែងដ៏ល្បីល្បាញ នាង ដាញ់ ម៉ូនីកា បានចាកចេញទៅរស់នៅប្រទេសអូស្ត្រាលី ប្រមាណមួយរយៈកាលធំ ក្រោយរៀបការ។
ម៉ូនីកា បានទទួលចំណងដៃកូន២នាក់ ក្រោយភ្ជាប់ស្នេហ៍ជាមួយបុរសខ្មែរកាត់អូស្ត្រាលីវ័យជ្រេបន្តិចមក។ មិនប្រកាន់ អាយុមុខមាត់ ទ្រព្យសម្បត្តិ ដាញ់ ម៉ូនីកា បន្តថែទាំចំណងស្នេហ៍ចាក់គ្រឹះយ៉ាងរឹងមាំ។ ដាញ់ ម៉ូនីកា បានលះបង់ពេលវេលា និងអ្វីគ្រប់យ៉ាង ដើម្បីមើលថែទាំជីវិតមេគ្រួសារនៅពេលលាភាពនៅលីវ។ នាងសុខចិត្តតាមប្តី ដើម្បីបានសាងស្នេហាថ្មី ក្រោមពាក្យថាតស៊ូ។
ក្រោយពេលឆ្លងកាត់ឧបសគ្គជាច្រើនទៅដល់ស្រុកថ្មីដីថ្មី ដាញ់ ម៉ូនីកា បានលួចសរសើរពីភាពពុះពាររបស់ខ្លួនដែលខំសាងកម្រងជីវិតប្តីប្រពន្ធអោយបានរឹងមាំ បើទោះជាពេលខ្លះនាងជួបរកាំរកូសខ្លះបែបណា។
ដាញ់ ម៉ូនីកា បង្ហើបអារម្មណ៍ថា នៅថ្ងៃដំបូងដែលខ្ញុំទទួលយកក្តីស្រឡាញ់ពីអ្នក គឺជាថ្ងៃដែលខ្ញុំតាំងចិត្តថា លះបង់គ្រប់បែបយ៉ាង ដើម្បីទទួលយកទាំងសុខ ទាំងទុក្ខជាមួយអ្នក។ គ្មានចិត្តគិតថា អ្នកក្រ ឬអ្នកមាន ស្អាត ឬអាក្រក់នោះឡើយ។ ហើយក៏មិនដែលគិតខ្វល់ពីសំដីអ្នកដទៃនិយាយពីអ្នកនោះដែរ។ ចង់បានតែម្យ៉ាងទេ គឺភាពស្មោះត្រង់។
ដាញ់ ម៉ូនីកា ដ្បិតតែរស់នៅស្រុកគេ តែនាងក៏មានការងាររាល់ថ្ងៃជាអ្នកលក់ អនឡាញម្នាក់ដែលមានអតិថិជនគាំទ្រ និងជោគជ័យ ព្រោះផលិតផលល្អ។ ឆ្ងាយមាតុភូមិ ម៉ូនីកា រមែងនាំស្វាមី និងកូនមកលេងស្រុកកំណើត បានប៉ុន្មានលើកមកហើយបន្ទាប់ ពីនៅអូស្ត្រាលីច្រើនឆ្នាំ។
ចែករំលែកព័តមាននេះ