អតីត​វីរនារី​ដោះ​មីន​ ក្នុងឆាកជីវិត​ចុង​ក្រោយ​គាត់កំពុង​រង​ទុក្ខវេទនា


ខេត្តស្វាយរៀង ៖ បើ​និយាយ​ពី​វីរនារី​ដោះ​មីន ប្រហែលជា​គោរមងារ​នេះ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​សម្រាប់​សម័យ​បច្ចុប្បន្ន​នេះ ។ ប៉ុន្តែ​បើ​យើង​ក្រឡេក​មើល​ទៅ​ក្រោយ​រយៈពេល​២៩​ទៅ​៣០​ឆ្នាំ​មុន​ ព្រឹ​ត្ត​ការណ៍​ដែល​គេ​នៅ​ចាំ​នោះ គឺ​ការ​ផ្តល់​ងារ​កិត្តិយស​ជាវីរនារី​ដោះ​មីន​នេះ ​បាន​ជូន​ដល់​ស្ត្រី​មួយ​រូប​នៅ​ខេត្តស្វាយរៀង ។

វីរនារី​អង្គភាព​ដោះ​មីន​ខេត្តស្វាយរៀង គង់ សា​រឿ​ន ពេល​នេះ​មាន​អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្អា​ម ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ។ ក្នុង​ពេល​ជួប​អតីត​វីរនារី​ដោះ​មីន​នេះ​គឺ​ចំ​ពេល​ដែល​លោកស្រី​មានទុក្ខ ដោយសារ​មាន​ជំងឺ​ស្ពឹក​មួយ​ចំហៀង​ខ្លួន ទៅ​ណា​លែង​រួច​នៅ​តែ​លើ​គ្រែ ។ ចំណែក​ស្វាមី លោកតា ភោគ សំ​អុល អាយុ​៧០​ឆ្នាំ មាន​ជំងឺលើសឈាម ទឹកនោមផ្អែម​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប កំពុង​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ។

ជួប​ជាមួយ​កោះសន្តិភាព​លោកស្រី គង់ សា​រឿ​ន​ជា​វីរនារី​ដោះ​មីន បាន​លើកដៃ​សំពះ អំពាវនាវ​រក​សប្បុរសជន មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​គាត់​ផង គ្រឿង​ឧបភោគបរិភោគ​និង​ថវិកា ជួយ​សង្គ្រោះ​ជីវិត​ស្វាមី​និង​រូប​គាត់​ដោយ​អនុគ្រោះ​ផង​សម្រាប់​ជីវិត​ចុង​ក្រោយ​នេះ។

លោកស្រី គង់ សា​រឿ​ន បាន​រៀបរាប់​ពី​ប្រវត្តិ​របស់​គាត់​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​ឆ្នាំ​១៩៧៩ លោកស្រី​បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​ក្នុង​អង្គ​ភាព​ដោះ​មីន​ខេត្តស្វាយរៀង ហើយ​បាន​ដោះ​មីន​គ្រប់​ប្រភេទ ដោះ​ចម្រូង និង​ប្រមូល​យុទ្ធ​ភ​ណ្ឌ័​មិន​ទាន់​ផ្ទុះ​ក្នុង​សម័យ​សង្គ្រាម ជា​រៀងរាល់ថ្ងៃ គ្មាន​ថ្ងៃ​សម្រាក​ទេ គឺ​ដោះ​មីន​រយៈពេល​១៣​ឆ្នាំ រហូត​ដល់​ឆ្នាំ​១៩៩២ ទើប​រដ្ឋាភិបាល​រំសាយ​អង្គភាព​ដោះ​មីន​របស់​គាត់ ។ លោកស្រី​បន្ត​ថា នៅ​ក្នុង​រយៈពេល​១៣​ឆ្នាំ​ធ្វើការ​ដោះ​មីន​នោះ រដ្ឋាភិបាល​បាន​ផ្តល់​គ្រឿង​ឥស្សរិយយស​ចំនួន​៦​ដល់​លោកស្រី​គឺ​៖

១-​មេដាយ​យុទ្ធ​ជន​ប្តេជ្ញា​ឈ្នះ​១​គ្រឿង
២-​មេដាយ​ការពារ​មាតុភូមិ​មួយ​គ្រឿង
៣-​មេដាយ​យុទ្ធ​ជ័យ​ថ្នាក់​ទី​២​មួយ​គ្រឿង
៤-​មេដាយ​វីរជន​១​គ្រឿង
៥-​មេដាយ​ធិ​ប​ឌិន​១​គ្រឿង​និង​ចុង​ក្រោយ
៦-​ព្រះមហាក្សត្រ​បាន​ព្រះ​រាជទាន មេដាយ​១​គ្រឿង ។

លោកស្រី​បាន​រំលឹក​ថា នៅ​ឆ្នាំ​២០១៤ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សង់ផ្ទះ​ឲ្យ​១​ខ្នង តាម​រយៈ​លោក​ជំទាវ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ផ្ទះ​សង់​អំពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ ដែល​គាត់​និង​ក្រុម​គ្រួសារ​រស់នៅ រហូត​មក​ដល់​បច្ចុប្បន្ន បាន​ចាស់​ទ្រុឌទ្រោម ប្រេះ​បែក​ជើង​តាង​អស់ហើយ ។
លោក​ស្រី​ថា ពេល​មាន​ភ្លៀង ផ្គរ ខ្យល់​កន្ត្រាក់​បោកបក់​ម្តង​ៗ​គឺ​គាត់​មិន​ហ៊ាន​នៅ​លើ​ផ្ទះ​ទេ ចុះ​មក​នៅ​ខ្ទម​ខាងក្រៅ​ផ្ទះ ។

ទាក់ទិន​នឹង​ជីវិត​គ្រួសារ​លោកស្រី​បន្ត​ថា គាត់​មាន​ស្វាមី មានកូន​៣​នាក់​(​ស្រី​២​នាក់​) ពួក​គេ មិន​បាន​រៀនសូត្រ​ចេះ​ដឹង​ជ្រៅជ្រះ​ទេ​ដោយសារ​ជីវភាព​ក្រីក្រ មាន​តែ​ដី​លំនៅ​ឋាន​ទំហំ​៣០​ម៉ែត្រ​គុណ​នឹង​៤០​ម៉ែត្រ​ប៉ុណ្ណោះ គ្មាន​ដីស្រែ​ទេ ទើប​ជីវភាព​ក្រលំបាក​បែប​នេះ ។ បច្ចុប្បន្ន​កូន​ទាំង​៣​នាក់​បាន​រៀប​ការ​អស់ហើយ​កូន​ទី​១​មាន​ប្តី​ទៅ​រស់នៅ​ខេត្តកំពង់​ចាម ។ កូនស្រី​ទី​២ មាន​ប្តី​ហើយ​ទៅ​រស់នៅ​ខាង​ប្តី ក្នុងភូមិ​អូរ​ក្អា​ម​ដែរ ក៏​ប៉ុន្តែ​មាន​ជីវភាព​ក្រីក្រ ធ្វើការ​នៅ​រោងចក្រ ។ រីឯ​កូនប្រុស​មាន​ប្រពន្ធ​ហើយ​ដែរ រស់នៅ​ក្នុង​ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ក៏​ប៉ុន្តែ​មាន​ជីវភាព​ក្រីក្រ ប្រពន្ធ​ធ្វើការ​រោងចក្រ​ពេល​ថ្ងៃ ចំណែក​ប្តី​ធ្វើការ​រោងចក្រ​នៅ​ពេល​យប់​។ ពួក​គេ​ក្រីក្រ​សម្រាប់​តែ​រស់​ក្នុង​គ្រួសារ​ប៉ុណ្ណោះ មិន​អាច​ចែករំលែក​បាន​ទេ ។

លោកស្រី​រៀបរាប់​ថា សព្វថ្ងៃ​បាន​យក​ចៅប្រុស​ម្នាក់​មក​ចិញ្ចឹម​ឈ្មោះ ទឹម កក្កដា អាយុ​១១​ឆ្នាំ រៀន​ថ្នាក់​ទី​៤ ។ លោកស្រី​បន្ត​ទៀត​ថា កន្លង​មក​មានការ​លំបាក​ក្នុង​ជីវភាព​យ៉ាង​ខ្លាំង​ទើបតែ​ខែសីហា​នេះ គាត់​បាន​សុំ​ប័ណ្ណ​សមធម៌​នៅ​ខេត្តស្វាយរៀង ពេល​ស្វាមី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត អាជ្ញាធរ​ឲ្យ​ប័ណ្ណ​ក្រ​២ បើកប្រាក់​បាន​១៧៧.០០០​រៀល ។ រីឯ​​ស្វាមី​គាត់​មាន​ជំងឺ​ដេកពេទ្យ​រយៈពេល​២​ឆ្នាំ​មក​ហើយ បច្ចុប្បន្ន​គឺ​កំពុង​ដាក់​ខ្យល់​អុក​ស៊ីហ្សែន​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ហើយ​រូប​គាត់​នៅផ្ទះ​២​នាក់​និង​ចៅ ឱ្យ​កូនស្រី​ថែ​ឪពុក​នៅ​មន្ទីរពេទ្យ​និង​កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ។

បាន​ជួប​អតីត​វីរនារី​ដោះ​មីន​ដែល​កាលពី​ជាង​៣​ទស​វត្ស​មុន​ពិតជា​មាន​មោទនភាព​ណាស់​សម្រាប់​យុទ្ធ​នារី​ដោះ​មីន ដោះ​ចម្រូង​បាន​ផ្ទៃដី​រាប់​ពាន់​ហិ​កតា គឺជា​ការ​ផ្សង​នឹង​គ្រោះថ្នាក់ ព្រោះ​ក្រោយ​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​១៩៧៩ ក្រោយ​ពី​របប​ខ្មែរក្រហម ត្រូវ​បាន​ផ្តួលរំលំ​នោះ មិន​មាន​ឧបករណ៍​អ្វី​សម្រាប់​បម្រើ​ឱ្យ​ការ​ដោះ​មីន​ក្រៅ​តែ​ពី​កូនកាំបិត ឬ​ឈើ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ស្មារតី​មោះមុត​យុទ្ធ​នារី គង់ សា​រឿ​ន បាន​បង្ហាញ​វីរភាព​គួរ​ឱ្យ​គោរព​ធ្វើ​ជា​អ្នក​ដោះ​មីន​និង​ដោះ​ចម្រូង​រំដោះ​ដីស្រែ​ឱ្យ​កសិករ​ដែល​វិល​ត្រឡប់​ពី​ភាគ​ខាងលិច​ប្រទេស មក​កាន់​ស្រុក​កំណើត​បាន​ដី​បង្កបង្កើន​ផល​វិញ ។

ភាព​មោះមុត​របស់​យុទ្ធ​នារី គង់ សា​រឿ​ន ទីបំផុត​ត្រូវ​បាន​រដ្ឋាភិបាល​សម័យ​សា​ធា​រណ​រដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ផ្តល់​មេដាយ​ជា​វីរនារី​ដោះ​មីន ប្រកបដោយ​កិត្តិយស ។ ការ​ចុះ​ផ្សាយ​ពី​ឆាកជីវិត​ចុង​ក្រោយ​របស់​វីរនារី​បែប​នេះ ដោយសារ​ចង់​រំលឹក​ពី​ឆាកជីវិត​អតីត​វីរនារី​ម្នាក់​ដែល​ធ្លាប់​ល្បីឈ្មោះ​កាលពី​ជាង​៣​ទស​វត្ស​មុន តើ​វាសនា​គាត់​យ៉ាងណា​ទៅ​ហើយ ។ ការ​ជួប​បញ្ហា​បែប​នេះ​កោះសន្តិភាព​សង្ឃឹមថា ប្រមុខ​រាជរដ្ឋាភិបាល​នឹង​ជួយ​ឧបត្ថម្ភ​ដល់​លោកស្រី​ក្នុង​ជីវិត​ចុង​ក្រោយ​នេះ​ជា​មិន​ខាន ៕​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ