រាជធានីភ្នំពេញ ៖ ដើមឈើមួយដើមធំដែលដុះនៅក្នុងបរិវេណរបងនៃស្ថានទូតបារាំង បានបាក់រលំ សង្កត់ទៅលើរថយន្តចំនួន២គ្រឿងរងការខូចខាត ខណៈដែលមេឃកំពុងតែមានភ្លៀងធ្លាក់ និងខ្យល់ បោកបក់យ៉ាងខ្លាំងផងដែរនោះតែសំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។ ករណីរបាក់រលំដើមឈើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចលើផ្លូវលេខ៨០ (ចន្លោះស្ថានទូតបារាំងមន្ទីរពេទ្យកាល់មែត) សង្កាត់ស្រះចក ខណ្ឌដូនពេញ។
រថយន្តទាំង ២គ្រឿងដែលត្រូវដើមឈើបាក់រលំសង្កត់លើ បណ្តាលឲ្យរងការខូចខាត មានម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២AE-១២៧៦ និងមួយគ្រឿងទៀតម៉ាកឡិចស៊ីស GX-470 ពណ៌ស ពាក់ស្លាកលេខ ២AG-២១៣២។ តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលមេឃកំពុងតែមានភ្លៀងធ្លាក់ និងមានខ្យល់បក់បោកមកយ៉ាងខ្លាំងផងដែរនោះ ដោយរថយន្តម៉ាកហាយឡែនឌ័រ បើកបរក្នុងទិសដៅ ពីលិចទៅកើត ហើយរថយន្តម៉ាកឡិចស៊ីស GX-470 បើកបរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសគ្នា។
លុះមកដល់ចំណុចខាងលើក៏ស្រាប់តែមានដើមឈើធំមួយដើមដែលគេស្គាល់ថាជាដើម គីនីន ដែលដុះនៅក្នុងបរិវេណស្ថានទូតបារាំងនោះ បានបាក់ចេញមកក្រៅរបងសង្កត់លើរថយន្តទាំង ២គ្រឿងជាប់តែម្តង។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា ភ្លាមនោះកម្លាំងមានសម្ថកិច្ចក៏បាន ចុះទៅដល់កន្លែងកើតហេតុខាងលើ នាំគ្នាដាក់បារ៉ាស់បិទផ្លូវបញ្ចៀសចរាចរណ៍ និងយកម៉ាស៊ីន ត្រង់តឺន័រធ្វើការកាត់មែកឈើយកចេញ ដោយបណ្តាលឲ្យរថយន្តម៉ាកហាយឡែនឌ័របែកកញ្ចក់មុខ និងក្រពឹតដំបូល ហើយរថយន្តម៉ាក ឡិចស៊ីស GX-470 បាក់កញ្ចក់មើលចំហៀងម្ខាង និង ក្រពឹតអស់មួយចំនួនផងដែរ តែមិនបានបង្កឲ្យមនុស្សណាម្នាក់រងរបួសឡើយ។
ដោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋាន និងវត្តមានរបស់មន្ត្រីស្ថានទូតបារាំង ក៏បានចេញមុខមកធ្វើការ ដោះស្រាយជាសំណងជាមួយនឹងភាគីខាងម្ចាស់រថយន្តទាំង២គ្រឿង ដែលរងការខូចខាតដោយសារ តែដើមឈើបាក់រលំសង្កត់លើនេះផងដែរ៕ ដោយ ៖ ភី ផល
ចែករំលែកព័តមាននេះ