ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តកណ្តាល ជំរុញ​ដល់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​កសិករ​ដាំ​បន្លែ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក នូវ ប៉េង​ច័ន្ទ​តារា អភិបាលរង​ខេត្តកណ្ដាល​កាលពី​ម្សិលមិញ បាន​ចុះ​ពិនិត្យ​ការងារ​បង្កបង្កើន​ផល របស់​បងប្អូន​ប្រជា​កសិករ​ក្នុង​ឃុំ​ដីឥដ្ឋ និង​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ លោក នូវ ប៉េង​ច័ន្ទ​តារា អភិបាលរង​ខេត្តកណ្ដាល​កាលពី​ម្សិលមិញ បាន​ចុះ​ពិនិត្យ​ការងារ​បង្កបង្កើន​ផល របស់​បងប្អូន​ប្រជា​កសិករ​ក្នុង​ឃុំ​ដីឥដ្ឋ និង​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ​ខេត្តកណ្តាល ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត មន្ត្រី​រដ្ឋបាល​ស្រុក​កៀនស្វាយ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។ អាច​ចាត់​ទុក​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នូវ​ការ​បង្កបង្កើន​ផល​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ព្រោះថា កន្លង​មក​គេ​កម្រ​ឃើញ​ថ្នាក់ដឹកនាំ​ខេត្ត ឬ​ប្រធាន​មន្ទីរ​ខេត្ត​ចុះ​ពិនិត្យ និង​លើកទឹកចិត្ត​កសិករ​ដោយ​ផ្ទាល់​ដូច្នេះ​ណាស់ សូ​ម្បី​តែ​មេឃុំ មេស្រុក​ក៏​គ្មាន​ដែរ​សម្រាប់​ខេត្តកណ្តាល​។

លោក នូវ ប៉េង​ច័ន្ទ​តារា នា​ឱកាស​នោះ​លោក​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​កសិករ​ដាំ​បន្លែ និង​កសិករ​ដាំ​ដំណាំ​ស្រូវ​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង ពង្រីក និង​អភិវឌ្ឍន៍​ការងារ​ខ្លួន​បន្ថែម​ទៀត​ដើម្បី​បង្កើន​សេដ្ឋកិច្ច ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​កាត់​បន្ថយ ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដែល​កិច្ចការ​នេះ​មន្ត្រី​កសិកម្ម​គ្រប់​ថ្នាក់​មាន​តួនាទី​សំខាន់​ណាស់ ត្រូវ​តែ​ចុះ​ជាប់​ជាមួយ​ប្រជា​កសិករ ត្រូវ​ផ្ដល់​បច្ចេកទេស និង​ដំណោះស្រាយ​នានា​នៅ​ពេល ដែល​ពួក​គាត់​ជួប​បញ្ហា​។ លោក​អភិបាលរង​ខេត្ត បាន​ជម្រាប​ជូន​បងប្អូន​ប្រជា​កសិករ​ក្នុង​ឃុំ​ដីឥដ្ឋ និង​ឃុំ​បន្ទាយដែក​ថា ការ​ចុះ​មកនេះ​គឺ​ដើម្បី​ពិនិត្យ និង​ឈ្វេងយល់​ពី​ការ​ធ្វើស្រែ​ចម្ការ​របស់​បងប្អូន យក​ទៅ​ធ្វើ​ជា​មូលដ្ឋាន​គិតគូរ​ថា តើ​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ត្រូវ​ជួយ​អ្វីខ្លះ បន្ថែម​ទៀត ដល់​បងប្អូន ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកប​មុខរបរ​ស្រែ​ចម្ការ​នេះ​។

លោក ប៉េង ច័ន្ទ​តារា កន្លង​មក​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​បងប្អូន​ប្រជា​កសិករ និង​បាន​ខិតខំ ទាក់ទង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ជួយ​ផ្តល់​នូវ​ធនធាន​បច្ចេកទេស និង​ថវិកា​ដល់​ប្រជា​កសិករ​យើង​។ លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជា​កសិករ​ត្រូវ​ខិតខំ​តាមដាន​ព័ត៌មាន​នានា​ដែល​ទាក់ទង​នឹង​វិស័យ​កសិកម្ម ព្រោះ​ជា​ជំនួយ​បន្ថែម​ទៀត​ដែល​ធ្វើ​ឱ្យ​ការ​ប្រកប​របរ​ស្រែ​ចម្ការ​របស់​បងប្អូន​ទទួល​បាន​ជោគជ័យ​។ ដោយឡែក​អាជ្ញាធរ​ខេត្ត​នឹង​ខិតខំ​ផ្សព្វផ្សាយ និង​ជួយ​រក​ទីផ្សារ​បន្ថែម​ទៀត សម្រាប់​ផលិតផល កសិកម្ម របស់​បងប្អូន​។ សូម​ជម្រាប​ថា បន្ទាប់​ពី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ចម្ការ​បន្លែ និង​ទីតាំង​ចិញ្ចឹម​ត្រី រួច​មក​លោក​អភិបាលរង​ខេត្ត​ក៏​បាន​បង្ហាញ​នូវ​ការ​សាទរ​ចំពោះ​ជោគជ័យ​ដែល​បងប្អូន​ប្រជា​កសិករ ទទួល​បាន​នា​ពេល​នេះ​។

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​បន្ថែម​ថា កត្តា​ទាំង​អស់នេះ​ហើយ គឺ​ធ្វើ​ឱ្យ​ផលិតកម្ម​បន្លែ​មាន​និរន្តរភាព ធានា​សុវត្ថិភាព ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​ប្រាក់​ចំណូល​គ្រួសារ​។ ដោយឡែក អាជីវកម្ម​ធាតុ​ចូល​កសិកម្ម (​ជី ថ្នាំ សម្ភារ​ប្រើប្រាស់​) ក៏​បាន​រួមចំណែក​ក្នុង​ការ លើកកម្ពស់​ផលិតភាព​ផលិតកម្ម​បន្លែ ងាយស្រួល ចំណេញ​ពេល និង​ពលកម្ម​។​ល​។ អភិបាលរង​ខេត្ត​ក៏​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខិតខំ​ដាំ​ដំណាំ​រួម​ផ្សំ​ដែល​គ្មាន​ជាតិ​គីមី​នេះ​ពីព្រោះ​វា និង​ជួយ​បង្កើន​ចំណូល​របស់​បងប្អូន ហើយ​ក៏​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ផង​ដែរ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ