បរទេស៖ ខណៈជំងឺកូវីដ ១៩ មិនទាន់ធូរស្បើយនិងបន្តវាយលុយបណ្តាប្រទេសជាច្រើនលើពិភពលោកឲ្យរងគ្រោះបាត់បង់ទាំងជីវិតមនុស្ស និងខូចខាតសេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ មេហ្វេសប៊ុក បានតម្រូវឲ្យបុគ្គលិកក្រុមហ៊ុនហ្វេសប៊ុកធ្វើការពីផ្ទះរហូតដល់ ខែកក្ដដា ឆ្នាំ២០២១។ ជាងនេះទៅទៀត គឺរាល់បុគ្គលិកដែលធ្វើការពីផ្ទះនឹងទទួលបាន ១ពាន់ដុល្លាសម្រាប់សំភារៈការិយាល័យនៅផ្ទះថែមទៀតផង ។ នេះបើយោងតាមការចុះផ្សាយរបស់ The Verge ចុះថ្ងៃទី ០៧ សីហា ឆ្នាំ ២០២០ ។
ក្រុមហ៊ុនហ្វេសប៊ុកធ្លាប់បានប្រកាសថា ពួកគេនឹងឲ្យបុគ្គលិករបស់ខ្លួនធ្វើការពីចម្ងាយរហូតដល់ចុងឆ្នាំ ២០២០ ។
ក៏ប៉ុន្តែកាលពីថ្ងៃទី ៣០ ខែកក្កដា នេះ លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិរបស់បណ្តាញសង្គមយក្សមួយនេះបានលើកឡើងថា «បច្ចុប្បន្ននេះគ្មានសញ្ញានៃទីបញ្ចប់របស់វីរុសនេះទេ» ដូច្នេះពេលវេលាជាក់លាក់ដែលបុគ្គលិកពួកគេនៅសហរដ្ឋអាមេរិកថា នឹងអាចវិលត្រឡប់មកកាន់ការិយាល័យរបស់ពួកគេវិញពេលណានោះ ។ យ៉ាងណាមិញ ក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុនហ្វេសប៊ុកបានបញ្ជាក់ថា ក្រុមហ៊ុននឹងមិនទំនងអាចបើកទ្វារឡើងវិញនាចុងឆ្នាំ ២០២០ នេះទេ ។
ដើម្បីសម្រួលដល់ការងារបុគ្គលិកបំពេញការងារពីចម្ងាយ ក្រុមហ៊ុនផ្តល់លុយ ១ ពាន់ដុល្លារសម្រាប់ការទិញសម្ភារៈធ្វើការ ព្រោះថា ធ្វើការនៅការិយាល័យ មានបុគ្គលិកបច្ចេទេស និងឧបករណ៍ការពារ តែពេលធ្វើការនៅផ្ទះត្រូវពឹងលើឧបករណ៍ភ្ជាប់អ៊ីធើណែតតាមផ្ទះហើយ។ ដូច្នេះហានិភ័យអាចមានកើតមានតាមនឹងដែរ។
សូមបញ្ជាក់ថា ហ្វេសប៊ុក មាននិយោជិកជាង ៤៨.០០០ នាក់ដែលធ្វើការនៅការិយាល័យចំនួន ៧០ ទូទាំងពិភពលោក។
យ៉ាងណាមិញ ក្រៅពីហ្វេសប៊ុក ក៏មានក្រុមហ៊ុនយក្សបច្ចេកវិទ្យាផ្សេងទៀតក៏បានចាត់វិធានការស្រដៀងគ្នានេះដែរ ទាក់ទងនឹងការរៀបចំការងារសម្រាប់និយោជិករបស់ពួកគេ បន្តធ្វើពីចម្ងាយ ដើម្បីការងារការរីករាលដាលកូវីដ ១៩ នោះ ។
សារព័ត៌មាន CNBC បានរាយការណ៍ថាហ្គូហ្គោល (Google) បានប្រកាសកាលពីខែកក្កដាថាខ្លួននឹងអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនធ្វើការពីផ្ទះរហូតដល់ចុងខែមិថុនាឆ្នាំ ២០២១ ។
នៅក្នុងខែឧសភា Twitter ក៏បានប្រាប់បុគ្គលិករបស់ពួកគេផងដែរថាពួកគេអាចធ្វើការពីផ្ទះ «ជារៀងរហូត» ៕
ចែករំលែកព័តមាននេះ