រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្មីៗនេះបានចេញនូវបទបញ្ជារមួយគ្រប់អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ ត្រូវចាត់ឲ្យមានការស្រាវជ្រាវ និងរៀបចំបញ្ជីឈ្មោះមន្ត្រីរាជការដែលប្រកបវិជ្ជាជីវៈជា «មេធាវី» ខណៈកំពុងបំពេញមុខងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីឲ្យមន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ «ត្រូវជ្រើសរើសយកការបំពេញមុខងារជាអ្នករាជការសាធារណៈ ឬប្រកបវិជ្ជាជីវៈជាមេធាវី ដែលចំណាត់ការហាក់ទទួលបានការគាំទ្រពីមហាជនយ៉ាងខ្លាំង ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ០៥ សីហា ឆ្នាំ២០២០ និងចុះហត្ថលេខា ដោយ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «កន្លងមកក្រសួងបានពិនិត្យឃើញថា មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ ប្រកបវិជ្ជាជីវៈជាមេធាវី ខណៈពេលដែលខ្លួនកំពុងបំពេញមុខងារសាធារណៈ» ។ ក្រសួងបានបញ្ជាក់ថា «ស្ថានភាពមន្ត្រីរាជការបែបនេះផ្ទុយនឹងបទប្បញ្ញាតិច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី» ។
សម្តេចស ខេង បានបញ្ជាក់ក្នុងលិខិតនោះថា «ដើម្បីជៀសវាងការបំពេញមុខងារសាធារណៈផង និងប្រកបវិជ្ជាជីវៈជាមេធាវីផង ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំចំពោះមន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ ត្រូវជ្រើសរើសយកការបំពេញមុខងារអ្នករាជការសាធារណៈ ឬប្រកបវិជ្ជាជីវៈមេធាវី» ។
ក្នុងនោះក្រសួងតម្រូវឲ្យជ្រើសរើសនូវជម្រើសដូចខាងក្រោម៖
១- ការសុំស្ថិតក្នុងស្ថានភាពសុំមិនប្រកបវិជ្ជាជីវៈ ឬការសុំនៅក្រៅបញ្ជីនៃគណៈមេធាវី
២- ការសុំលាឈប់ពីអ្នករាជការ ឬការសុំស្ថិតនៅក្នុងភាពទំនេរគ្មានបៀរវត្ស ដែលត្រង់នេះមានន័យថា ក្នុងករណី មិនចង់លាឈប់ពីអ្នករាជការសាធារណៈ សាមីខ្លួនអាចដាក់ពាក្យស្នើសុំស្ថិតក្នុងភាពទំនេរគ្មានបៀរវត្ស ដើម្បីទៅបំពេញវិជ្ជាជីវៈជាមេធាវី ស្របតាមគោលការណ៍ បែបបទ នីតិវិធីនិងច្បាប់ជាធរមាន ។
ក្រសួងបានបញ្ជាក់ថា ពេលរៀបចំបញ្ជីឈ្មោះបានរួចរាល់ ប្រធានអង្គភាពសាមី និងអង្គភាពគ្រប់គ្រងបុគ្គលិក ត្រូវផ្សព្វផ្សាយខ្លឹមសារសេចក្តីណែនាំនេះដើម្បីពង្រឹងការអនុវត្តន៍ច្បាប់និងលិខិតបទដ្ឋានជាធរមាន ៕
ចែករំលែកព័តមាននេះ