ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទេសចរណ៍​ប្រឈម​ការ​បាត់បង់​អ្នកជំនាញ​បើ​កូ​វី​ដ​-១៩ បន្ត​អូស​បន្លា​ញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២០​នេះ ជំងឺ​កូ​វី​ដ​១៩ មិន​ទាន់​មាន​ស្ថាប័ន​ណាមួយ​ព្យាករណ៍​ថា អាច​នឹង​ស្ងប់ស្ងាត់ ឬ​អាច​គ្រប់គ្រង​បាន​អំពី​ការ​រីក​រាល​បាន​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២០​នេះ ជំងឺ​កូ​វី​ដ​១៩ មិន​ទាន់​មាន​ស្ថាប័ន​ណាមួយ​ព្យាករណ៍​ថា អាច​នឹង​ស្ងប់ស្ងាត់ ឬ​អាច​គ្រប់គ្រង​បាន​អំពី​ការ​រីក​រាល​បាន​នោះ​ទេ ។ សម្រាប់​ប្រទេស​កម្ពុជា បើ​ជំងឺ​កូ​វី​ដ​-១៩​នេះ បន្ត​អូស​បន្លាយ​យូរ​ថែម​ទៀត​អាច​នឹង​ធ្វើ​វិស័យ​ទេសចរណ៍​ក្នុង​ចំណោម វិស័យ​ផ្សេង​ទៀត ប្រឈម​មុខ​នឹង​ការ​បាត់បង់​អ្នកជំនាញ​ក្នុង​ផ្តល់​សេវា ខណៈ​សព្វ​ថ្ងៃនេះ​អ្នកជំនាញ​សង្កេត​ឃើញ​សញ្ញា​នៃ​ការ​ផ្តាស់​ប្តូរ​ការងារ​ចាប់ផ្តើម​ហើយ ។

លោកស្រី ឆាយ​ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ សីហា​នេះ​ថា ស្ថិត​កាលៈទេសៈ​បច្ចុប្បន្ន​តំបន់​វប្បធម៌​ដែល​ធ្លាប់តែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​ជាងគេ (​សៀមរាប​) ឃើញ​ថា មាន​ភាព​ស្ងប់ស្ងាត់ ហើយ​អ្នក​ផ្តល់​សេវា​តូច​ធំ​បាន​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​មាន​អ្នកខ្លះ​ព្យួរ និង​ខ្លះ​ទៀត​បាន​បិទទ្វារ​ផ្អាក​ធ្វើ​អាជីវកម្ម​ជាដើម​។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​គូ​មាន​ប្រសាសន៍​ថា ទោះបី​ពួក​គាត់​ត្រូវ​បិទទ្វារ​អាជីវកម្ម តែ​ពួក​គាត់​ត្រូវការ​ចំណាយ​ទៅ​លើ​អគ្គិសនី ដើម្បី​រក្សា​សម្ភារៈ​ទុក​ឱ្យ​ល្អ ។ គាត់​ត្រូវ​ជួយ​ដល់​បុគ្គលិក​ខ្លះ​ទៀត​នៅ​ប្រាក់​បៀរ​វត្ស​តិច ឬ​ច្រើន​មួយ​ចំណែក​ផ្សេង​ទៀត ដើម្បី​រក្សា​សុខភាព​សហគ្រាស​របស់​ពួក​គាត់ ។ លោកស្រី​បាន​បន្ត​ថា «​តាម​ការ​ប្រ​មើ​មើលទៅ​មិនល្អ​ប្រសើរ នៅ​ក្នុង​រយៈពេល​ខ្លី​នេះ​ទេ បើ​ស្ថាន​ការ (​កូ​វី​ដ​១៩) នៅ​បន្ត​អូស​បន្លាយ​អាច​ធ្វើ​ឱ្យ​មនុស្ស​បាត់បង់​ការងារ​ច្រើន ហើយ​ប្រឈម​មុខ​នឹង​ការ​ប្រឹង​រស់​ថា ត្រូវ​រស់​តាម​របៀប​ផ្សេង​គ្នា ។ អីចឹង​អាច​ប្រឈម និង​ការ​បាត់​អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ពួក​គាត់​អាច​ផ្លាស់​ប្តូរ​ការងារ អ្នក​ណា​អាច​ធ្វើ​អ្វី​បាន​គាត់​នឹង​ទៅ​ធ្វើ​» ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន សង្កត់ធ្ងន់​ថា «​យើង​អាច​ប្រឈម​មុខ​នឹង​ការ​បាត់បង់​អ្នកជំនាញ នៅ​ពេល​ណា​ស្ថានការណ៍​ប្រសើរ​ឡើង​វិញ​នៅ​ឆ្នាំ​ណាមួយ​នោះ​។ យើង​តាម​រក​អ្នកជំនាញ​ទាំងនោះ​មានការ​ពិបាក (​គ្រប់​ផ្នែក​)​។​គាត់​ជ្រុល​ធ្វើការ​ផ្លាស់​ប្តូរ​ការងារ​ទៅ​ហើយ គាត់​អាច​មិន​ត្រលប់​មក​វិញ​ទេ​។ អ្នកជំនាញ​តាម​ផ្នែក​នីមួយ​ៗ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​មានការ​បណ្តុះបណ្តាល​មាន​រយៈពេល​យូរ​ទម្រាំ​បាន​ធនធានមនុស្ស​ជាទី​គាប់ចិត្ត​»​។

បើ​តាម​ប្រធាន​សមាគម​រូប​នេះ អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​មានការ​ផ្លាស់​ប្តូរ​ការងារ​ខ្លះ​ៗ​ហើយ ទៅ​ធ្វើ​ការងារ​ខុស​ពី​ជំនាញ ខណៈ​ការ​ជួយ​របស់​ម្ចាស់​សហគ្រាស​មិន​អាច​ជួយ​ឱ្យ​គាត់រ​ស់បាន​ដូច​ពេល​មុន​ៗ​។ លោកស្រី​បាន​បន្ត​ថា « យើង​ឃើញ​ពួក​គាត់​មានការ​ផ្លាស់​ប្តូរ​ការងារ​ខ្លះ​ៗ​ហើយ​។ អ្នក​ណា​ស្វែងរក​ការងារ​នៅ​ទីណា​បាន គាត់​ចេះ​តែ​ស្ទុះស្ទារ​ដើម្បី​រស់ ព្រោះថា​អ្វី​ដែល​ក្រុមហ៊ុន​ជួយ​ជា​ថវិកា​ខ្លះ​ៗ មិន​អាច​ឱ្យ​គាត់​អាចរ​ស់បាន ហើយ​ម្ចាស់​សហគ្រាស​ខ្លះ​មិន​អាច​បន្ត​នូវ​ការ​ជួយ​ដល់​ពួក​គាត់​ក៏​មាន​ដែរ​។ ពួក​គាត់​ដែល​ស្ទុះស្ទារ​ទៅ​រក​អាជីព​ផ្សេង​នោះ សុទ្ធតែ​ខុស​ជំនាញ​ទាំងអស់​។ ដូចនេះ​យើង​មានការ​បារម្ភ​មែនទែន នៅ​ពេល​ស្ថានការណ៍​មាន​ភាព​ប្រសើរ​ឡើង​វិញ គាត់​អាច​អត់​ត្រលប់​មក​វិញ​»​។

លោកស្រី​បាន​បញ្ជាក់​ថា «​ចាប់ពី​ថ្ងៃនេះ​តទៅ​មុខ យើង​ប្រឈម​ការ​បាត់បង់​អ្នកជំនាញ​បន្តិច​ម្តង​ៗ ព្រោះថា​ម្ចាស់​សហគ្រាស​ទាំងអស់​គាត់​ទៅ​មិន​រួច​(​ចំណាយ​)​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នៅ​ក្នុង​ការ​ជួយ​ចេញ​ការ​ចំណាយ​ដល់​អ្នកជំនាញ​ទោះបី​តិច​ក្តី​ច្រើន​ក្តី ព្រោះ​សហគ្រាស​គ្មាន​ប្រាក់​ចំណូល​។

បើ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ -១៩ នៅ​តែ​បន្ត​អូស​បន្លាយ​បែប​នេះ ពិត​ណាស់​យើង​នឹង​បាត់បង់​ធនធានមនុស្ស​ដែល​មាន​ជំនាញ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​។​អីចឹង​ទល់​តែ​យើង​មាន​យន្តការ​អ្វីមួយ​ជួយ​ពួក​គាត់ ធ្វើ​យ៉ាងម៉េច​អាច​រក្សា​ពួក​គាត់​ឱ្យ​នៅ​ក្នុង​ដំណាក់កាល​នេះ កុំឱ្យ​គាត់​ប្តូរ​ការងារ​។ បើ​មិន​ចឹ​ង​ទេ យើង​ប្រឈម​មុខ​បាត់បង់​អ្នកជំនាញ​ហើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ